សាលាធម្មសភា និងសមិទ្ធិផលនានាជាច្រើន នៅក្នុងវត្តឯកសទ្ធា (ឬវត្តអារ៉ងព្រួច) ស្ថិតក្នុងភូមិអារ៉ងព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានកាត់ខ្សែបូរសម្ពោធឆ្លង និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ បន្ទាប់ពីបានចំណាយពេលកសាងយ៉ាងយកចិត្តទុកដាក់អស់រយៈពេលជិត១០ឆ្នាំ និងប្រើប្រាស់ថវិកាសរុបចំនួន ៣៩៥,៥៩៩ដុល្លារអាមេរិក។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការ អាជ្ញាធរដែនដី ព្រះសង្ឃ និងបងប្អូនប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។
លោក គឺ គឹមណូ អភិបាលស្តីទីស្រុកក្រគរ បានជម្រាបជូនថា វត្តឯកសទ្ធា បានកកើតចេញពីវត្តបុរាណមួយឈ្មោះ វត្តពិជ័យសត្ថា (កសាងក្នុងឆ្នាំ១៥៣២ នៅភូមិខ្មែរពេជ្រ) ដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាមឈ្លានពានរបស់សៀម សល់តែព្រះពុទ្ធរូបអង្គធំមួយអង្គប៉ុណ្ណោះ។ ក្នុងឆ្នាំ១៨៥៩ ឧបាសក រ៉ង និងឧបាសិកា ព្រួច បានប្រគេនដីទួលចំការមួយកន្លែងដល់ ព្រះភិក្ខុសង្ឃព្រះនាម ឯក ដើម្បីកសាងវត្តថ្មី និងបានដង្ហែព្រះពុទ្ធរូបមួយអង្គធំ មកតម្កល់នៅទីនោះ។ ក្រោយមកនៅក្នុងឆ្នាំ១៩៦៣ វត្តថ្មីនេះត្រូវបានដាក់ឈ្មោះជាផ្លូវការថា «វត្តឯកសទ្ធា» និងបានប្រែឈ្មោះហៅក្រៅថា «វត្តឯកសាធា ឬវត្តអារ៉ងព្រួច»។
លោកអភិបាលស្រុកស្តីទី បានបន្តថា នៅក្នុងរបបប៉ុលពត សមិទ្ធិផលនានាត្រូវបានបំផ្លាញស្ទើរទាំងអស់ ហើយវត្តត្រូវបានប្រែក្លាយជាកន្លែងឃុំឃាំងអ្នកទោស កន្លែងប្រចាំការកងឈ្លប និងកន្លែងធ្វើជី។ល។ ក្រោយរំដោះ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ទីអារាមនេះ ត្រូវបានផ្តួចផ្តើមស្តារ និងកសាងឡើងវិញជាបន្តបន្ទាប់។ ជាក់ស្តែង សាលាធម្មសភាថ្មី ដែលត្រូវសម្ពោធឆ្លងនាពេលនេះ គឺជាកម្លាំងសាមគ្គី ចំណាយពេលវេលាកសាងជិត១០ឆ្នាំ ទើបស្ថាបនារួចរាល់ជាស្ថាពរ ប្រើប្រាស់ថវិកាសរុបមានចំនួន ៣៩៥,៥៩៩ដុល្លារអាមេរិក (ស្មើនឹង ១,៥៨២,៣៩៦,៩០០រៀល)។
សម្រាប់ដំណាក់កាលទី១ ឆ្នាំ២០០៩ ដឹកនាំផ្តួចផ្តើមដោយ ព្រះសិរីរក្ខិញ្ញាណវណ្ណៈសុធីរៈ (តាកែវ) រួមជាមួយគណៈកម្មការ និងពុទ្ធបរិស័ទ្ធ ដើម្បីសាងសង់សាលាថ្មី (ទំហំ២៥ម x៣៧ម) សម្រេចបានប្រមាណ៣០% ក៏ត្រូវបានផ្អាកមួយរយៈ ដើម្បីបង្ហើយការសាងសង់ព្រះវិហារ។ ដំណាក់កាលទី២ ចាប់ផ្តើមឡើងវិញ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ បន្តការសាងសង់ក្រោមការដឹកនាំរបស់ ព្រះគ្រូចៅអធិការ សាមណៈថេរោ ឈួន សុខុម ព្រមទាំងមានការចូលរួមឧបត្ថម្ភគាំទ្រយ៉ាងធំធេង ពីសំណាក់ លោក លោកស្រី ឧកញ៉ា ញាតិមិត្ត និងពុទ្ធបរិស័ទ ពិសេស ឯកឧត្តម កែវ រតនៈ កាលនៅជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង។ ដោយមានសទ្ធាជ្រះថ្លា ក្នុងវិស័យពុទ្ធចក្របន្ថែមនោះ, លោក អ៊ុំ ពិសិទ្ធ, លោកស្រី ចាន់ចំរើន, អ្នកឧកញ៉ា លី សុភាព និងលោកស្រី ចាន់ ស៊ីណា បានកសាងព្រះពុទ្ធរូបតូចធំជាច្រើនអង្គតម្កល់ក្នុងសាលាថ្មីនេះ ដើម្បីឧទ្ទិសកុសលជូនមាតាបិតា និងញាតិសាលោហិត។
ឯកឧត្តមបណ្ឌិត ប្រាំង ជលសា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះសាមគ្គីភាពរបស់សប្បុរសជន និងប្រជាពុទ្ធបរិស័ទទាំងអស់ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការកសាងសមិទ្ធិផលដ៏វិសេសវិសាលនេះ។ សមិទ្ធិផលដែលលេចរូបរាងឡើងនាថ្ងៃនេះ គឺកើតចេញពីកម្លាំងសទ្ធាជ្រះថ្លា និងការរួមសាមគ្គីគ្នាយ៉ាងពិតប្រាកដ។ វិស័យពុទ្ធចក្រ និងអាណាចក្រ ត្រូវតែដើរទន្ទឹមគ្នា ព្រោះព្រះពុទ្ធសាសនាមិនត្រឹមតែជាបង្អែកផ្លូវចិត្តរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគ្រឹះក្នុងការអប់រំសីលធម៌ និងការអភិវឌ្ឍសង្គមជាតិទាំងមូលផងដែរ។
ទន្ទឹមនឹងការអបអរសាទរសមិទ្ធិផលក្នុងស្រុក ឯកឧត្តមបណ្ឌិត ក៏បានឆ្លៀតឱកាសលើកឡើង ពីជម្លោះព្រំដែនរវាងកម្ពុជា និងថៃ គឺជាបញ្ហាដែលកើតមានឡើងបន្តបន្ទាប់ច្រំដែល ដោយសារតែភាគីថៃតែងតែចិញ្ចឹមចិត្តចង់បានទឹកដីរបស់កម្ពុជា ដែលបង្កឱ្យមានភាពតានតឹងជាហូរហែ។ ទោះជាយ៉ាងណាក៏ដោយ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កម្ពុជានៅតែបន្តរក្សាជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការដោះស្រាយរាល់ជម្លោះព្រំដែន តាមរយៈផ្លូវសន្តិវិធី យន្តការការទូត និងការគោរពតាមច្បាប់អន្តរជាតិជាដាច់ខាត ដើម្បីការពារបូរណភាពទឹកដី ទន្ទឹមនឹងការរក្សានូវសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ក៏សូមឱ្យបងប្អូនប្រជាពុទ្ធបរិស័ទ និងអាជ្ញាធរដែនដី ជួយថែរក្សាការពារសាលាធម្មសភា និងសមិទ្ធិផលនានាក្នុងវត្តឯកសទ្ធានេះ ឱ្យបានគង់វង្សយូរអង្វែង សម្រាប់ជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ។ សូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ រក្សាសាមគ្គីផ្ទៃក្នុងឱ្យបានរឹងមាំ និងមានជំនឿចិត្តយ៉ាងមុតមាំលើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យភាពជាតិ និងការអភិវឌ្ឍប្រទេស។ ត្រូវចងចាំថា មានសន្តិភាព ទើបមានការអភិវឌ្ឍដូចថ្ងៃនេះ ដូច្នេះត្រូវរួមគ្នាក្រោកឈរការពារសន្តិភាពឱ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ៕

















































