នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានទទួលជួបពិភាក្សាការងារជាមួយលោក Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។
ជំនួបនេះ មានផ្តោតសំខាន់លើការចែករំលែកបទពិសោធន៍អំពីការរស់នៅរបស់សហគមន៍ឥស្លាម និងគោលនយោបាយសុខដុមនីយកម្មជាតិសាសន៍ និងសាសនា របស់រាជរដ្ឋាភិបាលកម្ពុជា, ការជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍផលិតផល និងសេវាកម្មហាឡាលរវាងប្រទេសទាំងពីរ និងការស្វែងរកឱកាសវិនិយោគ និងការធ្វើពាណិជ្ជកម្មរួមគ្នាលើផលិតផលកសិកម្ម ស្រូវ-អង្ករ ការកែច្នៃវេចខ្ចប់គ្រាប់ស្វាយចន្ទី វិស័យទេសចរណ៍ និងទេសចរណ៍មូស្លីមកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានជម្រាបថា ប្រទេសកម្ពុជាគឺជាប្រទេសប្រកាន់យកព្រះពុទ្ធសាសនា ជាសាសនារដ្ឋ ហើយមានសាសនិក៩៣% គឺប្រកាន់យកសាសនាព្រះពុទ្ធ ហើយ៥% គឺមូស្លីម និង២% សាសនាផ្សេងៗទៀត។ កម្ពុជាមានប្រជាជនសរុបគឺ ១៨ លាននាក់ក្នុងនោះ ប្រជាជនមូស្លីមមានប្រហែល ជិត ឬលើស ៨សែននាក់។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា ទោះបីជាមានព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិសេរីភាពពេញលេញ និងភាពឯករាជ្យជូនសហគមន៍មូស្លីម ក្នុងការចាត់ចែង តែងតាំងថ្នាក់ដឹកនាំសាសនារបស់ខ្លួន ជាពិសេសក៏បានផ្តល់ឱកាសដល់សហគមន៍ឥស្លាមកម្ពុជា ចូលរួមបម្រើការងារជូនជាតិផងដែរចាប់ពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ។
ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា បានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំង និងចង់ស្វែងយល់បន្ថែមអំពីយន្តការនៃការគ្រប់គ្រងកិច្ចការ និងបញ្ហានានារបស់សហគមន៍មូស្លីម នៅក្នុងប្រទេសកម្ពុជា ព្រមទាំងការអនុវត្តគោលនយោបាយសុខដុមនីយកម្មជាតិសាសន៍ និងសាសនា នៅកម្ពុជាផងដែរ។ បន្ថែមលើនេះ លោកក៏បានបន្តអញ្ជើញទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ចូលរួមក្នុងកម្មវិធីសន្និសីទស្តីពីសហគមន៍ជោគជ័យ នៅប្រទេសសិង្ហបុរីផងដែរ នៅក្នុងឆ្នាំនេះ ដើម្បីបន្តការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ទៅវិញទៅមក។
ជាមួយគ្នានេះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យហាឡាល ដើម្បីកៀរគរក្រុមហ៊ុនសិង្ហបុរី ដែលមានបំណងចង់មកវិនិយោគបង្កើតរោងចក្រកែច្នៃអាហារហាឡាលនៅកម្ពុជា សម្រាប់ផ្គត់ផ្គង់ទៅទីផ្សារសិង្ហបុរី និងនាំចេញបន្តទៅកាន់បណ្តាប្រទេសផ្សេងៗទៀត។
ឯកអគ្គរដ្ឋទូតបានឲ្យដឹងថា ដោយសារសិង្ហបុរីជាប្រទេសដែលត្រូវពឹងផ្អែកលើការនាំចូលអាហារពីបរទេសរហូតដល់ ៩០% ភាគីសិង្ហបុរីមានបំណងពង្រីកការនាំចូលកសិផលពីកម្ពុជា បន្ថែមពីលើការចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ស្តីពីសន្តិសុខស្បៀងសម្រាប់ការនាំចូលអង្ករ ដែលបានធ្វើឡើងកាលពីខែមីនា ឆ្នាំ២០២៦ កន្លងទៅ។ ដោយឡែកលើវិស័យទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (Singapore Airlines) បានចុះកិច្ចព្រមព្រៀងជាមួយក្រសួងទេសចរណ៍កម្ពុជា ក្នុងការរួមគ្នា ដើម្បីផ្សព្វផ្សាយទេសចរណ៍រួមគ្នា សំដៅបង្កើនជើងហោះហើរ នាំភ្ញៀវចូលមកកម្ពុជា តាមរយៈការតភ្ជាប់ជើងហោះហើរត្រង់ជារៀងរាល់ថ្ងៃរវាងសិង្ហបុរី-ភ្នំពេញ និងសៀមរាប ព្រមទាំងការកសាងយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចរណ៍ឥស្លាមផងដែរ។
ភាគីទាំងពីរបានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តថែរក្សា និងពង្រឹងទំនាក់ទំនងទ្វេភាគីឲ្យកាន់តែជិតស្និទ្ធ។ លោក Steven Pang Chee Wee បានបញ្ជាក់ថា ក្នុងនាមជាឯកអគ្គរដ្ឋទូតថ្មី លោកនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជំរុញ និងសម្របសម្រួលឲ្យរាល់គម្រោងកិច្ចសហប្រតិបត្តិការទាំងលើវិស័យពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្មហាឡាល និងវិស័យទេសចរណ៍ រវាងកម្ពុជា និងសិង្ហបុរី អាចលេចចេញជាផ្លែផ្កា នៅក្នុងកំឡុងពេលនៃការបំពេញបេសកកម្មការទូតរបស់លោកនៅព្រះរាជាណាចក្រកម្ពុជា៕

