នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុងពោធិ៍សាត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសំខាន់ៗ នៃយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៦ នៅទីស្នាក់ការគណបក្សខេត្ត ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់។
ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ លោក ម៉ៅ សាន អនុប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ បានអានសេចក្តីសម្រេចស្តីពី «ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧»។
ជាមួយគ្នានេះ ក៏មានការផ្សព្វផ្សាយជំនួយស្មារតីស្តីពីក្រមសីលធម៌ សម្រាប់ក្រុមការងារ និងគណៈកម្មាធិការគណបក្ស ក្នុងការជ្រើសរើស និងរៀបចំបញ្ជីបេក្ខជនឱ្យមានប្រសិទ្ធភាព តម្លាភាព និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។
ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តម ខូយ រីដា បានគូសបញ្ជាក់យ៉ាងមុតមាំអំពីតួនាទី និងការទទួលខុសត្រូវ របស់សមាជិកបក្សគ្រប់រូប ក្នុងការបម្រើប្រជាជន។
ឯកឧត្តមបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្ស ដែលតែងតែប្រកាន់ខ្ជាប់នូវជំហរដាច់ខាត ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។
ឯកឧត្តមបានរំលឹកដល់សមាជិកបក្ស អំពីវីរភាពដ៏អង់អាចក្លាហានរបស់ថ្នាក់ដឹកនាំគណបក្ស ក្នុងការការពារជាតិមាតុភូមិ ប្រឆាំងនឹងការឈ្លានពានរបស់សត្រូវថៃកន្លងមក ដែលជាគំរូដ៏ថ្លៃថ្លាសម្រាប់មហាគ្រួសារគណបក្សប្រជាជនកម្ពុជាទាំងមូល។
ឯកឧត្តម ខូយ រីដា បានសង្កត់ធ្ងន់លើការងារអភិវឌ្ឍមូលដ្ឋាន ដោយលោកបានជំរុញឱ្យគ្រប់ថ្នាក់ដឹកនាំ និងក្រុមការងារចុះមូលដ្ឋានទាំងអស់ ត្រូវចូលរួមយ៉ាងសកម្ម ក្នុងយុទ្ធនាការដាំដើមឈើឆ្នាំ២០២៦ឱ្យបានផុលផុស នៅតាមបណ្តាក្រុង-ស្រុក ឃុំ-សង្កាត់ ក្នុងខេត្តពោធិ៍សាត់ទាំងមូល។ លោកបានបញ្ជាក់ថា ការដាំដើមឈើនេះ មិនត្រឹមតែជាការចូលរួមចំណែកការពារបរិស្ថាន និងការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការលើកកម្ពស់សោភ័ណភាពមូលដ្ឋាន ដើម្បីបន្សល់ទុកនូវធនធានធម្មជាតិ និងគុណប្រយោជន៍ដល់កូនចៅជំនាន់ក្រោយផងដែរ។
ឯកឧត្តមបានបន្ថែមថា គណបក្សប្រជាជនកម្ពុជា មានផែនការអភិវឌ្ឍន៍ជាតិជាច្រើនដែលកំពុងដាក់ចេញ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការថែរក្សាបរិស្ថានបៃតងឱ្យមាននិរន្តរភាព។
ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានជំរុញឱ្យសមាជិកបក្សទាំងអស់បន្តចុះមូលដ្ឋានជាប់ជាប្រចាំ ស្វែងយល់ពីទុក្ខលំបាករបស់ប្រជាជន និងផ្សព្វផ្សាយពីសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានជូនជាតិ ដើម្បីឱ្យប្រជាពលរដ្ឋមានការជឿជាក់ និងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងភ្លូកទឹកភ្លូកដីនៅក្នុងអាណត្តិខាងមុខនេះ៕














































