សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី


សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ បាន ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩-២៥៧០ គ.ស ២០២៦។

តាមរយៈសារលិខិតរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបញ្ជាក់ថា «តាងនាម រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមនាងខ្ញុំផ្ទាល់ នាងខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាអបអរសាទរ និងសូមប្រសិទ្ធពរជ័យ សិរីមង្គលមហាប្រសើរជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត សូមបានប្រកបដោយ សុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺនយូរតរៀងទៅ»។

ឆ្លៀតក្នុងវរោកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវគារវកិច្ច និងកោតសរសើរ ដ៏ស្មោះអស់ពីដួងចិត្ត ចំពោះគុណបំណាច់ដ៏ធំធេងប្រកបដោយមនសិការស្នេហាជាតិយ៉ាងជ្រាលជ្រៅរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ដែលតែងតែយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធប្រកបដោយ គតិបណ្ឌិតឈ្លាសវៃក្នុងការចូលរួមចំណែកយ៉ាងសំខាន់ជាមួយការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល កម្ពុជា ដើម្បីប្រទេសជាតិ ឱ្យទទួលបាននូវបូរណភាពទឹកដី អធិបតេយ្យជាតិ ឯកភាពជាតិ សុខសន្តិភាព ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យប្រកបដោយចីរភាព និងការពារជាដាច់ខាតនូវរាជបល្ល័ង្ក និងរបបរាជា និយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា ក្នុងបុព្វហេតុ «ជាតិ សាសនា ព្រះមហាក្សត្រ»។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិ ក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេស ទេវតាឆ្នាំថ្មី ឆ្នាំមមី ព្រះនាម «រាក្យសាទេវី» សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខបវរមហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕