សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ បានផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩-២៥៧០ គ.ស ២០២៦។
ឆ្លៀតក្នុងវរោកាសដ៏អធិកអធមនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅ បំផុតចំពោះគុណូបការៈដ៏ឧត្តុង្គឧត្តម និងសូមកោតសរសើរប្រកបដោយមោទកភាពជាទីបំផុតចំពោះគំរូវីរភាព ដ៏ឆ្នើមរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលបានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ យកអស់កម្លាំង កាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធ ក្នុងការដឹកនាំបេសកកម្មមនុស្សធម៌របស់ចលនាកាកបាទក្រហមកម្ពុជា ឱ្យសម្រេចបាននូវសមិទ្ធផលសង្គមជាច្រើន ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ សំដៅលើកកម្ពស់ កិត្យានុភាពជាតិ សុខុមាលភាពសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាប្រកបដោយសុខដុមរមនា។
ជាពិសេស រយៈពេលកន្លងមកនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបំពេញតួនាទីដ៏ឧត្តុង្គឧត្តម ជាភរិយាល្អ មាតាល្អ ជីដូនប្រកបដោយព្រហ្មវិហារធម៌ ជាឥស្សរជនកម្ពុជាដ៏ឆ្នើមមួយរូប ព្រមទាំងបានរួមដំណើរជាមួយ សម្តេច តេជោ ហ៊ុន សែន គ្រប់កាលៈទេសៈក្នុងការដឹកនាំប្រទេសជាតិឱ្យមានសុខសន្តិភាពពេញបរិបូរណ៍ បូរណភាពទឹកដីដ៏រឹងមាំយូរអង្វែង ការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនឥតឈប់ឈរជាបន្តបន្ទាប់លើគ្រប់វិស័យ និងមានកិត្យានុភាពល្បីល្បាញរន្ទឺសុសសាយនៅលើឆាកអន្តរជាតិ។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិ ក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំមមី ព្រះនាម «ពាក្យសាទេវី» សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខបវរមហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចអគ្គមហាសេនាបតីតេជោ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបាន ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


