សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ បានផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩-២៥៧០ គ.ស ២០២៦។
តាមរយៈសារលិខិតរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានសរសេរថា៖ ក្នុងអភិលក្ខិតសម័យដ៏បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរនៃ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩-២៥៧០ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ តាងនាម រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមនាងខ្ញុំផ្ទាល់ នាងខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ព្រមជាមួយអំណរសាទរ និងសូមប្រសិទ្ធពរជ័យ សិរីមង្គលមហាប្រសើរជូនចំពោះ សម្តេចវិបុលសេនាភក្តី សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺនយូរតរៀងទៅ។
ឆ្លៀតក្នុងវរោកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូ ខ្ញុំទាំងអស់គ្នាសូមសម្តែងនូវគារវកិច្ច និងកោតសរសើរ ប្រកបដោយមោទកភាពក្រៃលែងចំពោះគុណូបការៈ និងគុណបំណាច់ដ៏ធំធេងរបស់ សម្តេចវិបុលសេនាភក្តី ដែលបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយមិនខ្លាចនឿយហត់ ក្នុងការរួមចំណែកលើកស្ទួយនីតិរដ្ឋ លិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការ រីកចម្រើនជឿនលឿនលើគ្រប់វិស័យ តាមរយៈការការពារនិរន្តរភាពរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ប្រកប ដោយស្វាមីភក្តិចំពោះរាជបល្ល័ង្ក ព្រមទាំងការលើកកម្ពស់កិត្យានុភាពជាតិឱ្យល្បីរន្ទឺទាំងកម្រិតថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ ដើម្បីតម្កល់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋគ្រប់ស្រទាប់។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិ ក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេស ទេវតាឆ្នាំថ្មី ឆ្នាំមមី ព្រះនាម «រាក្យសាទេវី» សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខបវរមហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចវិបុលសេនាភក្តី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំង បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


