ឯកឧត្តមបណ្ឌិត​ ប៉ាន់ខែម​ ប៊ុនថន​ នាំយកអំណោយ និងចុះសួរសុខទុក្ខពលរដ្ឋ២៧គ្រួសារ ដែលជួបគ្រោះមហន្តរាយ ដោយសារខ្យល់កន្ត្រាក់ និងភ្លើងឆេះផ្ទះ នៅសង្កាត់និមិត្ត​ ក្រុងប៉ោយប៉ែត


ឯកឧត្តមបណ្ឌិត​ ប៉ាន់ខែម​ ប៊ុនថន​ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត នាព្រឹកថ្ងៃពុធទី២២ ខែមេសា ឆ្នាំ២០២៦ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ​ និងថវិកាមួយចំនួន ចុះសួរសុខទុក្ខ និងជូនដល់គ្រួសារប្រជាពលរដ្ឋ ជួបគ្រោះមហន្តរាយ ដោយសារខ្យល់កន្ត្រាក់ចំនួន២៦គ្រួសារ​ និងគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ១គ្រួសារ​ នៅភូមិអន្លង់ស្វាយ​ សង្កាត់និមិត្ត​ ក្រុងប៉ោយប៉ែត។

ក្នុងនោះ ក៏មានការចូលរួមជាមួយលោក​ គាត​ ហ៊ុល​ ប្រធានគណៈកម្មាធិការគណបក្សក្រុងប៉ោយប៉ែត​ លោក​ បឹង​ គឹមសឹង​ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានសង្កាត់និមិត្ត​ លោក​ ង៉ោ​ ម៉េងជ្រួន​ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយក្រុងប៉ោយប៉ែត​ លោក​ ខាត់​ ធា​ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានសង្កាត់និមិត្ត​ លោក​ លោកស្រី​ មន្ត្រីគណបក្សសង្កាត់និងភូមិ​ ព្រមទាំងយុវជនគ.៩៨​ផងដែរ។

ឯកឧត្តមបណ្ឌិត​ ប៉ាន់ខែម​ ប៊ុនថន​ បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ ប្រធានគណបក្សប្រជាជនកម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ និងលោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខប្រជាពលរដ្ឋកម្ពុជា គ្រប់ទីកន្លែង​ និងគ្រប់ពេលវេលា។

ឯកឧត្តម បានបញ្ជាក់ថា អំណោយដែលយកមកជូនពេលនេះ គឺជាការជួយសម្រាលទុក្ខលំបាករបស់បងប្អូនជាបណ្តោះអាសន្នមួយរយៈពេល ក្នុងគ្រារងផលប៉ះពាល និងជួបការលំបាក។ មានតែគណបក្សប្រជាជនតែមួយគត់ ដែលតែងតែនៅរួមសុខរួមទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលាជានិច្ច​ មិនដែលរត់ចោល ឬទុកឱ្យបងប្អូនជួបការលំបាកឯកោនោះឡើយ។

​អំណោយដែលនាំយកមកសួរសុខទុក្ខ និងជូនបងប្អូនពេលនេះ រួមមានគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់២៦គ្រួសារ​ ទទួលបាន​ អង្ករ៥០គីឡូក្រាម​ មី១កេស​ ត្រីខ២យួរ​ ទឹកសុទ្ធ១យួរ​ និងថវិកា១គ្រួសារ២០ម៉ឺនរៀល។ ដោយឡែកគ្រួសារមួយ ដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះទទួលបានអង្ករ៥០គីឡូក្រាម​ មី១កេស​ ត្រីខ២យួរ​ ទឹកសុទ្ធ១យួរ​ និងថវិកា២លានរៀល៕