ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានណែនាំដល់មន្រ្តីសុខាភិបាល បង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ជាពិសេសក្នុងកំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ ដោយត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាក្នុងការបម្រើសេវាថែទាំ ពិនិត្យព្យាបាល ជូនប្រជាពលរដ្ឋដោយមិនឱ្យប្រជាពលរដ្ឋណាម្នាក់ មិនបានទទួលការបម្រើសេវានោះឡើយ។
ការថ្លែងយ៉ាងដូច្នេះរបស់ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី សំណេះសំណាល សួរសុខទុក្ខដល់ក្រុមគ្រូពេទ្យដែលកំពុងប្រចាំការ ក្នុងឱកាសចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ។
បន្ថែមពីនេះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានឆ្លៀតសួរសុខទុក្ខប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីសុខភាព និងការបម្រើសេវារបស់មន្រ្តីសុខាភិបាលនៅក្នុងមូលដ្ឋានផ្ទាល់ ដែលទទួលបានមតិប្រឡប់ មានការទុកចិត្ត និងពេញចិត្តនូវគុណភាព ចំពោះការបម្រើសេវារបស់ក្រុមគ្រូពេទ្យ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ។
ជាមួយគ្នានេះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងជូនពរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុននេះ ជូនដល់មន្ដ្រីក្រោមឱវាទ និងប្រជាជនកម្ពុជាគ្រប់រូប សូមមានសុខភាពល្អ សុភមង្គល និងសម្រេចបានជោគជ័យគ្រប់ភារកិច្ចការងារ ដើម្បីរួមគ្នាបន្តដំណើរឆ្នោះទៅរកគោលដៅរួមមួយ គឺសុខភាពប្រជាពលរដ្ឋ៕



















