ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់សាលប្រជុំទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង


ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសុក្រ ៧រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសាលប្រជុំទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកទឹកផុស ស្ថិតនៅក្នុងភូមិស្រែតាជៃលិច ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ក្នុងឱកាសដ៏នក្ខត្តឫក្សនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក, ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង ៩ នៃស្រុកទឹកផុស សមាជិក សមាជិកានៃគណៈកម្មាធិការគណបក្សស្រុកទឹកផុស។

សូមជម្រាបជូនផងដែរថា អគារសាលប្រជុំថ្មីក្នុងបរិវេណទីតាំងគណបក្សប្រជាជនកម្ពុជា ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង គ្រោងនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៨ខែ ដោយត្រូវសាងសង់អគារសាលប្រជុំថ្មី មានទំហំ ៦៦៩ម៉ែត្រក្រឡា កម្ពស់ ១ជាន់ អាចផ្ទុកមនុស្សបានចំនួន ៧០០នាក់ ព្រមទាំងមានបន្ទប់ទឹក និងការបំពាក់នូវគ្រឿងសង្ហារឹម និងសម្ភារបរិក្ខារទាំងបច្ចេកទេសព័ត៌មានវិទ្យា និងមិនមែនព័ត៌មានវិទ្យា រួមមានៈ រៀបចំវេទិការ, បំពាក់ប្រព័ន្ធសម្លេង និង Screen LED, ការចាក់កម្រាលបេតុង និងដាំដើមឈើក្នុងបរិវេទទីស្នាក់ការ, ការធ្វើក្លោងទ្វារ និងទ្វារដែកច្រកចូលខាងមុខស្នាក់ការ, បំពាក់អំពូលភ្លើងសូឡា ៤០អំពូល, ដំឡើងម៉ាស៊ីនភ្លើងកំលាំង ២០០ KVA និងបំពាក់ម៉ាស៊ីនត្រជាក់ ដើម្បីផ្ដល់ភាពងាយស្រួលដល់សមាជិកគណបក្សបំពេញការងារបម្រើផលប្រយោជន៍ដល់របស់គណបក្សស្រុកទឹកផុស កាន់តែមានប្រសិទ្ធភាព និងមានការរីកចម្រើន៕