សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ បានផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩-២៥៧០ គ.ស ២០២៦។
តាមរយៈសារលិខិតរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានសរសេរថា៖ «ក្នុងអភិលក្ខិតសម័យដ៏មហាមង្គលាភិរម្យឧត្តុង្គឧត្តមនៃ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩-២៥៧០ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ តាងនាមរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ព្រមជាមួយ អំណរសាទរ និងសូមប្រសិទ្ធពរជ័យ សិរីមង្គលមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី សូមបានប្រកប ដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺនយូរ ដើម្បីបន្តមគ្គទេសកភាព នៃស្ថាប័នរាជរដ្ឋាភិបាលឱ្យសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់ជាប្រវត្តិសាស្ត្របន្ថែមទៀត»។
ឆ្លៀតក្នុងវរោកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវការកោតសរសើរប្រកបដោយមោទកភាពជាទីបំផុតចំពោះគុណសម្បត្តិ និងសមត្ថភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ដែល បានខិតខំប្រឹងប្រែងធ្វើពលិកម្មទាំងកម្លាំងកាយចិត្ត និងបញ្ញាញាណ ជាមួយនឹងភាពជាអ្នកដឹកនាំវ័យក្មេង ប្រកបដោយគតិបណ្ឌិត មនសិការស្នេហាជាតិ គំនិតច្នៃប្រឌិតខ្ពស់ ប្រាជ្ញាវាងវៃ ទេពកោសល្យដ៏ប៉ិនប្រសប់ ក្នុងការបំពេញបេសកកម្មជាប្រវត្តិសាស្ត្រដ៏ឧត្តុង្គឧត្តមបន្តដឹកនាំនាវាកម្ពុជា ឱ្យសម្រេចបានជោគជ័យគួរជាទី មោទនៈ តាមរយៈ«យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» នីតិកាលទី៧នៃរដ្ឋសភា ព្រមទាំងកម្មវិធី គោលនយោបាយអាទិភាព និងវិធានការគន្លឹះនានា ជាពិសេសគឺ«យុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀម» និងយន្តការ ការទូតដ៏លេចធ្លោលើឆាកអន្តរជាតិ ដើម្បីនាំមកនូវការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដី ការតម្កល់នូវឧត្តមប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជាគ្រប់កាលៈទេសៈ ការពង្រឹងនីតិរដ្ឋ ការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សុខសន្តិភាព ស្ថិរភាព វិបុលភាពនិងភាពសុខដុមរមនា ស្របតាមឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជន ក៏ដូចជាការលើកស្ទួយកិត្យានុភាពជាតិឱ្យល្បីរន្ទឺទាំងនៅក្នុងតំបន់ និង លើឆាកអន្តរជាតិ។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិ ក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំមមី ព្រះនាម«រាក្យសាទេវី» សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


