សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ឆ្លើយតបនឹងមតិចោទប្រកាន់ពីវត្តមានសម្ដេចទៅកាន់តំបន់ខ្នងផ្សារ និងទេទឹកពុះ ថា «មិនគិតរឿងជាតិ គិតតែដើរលេងសប្បាយ»


(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ បាន ឆ្លើយតបនឹងមតិចោទប្រកាន់ពីវត្តមានសម្ដេចទៅកាន់តំបន់ខ្នងផ្សារ និងទេទឹកពុះ ថា «មិនគិតរឿងជាតិ គិតតែដើរលេងសប្បាយ» ខណៈដែលសម្ដេចទៅកាន់តំបន់ខ្នងផ្សារ និងទេទឹកពុះ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់ទេសចរណ៍បែបសហគមន៍ទាំងពីរ សំដៅបង្កើនប្រាក់ចំណូលបន្ថែមជូនប្រជាសហគមន៍ មិនមែនជាការដើរកម្សាន្តសប្បាយមួយមុខនោះទេ។

ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធអគារកម្ពស់៣ជាន់ សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងរំលឹកពីដំណើរទស្សនកិច្ចឆ្នាំមុនរបស់សម្ដេច ជាមួយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្តម អ៊ាង សុផាល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមជាមួយ ឯកឧត្តម ជាម ច័ន្ទសោភណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ មកកាន់តំបន់ខ្នងផ្សារនេះ។ សម្ដេច បានជួបជាមួយប្រធានសហគមន៍ និងបានជ្រាបពីតម្រូវការចាំបាច់របស់សហគមន៍ ដើម្បីប្រែក្លាយជាសហគមន៍គំរូនៅមូលដ្ឋាន។

នាពេលនោះ សម្ដេចនាយករដ្ឋមន្ត្រី បានចាត់លោករដ្ឋមន្ត្រីទាំងពីរ និងលោកអភិបាលខេត្ត សហការជាមួយសហគមន៍ រៀបចំផែនការក្នុងការរៀបចំទាំងហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មនានា សំដៅបង្កើនប្រាក់ចំណូលបន្ថែមជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងអនុញ្ញាតឱ្យពួកគាត់ធ្វើជាអ្នកការពារធនធានធម្មជាតិ ជំនួសឱ្យការកាប់ព្រៃឈើដើម្បីរកចំណូល។

កាលពីថ្ងៃអាទិត្យ ទី១ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចបវរធិបតី ក៏បានទៅទស្សនកិច្ចនៅតំបន់ខ្នងផ្សារជាថ្មី ដើម្បីពិនិត្យវឌ្ឍនភាពនៃការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅទីនោះ និងត្រូវបានប្រជាពលរដ្ឋថតផ្សព្វផ្សាយនៅលើបណ្ដាញសង្គម។ ក្នុងនោះមានមតិខ្លះ លើកឡើងថា សម្ដេច មិនគិតពីរឿងប្រទេសជាតិ គិតតែដើរលេងកម្សាន្តឥតប្រយោជន៍។ បន្ថែមពីនេះ ការលើកឡើងខ្លះ បានចោទប្រកាន់ថាសម្ដេចទៅដកការអភិវឌ្ឍនៅតំបន់ទេសចរណ៍ទាំងពីរផងដែរ។

ឆ្លើយតបនឹងមតិខាងលើ សម្ដេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ខ្ញុំទៅថ្ងៃមុន មិនមែនទៅដកពីប្រជាជនទេ តែទៅដើម្បីរៀបចំឱ្យល្អ ហើយបង្កើនសមត្ថភាពរបស់សហគមន៍ ដើម្បីជំរុញការអភិវឌ្ឍ ហើយធ្វើយ៉ាងណាឱ្យតំបន់នោះមានភាពជោគជ័យ។ កន្លែងដែលមានសក្ដានុពលទេសចរណ៍ ដូចជាទេទឹកពុះ ដូចនៅខ្នងផ្សារ ខ្ញុំបានណែនាំកុំយកវិស័យឯកជនទៅអភិវឌ្ឍនៅកន្លែងដែលអាចប្រើប្រាស់ជាសាធារណៈ ទុកវាជាជាកន្លែងទេសចរណ៍ធម្មជាតិ។ វិស័យឯកជនចង់វិនិយោគ អាចវិនិយោគចម្ងាយ ១គីឡូម៉ែត្រ ទៅ២គីឡូម៉ែត្រ ឬ៥គីឡូម៉ែត្រពីទីតាំងនោះទៅ»។

ជាមួយគ្នានេះដែរ សម្ដេច ក៏បានណែនាំឱ្យមានការរៀបចំទីធ្លាសម្រាប់ផ្លាស់សម្លៀកបំពាក់ និងកន្លែងងូតទឹកនៅទេទឹកពុះ ឱ្យបានរៀបរយជាងមុន ដើម្បីសុខមាលភាពអ្នកទេសចរពេលទៅកម្សាន្តនៅទីនោះ ដែលនេះជាការយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាសហគមន៍របស់យើង មិនមែនដូចអ្វីដែលមតិទាំងនោះបានចោទប្រកាន់នោះទេ៕