ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធ និងនិវត្តជនកម្ពុជា (អ.ន.ក.) នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីលិខិតគតិយុត្តសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងខេត្តព្រះវិហារ ដែលពិធីនេះ ប្រព្រឹត្តទៅនៅសាលាខេត្តព្រះវិហារ។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត និងជាប្រធាន អ.ន.ក.ខេត្ត, ថ្នាក់ដឹកនាំគណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង-ស្រុក សាខា អ.ន.ក.ឃុំ-សង្កាត់ និងប៉ុស្តិ៍រដ្ឋបាល សរុបចំនួនប្រមាណ ៣០០នាក់។
ឯកឧត្តម គន់ គីម បានថ្លែងថា យោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តែងតែរម្លឹកជាប់ជាប្រចាំពីកិច្ចការ សកម្មភាពការងាររបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ចំពោះការអនុវត្ត និងការបម្រើសេវាជូនអតីតយុទ្ធជន និងនិវត្តជន ជាពិសេសសមាជិកដែលមានជីវភាពទីទ័ល និងខ្វះខាត ក្នុងការដោះស្រាយជូនពួកគាត់។
ឯកឧត្តម គន់ គីម បានថ្លែងទៀតថា ការរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីលិខិតគតិយុត្តសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា មានគោលបំណងឲ្យមន្រ្តីនៃគណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងប៉ុស្តិ៍រដ្ឋបាលតាមមូលដ្ឋាន ស្វែងយល់ពីការរៀបចំនីតិវិធី នៃសមាជិកភាពថ្មីដែលស្នើសុំចូលរួមក្នុងសមាគមទាំងអតីតយុទ្ធជន និងនិវត្តជន ក្រោយពីសមាគមបានអនុម័តឲ្យនិវត្តជនមកជ្រកក្រោមឆ័ត្រតែមួយរបស់សមាគម។
ឯកឧត្តម គន់ គីម ថ្លែងថា វគ្គបណ្តុះបណ្តាលនេះ ក៏ជាឱកាសចែករំលែក និងផ្តល់ការពន្យល់បន្ថែមទៀតពីការអនុវត្តលើនីតិវិធី និងលិខិតគតិយុត្តពីការស្នើសុំផ្ទះ និងដីសម្បទានសង្គមកិច្ចរបស់សមាជិកនីមួយៗ ព្រមទាំងការរៀបចំឯកសារស្នើផ្តល់ប្រាក់បេឡាមរណសង្គ្រោះជូនគ្រួសារសពជាសមាជិក និងគ្រួសារពលីជាដើម។
ឆ្លៀតក្នុងឱកាសបើកវគ្គបណ្តុះបណ្តាល ឯកឧត្តម គន់ គីម បានណែនាំដល់គណៈកម្មាធិការ អ.ន.ក.គ្រប់ជាន់ថ្នាក់នៃខេត្តព្រះវិហារ ត្រូវក្តាប់ឲ្យបាននូវនីតិវិធី និងលិខិតគតិយុត្តរបស់សមាគម ក្នុងការធានាលើការអនុវត្តការងាររបស់ខ្លួនឲ្យបានម៉ត់ចត់ មានប្រសិទ្ធភាព និងទាន់ពេលវេលាជូនបងប្អូនអតីតយុទ្ធជន និងនិវត្តជន។
ក្នុងនាមសេនាធិការជូនសម្តេចតេជោ ហ៊ុន សែន, ឯកឧត្តម គន់ គីម បានប្តេជ្ញានឹងពិនិត្យកិច្ចការអាទិភាពចំពោះសមាជិកមានជីវភាពទីទ័ល ដែលស្នើសុំដីសម្បទានសង្គមកិច្ច និងផ្ទះ ដើម្បីពិនិត្យ និងសម្រេចផ្តល់ឲ្យបានគ្រប់ៗគ្នាប្រកបដោយភាពម៉ត់ចតៀ និងតម្លាភាព។
ជាចុងបញ្ចប់ ឯកឧត្តម គន់ គីម បានណែនាំដល់សាខា អ.ន.ក.ឃុំ-សង្កាត់ និងប៉ុស្តិ៍រដ្ឋបាល ដែលនៅជិតសមាជិកតាមខ្នងផ្ទះ ត្រូវចុះពិនិត្យតាមដានជាប់ជាប្រចាំ ដើម្បីចុះសួរសុខទុក្ខ និងអាចក្តាប់បានពីតម្រូវការ ឬសំណូមពរ ក្នុងការដោះបញ្ហាប្រឈមណាមួយដែលសមាជិកជួបការលំបាកជូនពួកគាត់៕



















