ឯកឧត្តម ឃួង ស្រេង៖ ទោះបីតម្លៃប្រេងឥន្ទនៈឡើងថ្លៃខ្ពស់ក៏ដោយ សម្តេចបបវរធិបតី ហ៊ុន ម៉ាណែត ប្តេជ្ញាចិត្តបម្រើពលរដ្ឋឱ្យខាងតែបាននោះ គឺការដឹកជញ្ជូនលរដ្ឋតាមរថយន្តក្រុងទៅលេងស្រុកកំណើតដោយមិនគិតថ្លៃ


ឯកឧត្តម ឃួង ស្រេង អភភិបាលរាជធានីភ្នំពេញ បានថ្លែងថា កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បើទោះបីតម្លៃប្រេងឥន្ទនៈ មានការឡើងថ្លៃខ្ពស់យ៉ាងណាក៏ដោយ សម្តេចធិបតី ដាច់ខាតត្រូវតែបម្រើប្រជាពលរដ្ឋឱ្យខាងតែបាន នោះគឺការដឹកជញ្ជូនពួកគាត់តាមរថយន្តក្រុងទៅលេងស្រុកកំណើត ដោយមិនគិតថ្លៃ។

ការថ្លែងបែបនេះរបស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានធ្វើឡើងនៅក្នុងឱកាសឯកឧត្តម និងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអ្នកឧកញ៉ាលាង ឃុន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានអញ្ជើញជូនដំណើរបងប្អូនប្រជាពលរដ្ឋ កម្មករកម្មការិនីឡើងជិះរថយន្តក្រុងទៅលេងស្រុកកំណើត ដោយមិនគិតថ្លៃ នាព្រឹកព្រលឹមថ្ងៃទី១២ មេសា ឆ្នាំ២០២៦នេះ នៅទីលានប្រជាធិបតេយ្យ មុខឃ្លាំងសាំង ក្នុងខណ្ឌឬស្សីកែវ។

បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦នេះ បងប្អូនប្រជាពលរដ្ឋ កម្មករកម្មការិនីបានជិះរថយន្តក្រុង ដោយមិនគិតថ្លៃ មានចំនួនច្រើនខ្លាំងជាងបណ្តាឆ្នាំមុនៗ ព្រោះពួកគាត់មានជំនឿជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងម្យ៉ាងទៀតដោយសារតម្លៃប្រេងឥន្ទនៈឡើងថ្លៃខ្ពស់ផងដែរ។

ឯកឧត្តម ឃួង ស្រេង បានថ្លែងថា៖ «ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បើទោះបីតម្លៃប្រេងឥន្ទនៈ មានការឡើងថ្លៃខ្ពស់យ៉ាងណាក៏ដោយ សម្តេចធិបតី ដាច់ខាតត្រូវតែបម្រើប្រជាពលរដ្ឋឱ្យខាងតែបាន នោះគឺការដឹកជញ្ជូនពួកគាត់តាមរថយន្តក្រុងទៅលេងស្រុកកំណើត ដោយមិនគិតថ្លៃ។ ចំណែក រដ្ឋបាលរាជធានីភ្នំពេញ ក្រោយពីមានការណែនាំពីសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត យើងបានប្រើប្រាស់រថយន្តក្រុងចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋ កម្មករកម្មការិនីទៅលេងស្រុកកំណើតដោយមិនបង់ប្រាក់រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ពោលគឺដឹកជញ្ជូនពួកគាត់ទាំងទៅនិងមក»

ពាក់ព័ន្ធនឹងព្រឹត្តិការព៍ «នគរសង្ក្រាន្ត» ចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ នៅរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាក់ថា៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តនេះឡើង ហើយគិតមកដល់ពេលនេះទីតាំងទាំង៦ យើងបានរៀបចំរួចរាល់ហើយ ទាំងការតុបតែងកែលំអរសោភ័ណភាព និងអនាម័យបរិស្ថាន។ ចំណែកការងារការពារសន្តិសុខ សុវត្ថិភាព ជួនប្រជាពលរដ្ឋបានសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦នេះ យើងក៏បានត្រៀមកម្លាំងរួចរាល់អស់ហើយដែរ។

គួរបញ្ជាក់ថា អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារ ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១១ នាថ្ងៃទី០៦ ខែមីនា មីនា ឆ្នាំ២០២៦ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដោយមិនបង់ប្រាក់រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីជួយសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋទាំងអស់ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០៕