ឯកឧត្តម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាតំណាងរាស្រ្ត និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញសំណេះសំណាលជាមួយមន្រ្តីគណបក្សស្រុក ឃុំ សាខាបក្សភូមិ យុវជនគណបក្សស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ឯកឧត្តម កែ គឹមយ៉ាន បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរជ័យ កោតសសើរ អរគុណ ពីថ្នាក់ដឹកនាំគណបក្សពិសេសសម្ដេចតេជោ ហ៊ុន សែន ជូនសមាជិក សមាជិកាគណបក្ស ថ្នាក់ដឹកនាំគ្រប់អង្គភាព កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងស្រុកថ្មពួក និងជនរួមជាតិទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះដែរ ឯកឧត្តម កែ គឹមយ៉ាន បានគោរពដឹងគុណ ស្រលាញ់ ចំពោះជនរួមជាតិដែលតែងតែ ផ្តល់ជំនឿជាក់និងការគាំទ្រយ៉ាងធំធេង ចំពោះការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា និងគោរពដឹងគុណចំពោះយុទ្ធជន យុទ្ធនារីដែលបានប្រយុទ្ធតស៊ូធ្វើពលិកម្ម ដើម្បីឯករាជ្យ សន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម កែ គឹមយ៉ាន បានថ្លែងបន្ត ដោយកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន សាសនា ប្រជាពលរដ្ឋទាំងអស់នៅ ស្រុកថ្មពួកដែលបានខិតខំចូលរួមអនុវត្តកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជានិងរាជរដ្ឋាភិបាល ជាពិសេសការរួមសាមគ្គីគ្នាប្រកបដោយស្មារតីជាតិនិយម ជួយដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋភៀសសឹក នៅតាមព្រំដែនកម្ពុជា-ថៃ និងការរួមគ្នាប្រយុទ្ធតតាំងនឹងកងទ័ពឈ្លានពានថៃ លះបង់កម្លាំងកាយចិត្តពលិកម្ម គ្រប់បែបយ៉ាងដើម្បីរក្សាបានអធិបតេយ្យភាព បូរណភាពទឹកដី និងភាពសុខក្សេមក្សាន្តរបស់ប្រជាជនយើង។
ជាមួយគ្នានេះដែរ ឯកឧត្តម កែ គឹមយ៉ាន បានថ្លែងដោយសង្កត់ធ្ងន់ថា កម្ពុជាក្រោមការដឹកនាំប្រកបដោយថាមពលរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តអនុវត្តមាគ៌ានយោបាយរបស់សម្តេចតេជោ ហ៊ុន សែន បាននាំនាវាកម្ពុជា សម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ និងសូមឱ្យសមាជិកសមាជិកា ទាំងអស់បន្តជឿជាក់លើយុទ្ធសាស្ត្រការការពារអធិបតេយ្យភាព សន្តិភាព និងសុខសុវត្ថិភាព សករាជតេជោ-ធិបតី ដែលបានប្រកាន់យកអភិក្រម ដោះស្រាយដោយសន្តិវិធីប្រកបដោយភាពអត់ធ្មត់ “ស្ងាត់តែមិនស្ងៀម” នៅគ្រប់យន្តការទ្វេរភាគី ពហុភាគី និងអន្តរជាតិ ដើម្បីសុវត្ថិភាព រក្សាបាននូវអាយុជីវិតប្រជាពលរដ្ឋ៕



























