ក្រសួងសង្គមកិច្ច រៀបចំពិធីសូត្រមន្តប្រោះព្រំ ប្រសិទ្ធពរជ័យ សិរីមង្គល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ


ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកក្រសួងសង្គមកិច្ចទាំងអស់ នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ បាននិមន្តព្រះសង្ឃសូត្រមន្ត បង្សុកូល ជូនដល់វិញ្ញាណក្ខន្ធបុព្វបុរស ព្រមទាំងចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គល អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅវិទ្យាស្ថានជាតិសង្គមកិច្ច។

ក្រសួងសង្គមកិច្ច បានរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជារៀងរាល់ឆ្នាំ ដោយមានការរាប់បាត្រ បូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃយ៍ដល់ព្រះសង្ឃ ដើម្បីចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ជ័យមង្គល និងត្រៀមទទួលស្វាគមន៍ដំណើរចុះមកថែរក្សាមនុស្សលោករបស់ទេវតាឆ្នាំថ្មី ឆ្នាំមមី សូមតាមជួយបីបាច់ថែរក្សា ប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកក្រសួងសង្គមកិច្ចទាំងអស់ និងជនរួមជាតិទាំងអស់ សូមទទួលបានសុខភាពបរិបូរណ៍ កម្លាំងមាំមួន បញ្ញាភ្លឺថ្លា អាយុយឺនយូរ និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ជូនជាតិមាតុភូមិ។

ក្នុងពិធីខាងលើនេះក៏មានការសម្តែងសិល្បៈរបាំជូនពរ ឆៃយ៉ាំ និងរបាំត្រុដិ ដើម្បីជម្រុះនូវចង្រៃឧបទ្រព ក្នុងឆ្នាំចាស់ និងទទួលនូវពរជ័យសិរីមង្គល ក្នុងឆ្នាំថ្មី និងការសម្តែងពីវីរៈភាពកងទ័ពជួរមុខ និងជនភៀសសឹក ដោយសហភាពសហព័ន្ធយុវជនកម្ពុជា របស់វិទ្យាស្ថានជាតិសង្គមកិច្ចផងដែរ។

ជាមួយគ្នានោះដែរ ឯកឧត្តម ជា សុមេធី បានសម្តែងនូវសេចក្តីរីករាយ និងអំណរគុណ ជាតិចំពោះសាមគ្គីភាពជាធ្លុងមួយរវាងថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់ នៃក្រសួងសង្គមកិច្ច ក្នុងការបំពេញភារកិច្ចជាបន្តបន្ទាប់ ហើយដែលស្តែងចេញតាមរយៈតំណាងនៃការអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត បង្សុកូល ឧទ្ទិសកុសលក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាវេលាដ៏ត្រចះត្រចង់នេះ។

នាល្ងាចថ្ងៃដដែលនោះដែរ ក្រសួងសង្គមកិច្ច ក៏បានរៀបចំការលេងល្បែងប្រជាប្រិយខ្មែរ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ តាំងពីបុរាណកាលមក ដើម្បីបង្កើនបរិយាកាសសប្បាយរីករាយ និងកម្សាន្តសប្បាយ ហើយក៏ដើម្បីឱ្យកូនខ្មែរគ្រប់រូបយល់ច្បាស់ ពីរបៀបនៃការល្បែងប្រជាប្រិយខ្មែរ និងកូនខ្មែរយើងជំនាន់ក្រោយ បានលេងកម្សាន្តបន្តទៅមុខទៀត៕