នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២,១២៧បណ្ណជូនប្រជាពលរដ្ឋចំនួន ២,០៥៤គ្រួសារ មកពី៥ភូមិ នៃឃុំព្រៃចាស់ និងចំនួន៤ភូមិ នៃឃុំកោះជីវាំង ស្រុកឯកភ្នំ។
ក្នុងឱកាសនោះឯកឧត្តម សុខ លូ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បន្តមកដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានយកចិត្តទុកដាក់ខ្លាំងណាស់ក្នុងការផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីជូនដល់ប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលខេត្ត ចាត់ទុកការផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីជូនដល់ប្រជាពលរដ្ឋរស់នៅតំបន់បឹងទន្លេសាបគឺជាប្រវត្តិសាស្រ្តមិនធ្លាប់មានពីមុនមកនោះទេ។ លោកណែនាំប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិសូមថែរក្សាបណ្ណ ឱ្យបានល្អ និងមិនត្រូវលក់ដីនោះទេគួររក្សាទុកចែកតកូនតចៅព្រោះមនុស្សចេះតែកើតប៉ុន្តែដីធ្លីមិនកើតថ្មីទៀតនោះទេ។
ឯកឧត្តមបញ្ជាក់បន្ថែមថា សម្រាប់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលចេញដោយក្រសួងផែនការត្រូវបានលើកលែងចំពោះសេវាធ្វើបណ្ណកម្មសិទ្ធិដីធ្លី ចំណែកគ្រួសារទូទៅត្រូវបង់សេវា១ម៉ែត្រការ៉េ ៤រៀលសម្រាប់ដីកសិកម្ម និង១ម៉ែត្រការ៉េ ៣០រៀលសម្រាប់ដីសាងសង់។
ឯកឧត្តមបានណែនាំដល់ប្រជាពលរដ្ឋកុំរំលោភទន្ទ្រានកាន់កាប់ដីព្រៃលិចទឹក កុំកាប់បំផ្លាញព្រៃលិចទឹក និងកុំនេសាទខុសច្បាប់ ត្រូវខិតខំដាំដុះបង្កបង្កើនផល និងចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃបន្ថែម។
ឯកឧត្តមបានថ្លែងការកោតសរសើរមន្រ្តីជំនាញ និងកងកម្លាំង ព្រមទាំងណែនាំបន្ថែមឱ្យបន្តខិតខំថែរក្សាការពារធនធានធម្មជាតិ និងព្រៃឈើលិចទឹកឱ្យបានគង់វង្ស។
ឯកឧត្តមក្រើនរំឭកប្រជាពលរដ្ឋត្រូវអប់រំកូនចៅឱ្យចៀសឆ្ងាយពីគ្រឿងញៀន និងចូលរួមប្រើប្រាស់កម្មវិធីទូរសព្ទដៃ «App NoDrug» ដែលជាមធ្យោបាយលឿនឆាប់រហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០% ចំពោះអ្នករាយការណ៍ករណីគ្រឿងញៀន។
ឯកឧត្តមណែនាំប្រជាពលរដ្ឋត្រូវមានស្មារតីជាតិនិយម ចូលរួមគាំទ្រផលិតផលខ្មែរ ពង្រឹងសាមគ្គីភាព រួបរួមគ្នាជាធ្លុងមួយគាំទ្រ និងជឿជាក់លើការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ប្រជាពលរដ្ឋទាំងអស់បានសម្ដែងអារម្មណ៍សប្បាយរីករាយ និងសូមគោរពអរគុណ និងដឹងគុណជាទីបំផុតចំពោះ សម្តេចតេជោ និងសម្តេចធិបតី ដែលបានចង្អុលបង្ហាញឱ្យឆ្វៀលដីជូនពួកគាត់៕


































