អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២៦នេះ បានចាត់លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការីជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនកុមារកំព្រា ១៤០នាក់ និងគ្រូ-អ្នកថែទាំ ២៧នាក់ នៃមណ្ឌលមែកឈើ ដែលស្ថិតក្នុងភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាពេលដ៏ខ្លីខាងមុខ។
នៅក្នុងឱកាសនោះលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជាបានសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងក្ដីមេត្ដា ព្រមបានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តាំផ្ញើសួរសុខទុក្ខដល់កូន ក្មួយ និងចៅៗទាំងអស់ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់នៃមណ្ឌលមែកឈើ ដែលបានទំនុកបម្រុងជួយមើលថែទាំ ផ្តល់ការស្នាក់នៅការសិក្សាអប់រំ ការហូបចុក ថែមទាំងគិតគូរដល់អនាគតរបស់កុមារ-យុវជន ដែលជាទំពាំងស្នងឬស្សី ហើយដែលនេះគឺជាការចូលរួមចំណែកជួយដល់សង្គមជាតិ និងរាជរដ្ឋាភិបាលកម្ពុជា។
លោកជំទាវបានបន្តថា «ទោះបីជាសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មិនបានអញ្ជើញមកផ្ទាល់ក៏ដោយ ប៉ុន្តែលោកតែងមានក្តីនឹករលឹក និងគិតគូរជាប់ជានិច្ចដល់ការរស់នៅប្រចាំថ្ងៃរបស់កូន ក្មួយ និងចៅៗទាំងអស់ដែលកំពុងស្នាក់នៅមណ្ឌលមែកឈើនេះ និងបានចាត់ក្រុមការងារកាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ ព្រមទាំងអាហារមួយពេលដ៏ឈ្ងុយឆ្ងាញ់ (មាន់បំពង) ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងដើម្បីបង្ហាញនូវក្តីស្រឡាញ់ ក្តីអាណិតអាសូរ ការយកចិត្តទុក្ខដាក់ ជូនកូនក្មួយ និងចៅៗទាំងអស់ផងដែរ»។
ទន្ទឹមនឹងនេះអគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានផ្ដាំផ្ញើឱ្យកុមារៗទាំងអស់ដែលរស់នៅក្រោមដំបូលមណ្ឌលមែកឈើតែមួយនេះ ត្រូវចេះស្រឡាញ់គ្នាដូចជាបងជាប្អូន ជៀសវាងឈ្លោះប្រកែកគ្នា ជាពិសេសត្រូវប្រាសចាកនូវអំពើហិង្សា ការប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង និងត្រូវខិតខំរៀនសូត្រមានចំណេះដឹង និងចរិយាសម្បត្តិល្អ ដើម្បីអនាគតខ្លួនឯង និងដើម្បីក្លាយជាធនធានមនុស្សដ៏ល្អសម្រាប់ប្រទេសជាតិ។
លោកជំទាវ ម៉ែន នារីសោភ័គ បានបន្ថែមទៀតថា «នៅពេលដែលយើងកំពុងតែមានភាពសុខសាន្ត សប្បាយរីករាយអបអរសាទរចូលឆ្នាំខ្មែរ ជាមួយនឹងរបាំ ឬក៏សង្ក្រាន្តគ្រប់ទីកន្លែងនេះ ក៏យើងត្រូវតែនឹកឃើញដល់កងទ័ពរបស់យើង វីរយុទ្ធជនដែលនៅតាមព្រំដែន ដែលនៅខិតខំការពារទឹកដីរបស់យើង និងសូមឧទ្ទិសកុសលដែលយើងធ្វើទាំងប៉ុន្មាននេះ ទៅដល់វិញ្ញាណក្ខន្ធបុព្វការីជនយើង ក៏ដូចជាវីរកងទ័ពរបស់យើងដែលបានពលីជីវិត ដើម្បីការពារទឹកដីរបស់យើង»។
ចំពោះក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ សូមបួងសួងដល់ទេវតា វត្ថុស័ក្តិសិទ្ធិ ការពារទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើងនេះ ប្រោសព្រំផ្តល់នូវពរជ័យ សិរីសួស្តី ជ័យមង្គល គ្រប់ប្រការដល់កងទ័ពរបស់យើង និងក្មួយៗ ចៅៗទាំងអស់ ឱ្យមានសុខភាពល្អ សុខសុវត្តិភាពនៅគ្រប់ទីកន្លែងទាំងអស់។
ជំនួសមុខឱ្យមណ្ឌមែកឈើ អ្នកស្រី ណាវី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងផ្ដល់អំណោយដល់កុមារកំព្រានៅមណ្ឌលមែកឈើ ទោះបីជាពួកគាត់មានភារកិច្ចមមាញឹកយ៉ាងណាក៏ដោយ និងសូមប្រសិទ្ធពរជ័យសិរីសួស្តីក្នុងឱកាសឆ្នាំថ្មី ជូនដល់ថ្នាក់ដឹកនាំកាកបាទក្រហម វីរកងទ័ព និងបងប្អូនជនរួមជាតិខ្មែរទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើនតរៀងទៅ។
សូមជម្រាបថា អំណោយមនុស្សធម៌ដែលជូនកុមារកំព្រា នៃមណ្ឌលមកឈើនាពេលនេះ រួមមាន៖ ថវិកា ១០លានរៀល, អង្ករ ២តោន, មី ២០កេស, ត្រីខ ៣កេស ត្រី (ស្មើនឹង ៣០០កំប៉ុង), អង្ករសុខភាព ១០កេស, ទឹកស៊ីអ៊ីវ ១០យួរ, ទឹកត្រី ១០យួរ, ឆៃពៅ ២០កំប៉ុង (ស្មើនឹង២០គីឡូក្រាម), ប្រេងឆា ២កេស, ទឹកក្រូច ១០កេស, ទឹកបរិសុទ្ធឱរ៉ាល់ ១០កេស, សាប៊ូកក់សក់ ៤កេស, សាប៊ូដុសខ្លួន ៤កេស, និងម្សៅសាប៊ូ ៥កេស សម្រាប់បោកសម្លៀកបំពាក់៕





























