ប្រទេសកម្ពុជា និងស្ថានទូតសាធារណៈរដ្ឋគុយបា បានរួមគ្នារៀបចំពិធីតាំងពិព័រណ៍រូបថត ៣១សន្លឹក ដើម្បីអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៥ មេសា ១៩៦០ – ១៥ មេសា ២០២៦)។
ពិធីនេះបានធ្វើឡើងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ នាសាលចតុម្មុខមង្គល នៃក្រសួងព័ត៌មាន ក្រោមវត្តមានចូលរួមលោកស្រី មីឡេនណា ការីដាដ ហ្សាឌីវ៉ា ព្រាដា (Milena Caridad Zaldívar Piedra) ឯកអគ្គរដ្ឋទូតគុយបា ប្រចាំកម្ពុជា, លោកជំទាវ និន សាផុន ប្រធានគណៈកម្មាធិការទី៩ នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាព សភាកម្ពុជា-គុយបា, ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី, រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងសមាគមនិស្សិតកម្ពុជា នៅប្រទេសគុយបា។
ឯកអគ្គរដ្ឋទូតគុយបា ប្រចាំកម្ពុជា បានថ្លែងថា ការតាំងពិព័រណ៍រូបថតនេះឧទ្ទិសដល់ព្រឹត្តិការណ៍សំខាន់នៃទំនាក់ទំនងពិសេស និងជាប្រវត្តិសាស្ត្ររវាងសាធារណៈរដ្ឋគុយបា និងព្រះរាជាណាចក្រកម្ពុជា ដែលជាប្រជាជាតិដាច់ស្រយាលពីរដែលចំណងការទូត ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៦០។
ឯកអគ្គរដ្ឋទូតគុយបា ប្រចាំកម្ពុជា បានលើកឡើងថា៖ «រួមគ្នា និងជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ យើងប្រឈមមុខនឹងកិច្ចការដ៏លំបាកក្នុង ការដោះស្រាយទំនាក់ទំនងទ្វេភាគីជាងប្រាំមួយទសវត្សរ៍។ យើងបានធ្វើដូច្នេះដោយផ្អែកលើការពិតដែលមិនអាចប្រកែកបាន និងដោយការកោតសរសើរចំពោះការរួមចំណែក របស់មនុស្សម្នាក់ៗដែលបានជួយពង្រឹង និងស៊ូទ្រាំទំនាក់ទំនងទាំងនេះ។ ការលើកទឹកចិត្ត ពិសេសមួយគឺការគោរពចំពោះទំនួលខុសត្រូវប្រវត្តិសាស្ត្រ ដើម្បីគោរពដល់ចំណងមិត្តភាព និងក្តីស្រលាញ់រវាងប្រជាជាតិយើង ដែលបង្កើតឡើងដោយសម្តេចព្រះបិតា នរោត្តម សីហនុ និងមេដឹកនាំប្រវត្តិសាស្ត្រនៃបដិវត្តគុយបា អគ្គមេបញ្ជាការ Fidel Castro Ruz»។
លោកស្រីបានឱ្យដឹងថា រូបថតនីមួយៗចំនួន ៣១សន្លឹក បង្ហាញពីឫសគល់ជ្រៅនៃទំនាក់ទំនង ដែលបង្កើតឡើងនៅលើឆន្ទៈនយោបាយ ការគោរព និងការយោគយល់គ្នាទៅវិញទៅមក លះបង់ចំពោះគោលការណ៍មិនចូលបក្សសម្ព័ន្ធ កិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍ និងការបំពេញបន្ថែម។ រូបភាពខ្លះនឹងមិនត្រូវបានផ្សព្វផ្សាយសម្រាប់មនុស្សជាច្រើន ប៉ុន្តែប្រាកដជាទាក់ទាញចិត្តប្រជាជនគុយបា និងប្រជាពលរដ្ឋកម្ពុជាគ្រប់ជំនាន់ ដោយឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍សំខាន់ៗក្នុងរយៈពេល ៦៥ឆ្នាំនៃចំណងមិត្តភាពដ៏ជិតស្និទ្ធ និងគំរូ។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ការតាំងពិព័រណ៍រូបថតអបអរខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋគុយបា ដែលជាសក្ខីភាពដ៏សំខាន់នៃមិត្តភាពដ៏ជ្រាលជ្រៅ និងយូរអង្វែង និងមិនអាចបំបែកបានរវាងប្រទេសជាតិទាំងពីរ។ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណដ្ឋគុយបា នាថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៦០ ក្រោមព្រះរាជតម្រិះផ្តួចផ្តើមរបស់សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងលោក Fidel Castro អគ្គមគ្គុទេសក៏បដិវត្តន៍គុយបា ប្រទេសទាំងពីរ បានបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីយ៉ាងជិតស្និទ្ធលើវិស័យនានាដូចជា៖ នយោបាយ អប់រំ សុខាភិបាល កីឡា និងវិស័យព័ត៌មាន។ល។ ទំនាក់ទំនងទាំងនេះត្រូវបានបង្កើតឡើងដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ការយោគយល់ និងការគាំទ្រគ្នា នៅលើឆាកអន្តរជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា សាធារណរដ្ឋគុយបា មិនត្រឹមតែជាដៃគូសហប្រតិបត្តិការរបស់កម្ពុជា ប៉ុន្តែជាមិត្ត ស្និទ្ធស្នាល និងស្មោះត្រង់ដែលបានឈរនៅក្បែរគ្នា ក្នុងគ្រប់កាលៈទេសៈផងដែរ។ ក្នុងគ្រាលំបាកកន្លងមក គុយបាបានផ្តល់នូវការគាំទ្រដ៏មានតម្លៃដល់វិស័យសុខាភិបាល និងការអភិវឌ្ឍធនធានមនុស្ស។ សកម្មភាពទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងអភិវឌ្ឍប្រទេសកម្ពុជា៕






























