ពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់៤០៥គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង


ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ព្រមទាំងសហការីនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជន តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះចំនួន ៤០៥គ្រួសារ ដោយសារ នៅក្នុងស្រុកគាស់ក្រឡ ស្រុកមោងឬស្សី ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

សូមបញ្ជាក់ថា ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់កន្លងទៅក្នុងនោះ៖ (រលំទាំងស្រុងចំនួន១៤ខ្នងផ្ទះ ប៉ះពាល់ធ្ងន់ធ្ងរចំនួន ២០៨ខ្នងផ្ទះ និងប៉ះពាល់ដោយអន្លើរចំនួន១៨៣ខ្នង) មកពីចំនួន ៦០ភូមិ ក្នុងឃុំចំនួន១៨ នៃស្រុកចំនួន ៣នៃ ខេត្តបាត់ដំបង ក្នុងនោះ ស្រុកគាស់ក្រឡប៉ះពាល់លើភូមិចំនួន១៧ ឃុំចំនួន៥ ប្រជាពលរដ្ឋរងគ្រោះសរុបចំនួន ៩៩ខ្នងផ្ទះ (៩៩គ្រួសារ) ប៉ះពាល់ធ្ងន់ធ្ងរចំនួន ៦៦ខ្នងផ្ទះ និងប៉ះពាល់ដោយអន្លើរចំនួន៣៣ខ្នង) ,ស្រុកមោងឬស្សី ប៉ះពាល់លើភូមិចំនួន២១លើកឃុំចំនួន៥ ប្រជាពលរដ្ឋរងគ្រោះសរុប ១៣៤ខ្នងផ្ទះ (១៣៤គ្រួសារ) (រលំទាំងស្រុងចំនួន៧ខ្នងផ្ទះ ធ្ងន់ធ្ងរចំនួន ៧៩ខ្នងផ្ទះ និងដោយអន្លើរចំនួន៤៨ខ្នង) និង ស្រុករុក្ខគីរី ប៉ះពាល់លើកភូមិចំនួន ២២លើកឃុំចំនួន៥ ប្រជាពលរដ្ឋរងគ្រោះសរុប ១៧២ខ្នងផ្ទះ(១៧២គ្រួសារ)(រលំទាំងស្រុងចំនួន៧ខ្នងផ្ទះ ធ្ងន់ធ្ងរចំនួន ៦៦ខ្នងផ្ទះ និងដោយអន្លើរចំនួន៩៩ខ្នង)។

នាឱកាសនោះ ឯកឧត្តម សុខ លូ បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ និងបានសម្ដែងការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយក មកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយគ្រាផងដែរពោលគឺទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា ។

ជាមួយគ្នានេះដែរ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះ ផ្គរ រន្ទះ នៅពេលមានភ្លៀងត្រូវបិទទូរទស្សន៍ បិទទូរស័ព្ទ និងស្វែងរកកន្លែងដែលមានសុវត្ថិភាពជាពិសេស សូមមេត្តាថែទាំសុខភាពឱ្យបានល្អថែទាំកូនចៅតូចៗត្រូវប្រុងប្រយ័ត្នខ្លាចក្រែងជួបវិបត្តិផ្សេងៗ ម្យ៉ាងវិញ ទៀត បើឃើញភាពមិនស្រួលចំពោះសុខភាពត្រូវប្រញាប់ទៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែល នៅជិតបំផុត ដើម្បីអាចពិគ្រោះឬព្យាបាលបានទាន់ពេលវេលា ។

ឯកឧត្តមបានបន្តថា ឆ្នាំនេះរដូវប្រាំងមានរយៈពេលយូរ អាកាសធាតុក្តៅហួតហែង ពេលមានភ្លៀងធ្លាក់មកជាមួយនឹងខ្យល់កន្រ្តាក់ លាយឡំនឹងផ្គររន្ទះ អាចបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សសត្វគ្រប់ៗគ្នា ដែលតម្រូវឲ្យ ប្រជាពលរដ្ឋគ្រប់រូបមានការប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា ជាពិសេសបងប្អូន ប្រជាពលរដ្ឋទាំងអស់ និងសូមមេត្តាថែទាំសុខភាពឱ្យបានល្អ ពិសេសកូនចៅតូចៗត្រូវប្រុងប្រយ័ត្ន ខ្លាចក្រែងជួបវិបត្តិផ្សេងៗ ព្រោះដើមរដូវវស្សាជិត មកដល់ហើយ ម្យ៉ាងវិញទៀត បើឃើញភាពមិនស្រួលចំពោះសុខភាព ត្រូវប្រញាប់ទៅមណ្ឌល សុខភាព ឬមន្ទីរពេលដែលនៅជិតបំផុត ដើម្បីអាចពិគ្រោះ ឬព្យាបាលបានទាន់ពេលវេលា ។

ជាក់ស្តែងក្នុង រយៈពេល៤ខែដើមឆ្នាំ២០២៦នេះ ខេត្តបាត់ដំបងបានរងផលប៉ះពាល់ដោយខ្យល់កន្រ្តាក់ចំនួន ក្នុងក្រុង ស្រុកទាំង១៤លើ ឃុំសង្កាត់ចំនួន៦១ និង ១៧១ភូមិ បណ្តាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋសរុបចំនួន១០៤២ខ្នងស្មើ១៩៤៤គ្រួសារ រលំទាំងស្រុង ៦១ខ្នងផ្ទះ, ប៉ះពាល់ធ្ងន់ធ្ងរចំនួន៥១៨ខ្នងផ្ទះ និងប៉ះពាល់ដោយអន្លើរចំនួន ៤៥៥ខ្នងផ្ទះ ព្រមទាំងខូចខាតសាលា វត្តអារាមហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ ។

ឯកឧត្តម បានបញ្ជាក់ផងដែរថា កាកបាទក្រហមកម្ពុជាទទួលបានថវិកាពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ជាពិសេសក្នុងឱកាសនៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា, ដូច្នេះអ្វីដែលកាកបាទក្រហមកម្ពុជាទទួលបាន គឺតែងតែយកទៅជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយផ្ទាល់ដៃ ដែលនេះគឺជាការផ្សារភ្ជាប់រវាងសប្បុរសជន ជាមួយនឹងអ្នកទទួលផល ពីកាកបាទក្រហមកម្ពុជា នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា»។ ជាមួយគ្នានេះដែរក្រុមប្រតិបត្តិសាខាបានធ្វើការបញ្ជ្រាបផ្សព្វផ្សាយស្តីពីសហគមន៍មានសុខភាពល្អមានភាពធននិងអាកាសធាតុនិងការងារលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងលើកកម្ពស់ការយល់ដឹងអំពីយុទ្ធភណ្ឌមិនទាន់ផ្ទុះនិងការងារចំណាក ស្រុកប្រកបដោយសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ផងដែរ។

សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី១យួ ទឹកស៊ីអ៉ីវ១យួរ ទឹកបរិសុទ្ធ ១កេស និងត្រីខ១០កំប៉ុង ឃីត១កញ្ចប់ (មុង ក្រមា) ដោយដោយឡែកគ្រួសារងគ្រោះរលំទាំងស្រុងបន្ថែម សំពត់តង១ និងថវិកាមួយចំនួនផងដែរ៕