ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត នាព្រឹកថ្ងៃពុធទី២២ ខែមេសា ឆ្នាំ២០២៦ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ចុះសួរសុខទុក្ខ និងជូនដល់គ្រួសារប្រជាពលរដ្ឋ ជួបគ្រោះមហន្តរាយ ដោយសារខ្យល់កន្ត្រាក់ចំនួន២៦គ្រួសារ និងគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ១គ្រួសារ នៅភូមិអន្លង់ស្វាយ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។
ក្នុងនោះ ក៏មានការចូលរួមជាមួយលោក គាត ហ៊ុល ប្រធានគណៈកម្មាធិការគណបក្សក្រុងប៉ោយប៉ែត លោក បឹង គឹមសឹង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានសង្កាត់និមិត្ត លោក ង៉ោ ម៉េងជ្រួន ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយក្រុងប៉ោយប៉ែត លោក ខាត់ ធា ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានសង្កាត់និមិត្ត លោក លោកស្រី មន្ត្រីគណបក្សសង្កាត់និងភូមិ ព្រមទាំងយុវជនគ.៩៨ផងដែរ។
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខប្រជាពលរដ្ឋកម្ពុជា គ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
ឯកឧត្តម បានបញ្ជាក់ថា អំណោយដែលយកមកជូនពេលនេះ គឺជាការជួយសម្រាលទុក្ខលំបាករបស់បងប្អូនជាបណ្តោះអាសន្នមួយរយៈពេល ក្នុងគ្រារងផលប៉ះពាល និងជួបការលំបាក។ មានតែគណបក្សប្រជាជនតែមួយគត់ ដែលតែងតែនៅរួមសុខរួមទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលាជានិច្ច មិនដែលរត់ចោល ឬទុកឱ្យបងប្អូនជួបការលំបាកឯកោនោះឡើយ។
អំណោយដែលនាំយកមកសួរសុខទុក្ខ និងជូនបងប្អូនពេលនេះ រួមមានគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់២៦គ្រួសារ ទទួលបាន អង្ករ៥០គីឡូក្រាម មី១កេស ត្រីខ២យួរ ទឹកសុទ្ធ១យួរ និងថវិកា១គ្រួសារ២០ម៉ឺនរៀល។ ដោយឡែកគ្រួសារមួយ ដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះទទួលបានអង្ករ៥០គីឡូក្រាម មី១កេស ត្រីខ២យួរ ទឹកសុទ្ធ១យួរ និងថវិកា២លានរៀល៕




















