នៅមុខបណ្ដាអង្គទូតប្រមាណ ៤៤ស្ថាប័ន, កម្ពុជា បង្ហាញសកម្មភាពបំផ្លិចបំផ្លាញលើសម្បត្តិបេតិកភណ្ឌជាតិ ដោយយោធាថៃ និងបន្តប្រឆាំងជាដាច់ខាតចំពោះបំណងបញ្ចូលប្រាសាទទាំងនោះទៅក្នុងបញ្ជីសារពើភណ្ឌបេតិកភណ្ឌជាតិរបស់ខ្លួន


នៅមុខបណ្ដាអង្គទូតប្រមាណ ៤៤ស្ថាប័ន, លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញសកម្មភាពបំផ្លិចបំផ្លាញលើសម្បត្តិបេតិកភណ្ឌជាតិ ដោយយោធាថៃ និងបន្តប្រឆាំងជាដាច់ខាតចំពោះបំណងបញ្ចូលប្រាសាទទាំងនោះទៅក្នុងបញ្ជីសារពើភណ្ឌបេតិកភណ្ឌជាតិរបស់ខ្លួន។

ការណ៍នេះ បានធ្វើឡើងក្នុងបទបង្ហាញស្តីពីស្ថានភាពតំបន់វប្បធម៌កម្ពុជាតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលរៀបចំឡើងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។

តាមរយៈសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលកិច្ចប្រជុំខាងលើ, លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងអំណរគុណដល់ប្រធាន និងតំណាងបេសកកម្មការទូត និងអង្គការអន្តរជាតិចំពោះវត្តមាន និងការគាំទ្រជាបន្តបន្ទាប់ចំពោះការដោះស្រាយជម្លោះព្រំដែនកម្ពុជា ថៃដោយសន្តិវិធី។ បន្ថែមពីនេះ លោកជំទាវ បានបញ្ជាក់ជាថ្មីនូវមូលដ្ឋានច្បាប់ចំពោះអធិបតេយ្យរបស់កម្ពុជាលើតំបន់វប្បធម៌ ដែលត្រូវបានកាន់កាប់ដោយកងកម្លាំងប្រដាប់អាវុធថៃ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៥ រួមមាន បណ្ដុំប្រាសាទតាមាន់ ប្រាសាទតាក្របី និងប្រាសាទខ្នារ។

លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការបំផ្លិចបំផ្លាញយ៉ាងធំធេងចំពោះប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោកចុះបញ្ជីក្នុងអង្គការយូណេស្កូ ក៏ដូចជាចំពោះបូជនីយដ្ឋានវប្បធម៌ដទៃទៀត ដែលមានតម្លៃលេចធ្លោជាសកល។ លោកជំទាវ បានសង្កត់ធ្ងន់ថា សកម្មភាពរបស់ថៃ នៅតំបន់បណ្តុំប្រាសាទតាមាន់ ប្រាសាទតាក្របី និងប្រាសាទខ្នារ ចាប់តាំងពីបទឈប់បាញ់កាលពី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មក គឺជាការទាមទារអធិបតេយ្យដោយខុសច្បាប់របស់ថៃ។

សកម្មភាពទាំងនេះ រួមមានការរៀបចំពិធីសាសនា ការទៅទស្សនាទីតាំងដោយសមាជិកគណៈរដ្ឋមន្ត្រីថៃ សកម្មភាពជួសជុលដោយ គ្មានការអនុញ្ញាត ការដាក់បញ្ចូលប្រាសាទទាំងនោះទៅក្នុងបញ្ជីសារពើភណ្ឌបេតិកភណ្ឌជាតិរបស់ថៃ និងការ សាងសង់សំណង់អចិន្ត្រៃយ៍ជាច្រើនទៀត ដូចជាការកសាងព្រះពុទ្ធបដិមាធំៗជាដើម។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានបញ្ជាក់ថា កម្ពុជាបានដាក់កំណត់ទូតតវ៉ាជាច្រើន ហើយនឹងបន្តប្រឆាំងដាច់ខាតចំពោះសកម្មភាពខុសច្បាប់បែបនេះរបស់ថៃ ដែលប៉ុនប៉ងបង្កើតស្ថានភាពលើដីជាក់ស្តែង និងព្យាយាមជំរុញការទាមទារ ដែលពុំមានមូលដ្ឋានទាំងអង្គហេតុនិងអង្គច្បាប់ ចំពោះបេតិកភណ្ឌវប្បធម៌ខ្មែរ។

លោកជំទាវបានបញ្ចប់បទបង្ហាញ ដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួនរបស់កម្ពុជា ក្នុងការដោះស្រាយវិវាទព្រំដែនជាមួយប្រទេសថៃ តាមរយៈមធ្យោបាយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី។ លោកស្រីបានបញ្ជាក់បន្ថែមទៀតថា សន្តិភាពរវាងកម្ពុជានិងថៃ មានសារៈសំខាន់ សម្រាប់ភាពសុខដុមរមនា សាមគ្គីភាព និងវឌ្ឍនភាពរបស់អាស៊ាន និងតំបន់ទាំងមូល៕