ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងអំពាវនាវ និងជំរុញដល់យុវជនឲ្យការពារខ្លួនកុំឲ្យក្លាយជាជនរងគ្រោះ ឬជាភ្នាក់ងារ នៃការចែកចាយព័ត៌មានក្លែងក្លាយ ដោយត្រូវចេះផ្ទៀងផ្ទាត់ព័ត៌មាន និងពិនិត្យប្រភពឲ្យបានច្បាស់លាស់ ប្រកាន់ខ្ជាប់ជានិច្ចនូវវប្បធម៌ «គិតមុននឹងចែករំលែក» និងប្រើប្រាស់បណ្តាញសង្គមប្រកបដោយទទួលខុសត្រូវ។
ការថ្លែងបញ្ជាក់បែបនេះរបស់ ឯកឧត្តម ស្លេះ អាល់ហ្វីន ក្នុងឱកាសដែលលោកអញ្ជើញជាតំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អញ្ជើញបើក «យុទ្ធនាការនិយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២» នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ នៅវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេស ជា ស៊ីម ត្បែងមានជ័យ ក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ។
នៅក្នុងឱកាសនេះ ឯកឧត្តម ស្លេះ អាល់ហ្វីន បានថ្លែងលើកឡើងថា «យុទ្ធនាការនិយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ត្រូវបានរៀបចំឡើងដោយមានគោលបំណងសំខាន់ៗ ក្នុងការបញ្ជ្រាបការយល់ដឹងទូលំទូលាយអំពីផលវិបាក និងគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ ព្រមទាំងលើកកម្ពស់អក្ខរកម្មព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យាឌីជីថលដល់សាធារណជន។
យុទ្ធនាការនេះ ក៏ផ្តោតសំខាន់លើការផ្សព្វផ្សាយការយល់ដឹងអំពីច្បាប់ សិទ្ធិ និងសុវត្ថិភាពឌីជីថល ក្នុងគោលដៅចូលរួមចំណែកកែប្រែឥរិយាបថ និងទម្លាប់អវិជ្ជមានក្នុងការប្រើប្រាស់បណ្តាញសង្គមរបស់ស្រទាប់យុវជនផងដែរ។
ឯកឧត្តម ស្លេះ អាល់ហ្វីន បានថ្លែងគូសបញ្ជាក់យ៉ាងដូច្នេះថា «ព័ត៌មានក្លែងក្លាយ បើមើលមួយភ្លែតហាក់ដូចជារឿងធម្មតា ប៉ុន្តែវាបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដល់បុគ្គល គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល»។
ឯកឧត្តម ក៏បានបន្តពន្យល់ថា ក្រៅពីធ្វើឲ្យខាតបង់ថវិកា និងពេលវេលា ព័ត៌មានប្រឌិតទាំងនេះបានបំផ្លាញកិត្តិយស សេចក្តីថ្លៃថ្នូរ និងឯកជនភាពរបស់អ្នកដទៃ ព្រមទាំងបង្កឱ្យមានបញ្ហាសុខភាពផ្លូវចិត្ត បំផ្លាញទំនាក់ទំនងសង្គម បង្កអសន្តិសុខ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ ធ្ងន់ធ្ងរជាងនេះទៅទៀត វាអាចញុះញង់ឲ្យមានការរើសអើង អំពើហិង្សា បំបែកបំបាក់សាមគ្គីភាពជាតិ ដែលអ្នកប្រព្រឹត្តត្រូវប្រឈមមុខនឹងការទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
ទន្ទឹមនឹងនេះឯកឧត្តម ស្លេះ អាល់ហ្វីន ក៏បានថ្លែងណែនាំពីវិធានសុវត្ថិភាពមូលដ្ឋាន រួមមាន ការគ្រប់គ្រងលេខសម្ងាត់ឱ្យបានរឹងមាំ ការចៀសវាងចុចលើតំណភ្ជាប់ (Links) ដែលគួរឲ្យសង្ស័យ និងត្រូវប្រកាន់ខ្ជាប់នូវការប្រើប្រាស់អ៊ីនធឺណិតប្រកបដោយស្មារតីទទួលខុសត្រូវ៕































