ឯកឧត្តម វ៉ី សំណាង ត្រូវប្រកាសតែងតាំង ជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ


ឯកឧត្តម វ៉ី សំណាង ត្រូវបានប្រកាសតែងតាំងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ ពិធីប្រកាសតែងតាំងបានធ្វើឡើងនារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំគណបក្សខេត្តតាកែវ និងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ដែលជាប្រមុខដឹកនាំ ប្រកបដោយវីរភាពអង់អាច ឈ្លាសវៃ និងភាពប៉ិនប្រសប់ ព្រមទាំង សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ជាថ្នាក់ដឹកនាំប្រកបដោយគុណធម៌ និងការទទួលខុសត្រូវខ្ពស់ បានដាក់ចេញនូវយុទ្ធសាស្ត្រ និងកម្មវិធីគោលនយោបាយនានា ក្នុងបេសកកម្មថែរក្សាសុខសន្តិភាព កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍប្រទេសជាតិ និងរក្សាឧត្តមប្រយោជន៍ប្រជាជន។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ក៏បានណែនាំឱ្យក្រុមការងារយុវជនគណបក្សខេត្ត បន្តប្រឹងប្រែងបំពេញភារកិច្ច ដើម្បីសម្រេចឱ្យបានសមិទ្ធផលដ៏ត្រចះត្រចង់បម្រើឱ្យឧត្តមប្រយោជន៍យុវជនគណបក្ស និងប្រទេសជាតិ ក្រោមស្មារតីតែមួយ គឺយុវជនដើម្បីគណបក្ស និងគណបក្សដើម្បីយុវជន។

ឆ្លើយតបចំពោះការយកចិត្តទុកដាក់របស់យុវជនថ្នាក់កណ្តាល ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត, ឯកឧត្តម វ៉ី សំណាង ក្នុងនាមក្រុមការងារយុវជនគណបក្សខេត្តតាកែវទាំងមូល បានប្តេជ្ញាចិត្ត ដោយសូមគាំទ្រដោយឥតងាករេចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា គាំទ្រគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គ្រប់កាលៈទេសៈ និងប្ដេជ្ញាគោរពឱ្យបានដាច់ខាតនូវលក្ខន្តិកៈ គោលការណ៍ បទបញ្ជារបស់គណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម វ៉ី សំណាង ក៏បានប្ដេជ្ញាបន្តថែរក្សា អប់រំបំពាក់បំប៉នដល់យុវជនបន្តវេន ដែលជាក្តីសង្ឃឹមនាពេលអនាគតរបស់គណបក្ស និងប្រទេសជាតិ ឱ្យទទួលបានការអប់រំបណ្តុះបណ្តាល ប្រកបដោយសីលធម៌ល្អ មានវិន័យដែលអាចជាកម្លាំងចលករ ប្រកបដោយសក្តានុពល នាពេលអនាគតជូនគណបក្ស ប្រទេសជាតិ និងប្រជាជន ដើម្បីរួមចំណែកបម្រើសង្គមជាតិ ថែរក្សាកេរ្តិ៍ដំណែល វប្បធម៌ដ៏ល្អផូរផង់របស់គណបក្ស និងផ្សព្វផ្សាយ កៀងគរ យុវជនឱ្យគាំទ្រ និងបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជាផងដែរ៕