នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សកម្ពុជាស្រុកសេសាន ឯកឧត្តម សរ សុពុត្រា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជា ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ចំនួន២៨៧នាក់។
ថ្លែងក្នុងពិធីនោះ ឯកឧត្តម សរ សុពុត្រា បានអរគុណអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះបងប្អូន និងក្មួយៗជាសមាជិកថ្មីចំពោះការសម្រេចចិត្តផ្អែកតាមសច្ចធម៌ជាប្រវត្តិសាស្ត្រ ចូលរួមជាមួយមហាគ្រួសារគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សបានរំដោះជាតិ សង្រ្គោះប្រជាជនឱ្យរស់ឡើងវិញពីរណ្តៅមរណៈនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម កសាងជាតិនិងថែរក្សាសន្តិភាព ការពារឯករាជ្យអធិបតេយ្យនិងបូរណភាពទឹកដី ព្រមទាំងអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
ឯកឧត្តមបន្ដថា ការសម្រេចចិត្តប្រកបដោយសុភនិច្ឆ័យនេះ គឺពិតជាកើតឡើងពីការបំពេញតួនាទីប្រកបដោយស្មារតីបុរេសកម្ម ការគោរព និងប្រកាន់ខ្ជាប់នូវភារកិច្ច និងលក្ខនិ្តកៈបក្ស ក្នុងការចុះសួរសុខទុក្ខ ផ្សព្វផ្សាយ និងពន្យល់ដល់ប្រជាពលរដ្ឋពីសច្ចភាព ប្រវត្តិ ស្នាដៃ និងកម្មវិធីនយោបាយគណបក្សរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់។
ឯកឧត្តម សរ សុពុត្រា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ មន្ដ្រីបក្សគ្រប់លំដាប់ថ្នាក់ និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសេសាន ដែលកំពុងខិតខំបំពេញការងាររហូតសម្រេចបាននូវសមិទ្ធផលជាច្រើន ជាពិសេសការកសាងសមាជិកថ្មីជាបន្តបន្ទាប់ ដែលធ្វើឱ្យចំនួនសមាជិកបក្សកើនឡើងជាលំដាប់ តាមរយៈការអនុវត្តអភិក្រម «រក្សាចាស់បង្កើនថ្មី» ដូចដែលសម្តេចតេជោ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជាតែងតែរំលឹក។
ឯកឧត្តមក៏បានរំលេចប្រាប់ជាសមាជិកថ្មីថា មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលមានប្រវត្តិដឹកនាំ និងកាន់អំណាចយូរជាងគេ ហើយនាថ្ងៃអនាគត គណបក្សប្រជាជនកម្ពុជាក៏នឹងនៅតែបន្តកាន់អំណាច ដោយសារមានការគាំទ្រដ៏ច្រើនលើសលប់ពីប្រជាជនទាំងក្នុង និងក្រៅប្រទេស ចំនួនសមាជិកបន្តកើនឡើង ដែលបានក្លាយជាសសរទ្រូងដ៏រឹងមាំរបស់ប្រជារាស្ត្រ ដោយមានរចនាសម្ព័ន្ធនិងចក្ខុវិស័យច្បាស់លាស់ សាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ ថ្នាក់ដឹកនាំពោរពេញដោយសមត្ថភាព ព្រហ្មវិហារធម៌ និងសីលធម៌ និងការផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន ដោយហ៊ានគិត ហ៊ានថា ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ។
ជាមួយនឹងការរំលឹកអំពីប្រវត្តិគណបក្សជូនសមាជិកថ្មីទាំងអស់ ឯកឧត្តម សរ សុពុត្រា ក៏បានស្នើឱ្យឈ្វេងយល់ពីចក្ខុវិស័យដ៏វែងឆ្ងាយរបស់គណបក្ស និងឆ្លុះបញ្ចាំងពីស្នូលនៃការដឹកនាំប្រទេសឈានឆ្ពោះទៅរកការរីកចម្រើនលើគ្រប់វិស័យ និងធ្វើឱ្យប្រជាជនកាន់តែមានទំនុកចិត្តរហូតទទួលជោគជ័យលើការបោះឆ្នោតគ្រប់អាណត្តិ។ លើសពីនេះក៏ត្រូវគោរពតាមការប្តេជ្ញាចិត្ត លក្ខន្តិកៈបក្ស ច្បាប់រដ្ឋ សាមគ្គីគ្នាជាធ្លុងមួយ ប្រកាន់ខ្ជាប់នូវអត្តចរិតនិងសីលធម៌ល្អ ព្រមទាំងគោលការណ៍ «សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ» ហើយថ្នាក់ដឹកនាំបក្សមូលដ្ឋានក៏ត្រូវត្រៀមខ្លួនជាស្រេចដើម្បីដណ្តើមយកជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ខាងមុខនេះ៕





















