ឯកឧត្តម ទិត ចន្ថា រដ្ឋមន្រ្តីស្តីទីក្រសួងទេសចរណ៍ និងជាតំណាងឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦នេះ បានទទួលជួបសម្តែងការគួរសមពីអ្នកឧកញ៉ា លី ឃុនថៃ ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Cambodia Alpha Group និងលោក LY GUO HONG សមាជិកនៃគណៈកម្មាធិការជាតិលើកទី១៤ នៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន (CPPCC) និងជាអគ្គនាយកក្រុមហ៊ុន Hainan Development Holdings Co., Ltd. ។
ពិធីនេះបានធ្វេីឡេីងនៅទីស្តីការក្រសួងទេសចរណ៍ ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងអគ្គនាយក ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងតំណាងក្រុមហ៊ុន មកពីខេត្តហៃណាន ប្រទេសចិនជាច្រើនរូបទៀត ដើម្បីជំរុញការវិនិយោគនៅកម្ពុជា និងជំរុញផ្សព្វផ្សាយគោលនយោបាយ «លើកលែងទិដ្ឋាការ (Visa-Free)» សម្រាប់ទេសចរចិន នៅរដូវកាលបៃតង ដែលនឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។
នាឱកាសនោះដែរឯកឧត្តម ទិត ចន្ថា និងលោក LY GUO HONG ក៏បានចូលរួមជាសាក្សីក្នុងកម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន Hainan Airport Infrastructure Co., Ltd (បុត្រសម្ព័ន្ធនៃក្រុមហ៊ុន Hainan Development Holdings Co., Ltd.) និងក្រុមហ៊ុន Joint Billion (Cambodia) Co., Ltd. (បុត្រសម្ព័ន្ធនៃក្រុមហ៊ុន Cambodia Alpla Group) ផងដែរ៕



















