ឯកឧត្តម ណុប រ័ត្ននិមល តំណាងនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងប្រវែងជាង ៤គីឡូម៉ែត្រ តភ្ជាប់ឃុំចំនួន៣ នៅស្រុកកណ្តាលស្ទឹង


ឯកឧត្តម ណុប រ័ត្ននិមល អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល តំណាងនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជេីញផ្លូវបេតុង ១ខ្សែ ប្រវែង ៤៣៥៦ម ទទឹង ១០ម កម្រាស់ ០.២ម ដែលឆ្លងកាត់៣ឃុំ ឃុំបាគូ គោកត្រប់ និងឃុំសៀមរាប នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅផ្លូវបេតុងមួយខ្សែនេះ បានប្រារព្ធធ្វើឡើងនៅមុខសាលាឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់អាជ្ញាធរដែនដី យុវជន និងប្រជាពលរដ្ឋ នៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

យោងតាមរបាយការណ៍របស់ លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្តាលស្ទឹង បានឱ្យដឹងថា ផ្លូវនេះជាផ្លូវដែលមានតាំងពីសម័យបារាំង ដោយបានសាងសង់ជាផ្លូវក្រាលកៅស៊ូ និងត្រូវបានរង ផលប៉ះពាល់ដោយសង្គ្រាមព្រមទាំងបានស្ដារឡើងវិញដោយប្រើប្រាស់ការចាក់កៅស៊ូ DBST នៅឆ្នាំ ១៩៩៦ ។

បន្ទាប់ពីការស្ថាបនាឡើងវិញនៅឆ្នាំ១៩៩១ ផ្លូវនេះត្រូវបានរងផលប៉ះពាល់ដោយទឹកជំនន់ រយៈ ពេល ២ ជាប់គ្នា និងតម្រូវការនៃការប្រើប្រាស់ និងកំណើនយានយន្តបានធ្វើឱ្យផ្លូវនេះរងការខូចខាត បង្ករជាការលំបាកដល់ការធ្វើដំណើរបស់ប្រជាពលរដ្ឋ។

ដោយទទួលបានសំណូមពរ និងពិនិត្យឃើញការលំបាកពីសំណាក់ថ្នាក់ដឹកនាំ ពិសេស ឯកឧត្តមនាយឧត្តមសេនីយ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក បានធ្វើការសម្របសម្រួល ដោយមានការគាំទ្រពីលោក គង់ សោភ័ណ្ឌ អតីតអភិបាលខេត្តកណ្តាល លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានធ្វើការឆ្លើយតបដោយបានសាងសង់ផ្លូវនេះឡើងវិញដោយចាក់បេតុងអាមេជាដំណាក់កាល រហូតសម្រេចដាក់សម្ពោធឱ្យប្រើប្រាស់នាពេលនេះ។

ផ្លូវបេតុងនេះ ជាផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ២ ពីចំណុចភូមិសៀមរាប ឃុំសៀមរាប ទៅផ្លូវលេខ ១០៥ ចំណុចភូមិស្វាយមីង ឃុំបារគូ ដោយឆ្លងកាត់ឃុំសៀមរាប ចំនួន៦.ភូមិ ឆ្លងកាត់ឃុំគោកត្រប់ ចំនួន.៩ ភូមិ ឆ្លងកាត់ឃុំបារគូ ចំនួន.៧ ភូមិ។

នៅក្នុងនាមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ដែលកំពុងជាប់ភារកិច្ចការពារទឹកដី នៅតំបន់ទិសប្រាសាទព្រះវិហារនោះ , ឯកឧត្តម ណុប រ័ត្ននិមល បានថ្លែងការអបអសាទរចំពោះការទទួលនូវសមិទ្ធថ្មី និងបានបញ្ជាក់ថា ផ្លូវ១ខ្សែនេះ បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ជូនដល់អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកកណ្តាលស្ទឹងទាំងមូល ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំឃុំទាំង៣ ដែលជាអ្នកទទួលផលដោយផ្ទាល់ ។

ឯកឧត្តមបានថ្លែងបន្តថា នៅសល់រយៈពេលតែ៤ថ្ងៃទៀតប៉ុណ្ណោះ គឺជាថ្ងៃគម្រប់ខួប១ឆ្នាំ ដែលទាហានថៃបានបាញ់សម្លាប់កងទ័ពរបស់យើងម្នាក់ នៅតំបន់មុំបី ខេត្តព្រះវិហារ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ ផ្តើមចេញពីបញ្ហានេះមក ទាហានថៃ បានចូលឈ្លានពានចូលមកលើទឹកដីកម្ពុជា។ តាមរយៈការផ្ទះអាវុធចំនួន ២លើករវាងទាហានថៃ និងកងទ័ពរបស់យើង ដែលលើកទី១ រយៈពេល៥ថ្ងៃ និងលើកទី២ មានរយៈពេល២១ថ្ងៃ កន្លងមកនេះ វីរៈកងទ័ពនៃកងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិកម្ពុជា និយាយជារួម និងនិយាយដោយឡែក បញ្ជាការដ្ឋានអង្គរក្ស ដែលមាន នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ដឹកនាំបញ្ជានៅទីនោះ បានលះបង់តស៊ូប្រយុទ្ធប្រឆាំង យ៉ាងអង់អាចក្លាហ៊ាន ក្នុងការ ការពារអធិបតេយ្យបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ពាក់ព័ន្ធនឹងការចូលមកកាន់កាប់ដោយខុសច្បាប់ ពីសំណាក់ទាហានថៃនៅតាមបណ្តោយព្រំដែនរវាងកម្ពុជាថៃ នៅក្រោយមានបទឈប់បាញ់នាទីក្រុងកូឡាឡាំពួរ កន្លងមកនេះ ឯកឧត្តម ណុប រ័ត្ននិមល បានជម្រាបជូនថា សូមជឿជាក់លើការដឹកនាំ យុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀម របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាមរវាងកម្ពុជាថៃ បន្តធ្វើការដោះស្រាយបញ្ហាដោយសន្តិវិធី ដើម្បីទាមទារយកដីដែលភាគីថៃរំលោភដោយខុសមកវិញ ស្របតាមច្បាប់អនុសញ្ញាអន្តរជាតិ ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ណុប រ័ត្ននិមល បានអំពាវនាវដល់មន្ត្រីអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ នៅស្រុកកណ្តាលស្ទឹង បន្តការសាមគ្គីភាពគ្នា ជាមួយរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់យើង ក្នុងការ ការពារសុខសន្តិភាព ការពារទឹកដី និងកសាង អភិវឌ្ឍន៍ប្រទេសជាតិកម្ពុជា ។ ជាមួយគ្នានេះក៏បានសំណូមពរដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ចូលរួមថែរក្សាសមិទ្ធផលផ្លូវបេតុងថ្មី១ខ្សែនេះឱ្យនៅគង់វង្សប្រើប្រាស់យូរអង្វែង និងអប់រំដល់កូនចៅ សិស្សានុសិស្ស នៅពេលបើកបរលើដងផ្លូវដ៏ស្រស់ស្អាតមួយនេះ ត្រូវគោរពច្បាប់ចរាចរណ៍ កុំជិះលឿន និងត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕