ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិនិត្យ និងពង្រឹងការងារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងត្រៀមលក្ខណៈលើការងារគ្រប់គ្រងគ្រោះមហន្តរាយ នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។
កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំងបី ប្រធានមន្ទីរ-អង្គភាព និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីពិភាក្សាអំពីស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងខេត្តស្ទឹងត្រែង និង ការទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេស បទសល្មើស ការឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា ព្រមទាំងការត្រៀមលក្ខណៈលើការងារគ្រប់គ្រងគ្រោះមហន្តរាយ នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ដែលអាចកើតមាន ជាពិសេសនៅក្នុងរដូវវស្សា។
នៅក្នុងកិច្ចប្រជុំ ឯកឧត្តម សរ សុពុត្រា បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់កងកម្លាំង និងអាជ្ញាធរគ្រប់មូលដ្ឋាន ខេត្ត ក្រុង ស្រុក ឃុំ និង សង្កាត់ ដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅទូទាំងខេត្តកន្លងមក ហើយបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងស្ថិរភាពសង្គម និងការអភិវឌ្ឍក្នុងមូលដ្ឋាន។
ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងទាំងអស់ បន្តពង្រឹងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព ដោយផ្តោតលើការពង្រឹងការងារការពារ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសបញ្ហាបទល្មើស ការឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា ដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកខ្ពស់ ក្នុងការផ្សព្វផ្សាយ អនុក្រឹត្យលេខ ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្ដីពី ការគ្រប់គ្រងសន្តិសុខតាមទីតាំងរស់នៅប្រមូលផ្ដុំ និងបទបញ្ជា ០១ បប របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពី យុទ្ធនាការបោសសម្អាតការឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា ដល់អាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និង សហគ្រាស អាជីវករ និងបងប្អូនប្រជាពលរដ្ឋដែលពាក់ពន្ធ័ ជាដើម។
បន្ថែមពីនោះ ឯកឧត្តមក៏បានជំរុញដល់ គណៈបញ្ជាការឯកភាព ក្រុង ស្រុក ត្រូវត្រៀមលក្ខណៈឲ្យរួចរាល់ពីចំងាយ ចំពោះ ទីទួលសុវត្តិភាព សម្រាប់នៅពេលមានគ្រោះទឹកជំនន់ ដែលកើតមានឡើង នាពេលខាងមុខ និងការត្រៀមលក្ខណៈជាមុនលើការងារគ្រប់គ្រងគ្រោះមហន្តរាយ ដោយពង្រឹងប្រព័ន្ធជូនដំណឹងព្រមានជាមុន ការរៀបចំកម្លាំង និងសម្ភារៈសង្គ្រោះបន្ទាន់ ការរៀបចំផែនការជម្លៀសប្រជាពលរដ្ឋនៅតំបន់ហានិភ័យ និងការចូលរួមរបស់សហគមន៍ ដើម្បីធានាបាននូវការឆ្លើយតបឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ប្រសិនបើមានគ្រោះមហន្តរាយកើតឡើង។
ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធ បន្តសហការយ៉ាងជិតស្និទ្ធ និងអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងស្ថិរភាពសង្គម ជាពិសេសធានាឲ្យប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត និងមានជីវភាពល្អប្រសើរឡើងជាបន្តបន្ទាប់៕













