ក្រុមហ៊ុន JTI International (Cambodia) ប្តេជ្ញាផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងគាំទ្រការអភិវឌ្ឍទេសចរណ៍នៅខេត្តសៀមរាប


ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Benjamin Cerletti អគ្គនាយកក្រុមហ៊ុន JTI International (Cambodia) និងសហការីជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ រាយការណ៍អំពីសកម្មភាពការងារកន្លងមក និងសំណើសុំកិច្ចសហប្រតិបត្តិការក្នុងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំរបស់ខ្លួន នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។

ក្នុងកិច្ចជំនួបនេះ លោក Benjamin Cerletti អគ្គនាយកក្រុមហ៊ុន JTI International (Cambodia) បានរាយការណ៍ពីសកម្មភាពការងារដែលសម្រេចបានកន្លងមក ការរួមចំណែករបស់ក្រុមហ៊ុននៅកម្ពុជា ព្រមទាំងបានជម្រាបជូនអំពីផែនការ និងសកម្មភាពសំខាន់ៗរបស់ក្រុមហ៊ុន ក្នុងការចូលរួមគាំទ្រវិស័យទេសចរណ៍កម្ពុជា តាមរយៈការរៀបចំព្រឹត្តិការណ៍ «Amazing Year 2026» ដែលជាកម្មវិធីជប់លៀងបិទឆ្នាំ និងអបអរសាទរខួប១០ឆ្នាំរបស់ក្រុមហ៊ុន នៅខេត្តសៀមរាប ស្របតាមយុទ្ធនាការ «Tourism for All, All for Tourism» និងសកម្មភាពដាំដើមឈើនៅតំបន់អង្គរ ដើម្បីចូលរួមថែរក្សាបរិស្ថាន លើកកម្ពស់ទេសចរណ៍បៃតង និងគាំទ្រការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជា។

ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានស្នើសុំការគាំទ្រ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីក្រសួងទេសចរណ៍ ដើម្បីជំរុញឱ្យសកម្មភាព និងព្រឹត្តិការណ៍នានារបស់ខ្លួន កាន់តែមានប្រសិទ្ធភាពក្នុងការចូលរួមចំណែកផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ខេត្តសៀមរាប ក៏ដូចជាកម្ពុជាទាំងមូលទៅកាន់ឆាកអន្តរជាតិផងដែរ។

ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ និងគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុនក្នុងការគាំទ្រវិស័យទេសចរណ៍កម្ពុជា និងបានបង្ហាញការគាំទ្រចំពោះការរៀបចំព្រឹត្តិការណ៍ «Amazing Year 2026» ដែលជាការរួមចំណែកផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់កម្ពុជា ជាពិសេសខេត្តសៀមរាប ទៅកាន់ភ្ញៀវទេសចរ និងវិនិយោគិនអន្តរជាតិ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍ លើគម្រោងអេកូទេសចរណ៍ និងគម្រោងទេសចរណ៍បៃតងនានា ស្របតាមទិសដៅអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា៕