នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦នេះ កម្ពុជាបានប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៦ ក្រោមប្រធានបទ «កម្មសិទ្ធិបញ្ញា និងកីឡា ៖ ការត្រៀមរួចរាល់ ការកំណត់ និងច្នៃប្រឌិត» ដើម្បីជំរុញការធ្វើពាណិជ្ជូបនីយកកម្មសិទ្ធិបញ្ញាលើវិស័យកីឡា រួមនឹងសម្ពោធគម្រោងកម្មសិទ្ធិបញ្ញា ព្រមទាំងពិធីតាំងពិព័រណ៍ផលិតផល ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ម៉ាកសមូហភាព និងស្នាដៃចំណេះដឹងប្រពៃណី និងវិញ្ញត្តវប្បធម៌ជាប្រពៃណី។
ពិធីនេះបានរៀបចំឡើង ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា «គ.ក.ប.» និងមានការចូលរួមពី ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លោកស្រី Bridget Collier ភារធារីស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា លោក Pessach GUY ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាសម្រាប់ធុរកិច្ចផ្នែកប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍កម្មសិទ្ធិបញ្ញានៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក លោកស្រី Bebakah BELL តំណាងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា រដ្ឋលេខាធិការប្រចាំការនៃក្រសួងពាណិជ្ជកម្ម អនុប្រធាននិងអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា(គ.ក.ប.) និង លោក លោកស្រី សមាជិកសមាជិកានៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញានិងលេខាធិការដ្ឋាននៃគ.ក.ប. ព្រមទាំងគ្រូបង្វឹកកីឡា អត្តពលិក សិស្សនិស្សិត ជាច្រើនរូប។
ទិវាកម្មសិទ្ធិបញ្ញាពិភពលោកត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី២៦ ខែមេសា ដើម្បីលើកកម្ពស់ការយល់ដឹងសាធារណៈលើវិស័យកម្មសិទ្ធិបញ្ញាជាសកល និងជំរុញការច្នៃប្រឌិត និងនវានុវត្តន៍។
ថ្លែងទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៦ ដែលបានរៀបចំឡើង នៅទីស្តីការក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦នេះ លោកជំទាវ ចម និម្មល បានលើកឡើងពីសារៈសំខាន់នៃវិស័យកម្មសិទ្ធិបញ្ញានិងកីឡា ដោយលោកជំទាវបានបញ្ជាក់ថា
វិស័យកីឡា មិនត្រឹមតែជាផ្នែកមួយដ៏សំខាន់សម្រាប់សុខភាពមនុស្សទូទៅប៉ុណ្ណោះទេ ប៉ុន្តែកីឡាបានភ្ជាប់ខ្លួនទៅបច្ចេកទេសហ្វឹកហាត់ គ្រូបង្វឹកកីឡា អត្តពលិក ការផលិតសម្ភារៈកីឡា ការផ្សព្វផ្សាយការប្រកួត កីឡាតាមប្រព័ន្ធផ្សព្វផ្សាយ។ល។ ក្នុងន័យនេះ រាល់សកម្មភាពជាមួយច្រើននៅក្នុងវិស័យកីឡា រួមមាន ការផលិត សម្ភារៈកីឡា បទភ្លេងសម្រាប់កម្មវិធីកីឡា ការផ្សព្វផ្សាយតាមប្រព័ន្ធទូរទស្សន៍ឬឌីជីថល ការប្រើប្រាស់រូបភាពអត្តពលិក គឺសុទ្ធតែមានបង្កប់នូវធាតុផ្សំដ៏សំខាន់នោះគឺ កម្មសិទ្ធិបញ្ញា។
លោកជំទាវមានប្រសាសន៍ទៀតថា «តាមរយៈមូលបទ «កម្មសិទ្ធិបញ្ញា និងកីឡា» បានសបញ្ជាក់ថា វិស័យកម្មសិទ្ធិបញ្ញាមិនមែននៅត្រឹមតែក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ឬនវានុវត្តន៍វិទ្យាសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែកម្មសិទ្ធិបញ្ញាត្រូវបានមើលឃើញថាកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុង វិស័យកីឡា ដែលជាវិស័យមួយមានសក្តានុពលខ្ពស់សម្រាប់ពិភពលោក និងជាពិសេសសម្រាប់ប្រទេសកម្ពុជាផងដែរ។ រាល់សម្ភារៈកីឡា សុទ្ធតែបានបង្កប់នូវស្នាដៃរចនាម៉ូតផ្សេងៗពីម្ចាស់ស្នាដៃល្បីៗ ការបង្កើតសម្ភារៈកីឡាដែលធន់ ឬការផលិតនូវឧបករណ៍វាយសីដែលមានគុណភាពខ្ពស់ ដែលការណ៍ទាំងអស់នេះសុទ្ធតែភ្ជាប់ ជាមួយនឹង ប្រកាសនីយបត្រតក្កកម្ម គំនូរឧស្សាហកម្ម និងម៉ាកពាណិជ្ជកម្មជាដើម។ បន្ថែមពីនេះ កីឡា ក៏បានរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការ មិនរើសអើងជាតិសាសន៍ និងលើកតម្កើងកិត្យានុភាពជាតិលើឆាកអន្តរជាតិ តួយ៉ាងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា SEA Games លើកទី៣២ និង ASEAN Para Games លើកទី១២ បានបង្ហាញប្រជាជនខ្មែរពី ភាពរីកចម្រើននៃវិស័យកីឡាខ្មែរគ្រប់ប្រភេទកីឡា ក៏ដូចជាបង្ហាញពីភាពរុងរឿងនៃប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណី និងសន្តិភាពរបស់កម្ពុជា ដែលប្រទេសយើងទទួលបានសន្តិភាពដ៏លំបាក»។
ក្នុងឱកាសនោះដែរ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ថា កម្មសិទ្ធិបញ្ញាមិនមែនត្រឹមតែជាគោលការណ៍ផ្នែកច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគ្រឹះដ៏សំខាន់ ក្នុងការគាំទ្រវិស័យកីឡា ដោយជួយការពារការច្នៃប្រឌិត ជំរុញការវិនិយោគ និងធានាថា កីឡានឹងបន្តផ្តល់អត្ថប្រយោជន៍ដល់សង្គមជាតិ និងពិភពលោក។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ការពង្រឹងប្រព័ន្ធទាំងនេះមានសារសំខាន់ក្នុងការលើកកម្ពស់ឱ្យសហគ្រាស និងនវានុវត្តន៍ករ អាចប្រកួតប្រជែងបាន ទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារសកល។
សូមជម្រាបថា នៅក្នុងទិវានេះ ក៏មានសម្ពោធនូវគម្រោងសំខាន់ៗ ពាក់ព័ន្ធនិងវិស័យកម្មសិទ្ធិបញ្ញាផងដែរដូចជា៖
១-ពិធីសម្ពោធនិងបើកសិក្ខាសាលានៃគម្រោងគ្លីនិកគ្រប់គ្រងកម្មសិទ្ធិបញ្ញា
២-ពិធីដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទិន្នន័យឌីជីថលកម្មសិទ្ធិបញ្ញាសម្រាប់ ការគ្រប់គ្រង វិភាគព័ត៌មានចុះបញ្ជីម៉ាកនិងប្រព័ន្ធស្រាវជ្រាវ តាមដាន និងការវិភាគម៉ាកសម្រាប់សាធារណជន រួមទាំងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញរបស់កម្ពុជា ទៅក្នុងប្រព័ន្ធ WIPO Cloud
៣-ពិធីសម្ពោធ ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជា៖ ១)សូត្រមាសភ្នំស្រុក ២)ក្តាមថ្មកោះកុង ៣)ស្វាយឧត្តរមានជ័យ និង៤)ស្វាយចន្ទីកំពង់ធំ
៤-និងពិធីសម្ពោធម៉ាកសមូហភាព៖ ឃ្មុំព្រៃព្រះវិហារ៕





















