សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី


សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ បានផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩-២៥៧០ គ.ស ២០២៦។

នៅក្នុងសារលិខិតរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបញ្ជាក់ថា៖ «ក្នុងអភិលក្ខិតសម័យដ៏បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរនៃ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩-២៥៧០ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ តាងនាម រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមនាងខ្ញុំផ្ទាល់ នាងខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ព្រមជាមួយអំណរសាទរ និងសូមប្រសិទ្ធពរជ័យ សិរីមង្គលមហាប្រសើរជូនចំពោះ សម្តេចអគ្គមហាពញាចក្រី សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺនយូរតរៀងទៅ»។

ឆ្លៀតក្នុងវរោកាសដ៏អធិកអធមនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវគារវកិច្ច និងកោតសរសើរ ប្រកបដោយមោទកភាពជាទីបំផុតជូនចំពោះគំរូវីរភាព និងមនសិការស្នេហាជាតិដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គ មហាពញាចក្រី ដែលតែងតែយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធដ៏ប៉ិនប្រសប់ រួមចំណែក ដឹកនាំសង្គមជាតិឱ្យសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់ជាច្រើនឥតគណនាជារៀងរហូតមក។ ជាងនេះ ទៅទៀត សម្តេចអគ្គមហាពញាចក្រី បានចូលរួមយ៉ាងសកម្មប្រកបដោយភាពក្លៀវក្លាក្នុងការបំពេញបេសកកម្ម ជាប្រវត្តិសាស្ត្រ អភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែមានភាពរីកចម្រើនថ្កុំថ្កើងរុងរឿងខ្លាំងក្លាឈានមុខឡើងតាមរយៈ ការលើកកម្ពស់នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការធ្វើកំណែទម្រង់រដ្ឋស៊ីជម្រៅ លើគ្រប់វិស័យ ការពារដាច់ខាតនូវរាជបល្ល័ង្ក និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា ដើម្បីជាឧត្តម ប្រយោជន៍ជូនជាតិទាំងផ្នែកអាណាចក្រនិងពុទ្ធចក្រ ស្របតាមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ»។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិ ក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេស ទេវតាឆ្នាំថ្មី ឆ្នាំមមី ព្រះនាម «រាក្យសាទេវី» សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕