ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ជំរុញសមាជិកគណបក្សប្រជាជនកម្ពុជា ផ្សព្វផ្សាយពីសមិទ្ធផលរបស់បក្សទៅកាន់ពលរដ្ឋ សំដៅពង្រីកភាពឈ្នះក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧


ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន សមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ចាម បានជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាមទាំងអស់ ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។

ការជំរុញរបស់ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ធ្វើឡើងនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦នេះ ក្នុងឱកាសអញ្ជើញជាអធិបតីរួមជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សេចក្ដីសម្រេចស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ របស់គណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានអះអាងថា ដើម្បីរក្សា និងពង្រីកភាពឈ្នះរបស់គណបក្សសមាជិក សមាជិកាទាំងអស់ ត្រូវរួមគ្នាធ្វើអំពើល្អដែលជាយុទ្ធសាស្ដ្ររបស់គណបក្ស ក្នុងនោះ ត្រូវផ្ដោតការយកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណៈឲ្យមានគុណភាព និងមានភាពរហ័សរហួន ដោយលុបបំបាត់ភាពអសកម្ម ឥរិយាបថមិនសមរម្យ។ លើសពីនេះ ត្រូវពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពក្នុងមូលដ្ឋាន។

បើតាមឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន, ក្រុមការងារគ្រប់លំដាប់ថ្នាក់ទាំងអស់ ចាប់ពីថ្នាក់ខេត្ត ដល់ភូមិ ត្រូវចុះមូលដ្ឋានជាប់ជាប្រចាំ ហើយត្រូវយកចិត្តទុកដាក់បំពេញអ្វីដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ បញ្ចៀសបញ្ហាថ្នាំងថ្នាក់ក្នុងមូលដ្ឋាន ដោះស្រាយអន្ដរាគមន៍ បញ្ហាផ្សេងៗឲ្យបានទាន់ពេលវេលា។ ឯកឧត្តមក៏បានសម្ដែងនូវការកោតសរសើរវាយតម្លៃខ្ពស់ ចំពោះក្រុមការងារគ្រប់ថ្នាក់ ដែលរួមគ្នាបម្រើ និងបំពេញសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ទន្ទឹមនឹងសមិទ្ធផលដែលគណបក្សប្រជាជនកម្ពុជាសម្រេចបានយ៉ាងច្រើនមកនេះ សមាជិក សមាជិកាទាំងអស់ត្រូវតែជំរុញ និងបង្កើនការផ្សព្វផ្សាយតាមគ្រប់មធ្យោបាយ រូបភាពទាំងអស់ដើម្បីឲ្យប្រជាពលរដ្ឋជ្រួតជ្រាបកាន់តែច្បាស់ និងកាន់តែផ្ដល់នូវជំនឿទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា តាមរយៈការបន្ដបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា បន្ដដឹកនាំរាជរដ្ឋាភិបាល។

សម្រាប់ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ លោកសន្ដិបណ្ឌិត នេត សាវឿន បានណែនាំនូវការងារអាទិភាព៤ដំណាក់កាលរួមមាន៖ ដំណាក់កាលទី១៖ ពីបច្ចុប្បន្ន ដល់ថ្ងៃឃោសនា, ដំណាក់កាលទី២៖ យុទ្ធនាការឃោសនាបោះឆ្នោត, ដំណាក់កាលទី៣៖ ថ្ងៃបោះឆ្នោត និងដំណាក់កាលទី៤៖ ក្រោយថ្ងៃបោះឆ្នោត។ ក្នុងនោះត្រូវចង់ចាំការប្ដេជ្ញាចិត្តជាយុទ្ធសាស្ដ្ររបស់គណបក្ស គឺរក្សាតំណែងប្រធានក្រុមប្រឹក្សាគ្រប់ឃុំសង្កាត់ទូទាំងប្រទេស៕