ក្រសួងបរិស្ថាន ជ្រើសរើសរថយន្តថាមពលថ្មី ZEEKR ជារថយន្តផ្លូវការ សម្រាប់ការប្រើប្រាស់ការងាររដ្ឋ និងជារថយន្តគំរូបរិស្ថាន


ក្រសួងបរិស្ថានកម្ពុជា និងក្រុមហ៊ុន Oneroad Group នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រ(MOU) ដើម្បីពង្រឹងកិច្ចសហការរវាងភាគីទាំងពីរ។

ដោយជ្រើសរើសរថយន្តថាមពលថ្មីម៉ាក ZEEKR ជា «រថយន្តផ្លូវការដែលបានណែនាំសម្រាប់ការងាររដ្ឋ» និងជា «រថយន្តគំរូបរិស្ថាន» របស់ក្រសួងបរិស្ថាន។ ការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការជំរុញឱ្យស្ថាប័នរដ្ឋ និងមន្ត្រីរាជការ ឈានមុខក្នុងការប្រើប្រាស់មធ្យោបាយធ្វើដំណើរបៃតង និងកាត់បន្ថយការបញ្ចេញកាបូននៅកម្ពុជា។

ការចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រ(MOU) នេះ មានគោលបំណងឆ្លើយតបទៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា តាមរយៈការបង្ហាញគំរូដោយស្ថាប័នសាធារណៈ ដើម្បីពន្លឿនការផ្សព្វផ្សាយ និងការប្រើប្រាស់រថយន្តថាមពលថ្មីនៅក្នុងប្រទេស។

ក្រុមហ៊ុន Oneroad Group តាមរយៈម៉ាករថយន្ត ZEEKR នឹងផ្តល់ជូន និងណែនាំម៉ូដែលរថយន្តថាមពលថ្មីជាច្រើនប្រភេទសម្រាប់ការប្រើប្រាស់ក្នុងការងារផ្លូវការ និងសកម្មភាពបង្ហាញជាសាធារណៈអំពីការធ្វើដំណើរបៃតង។ គំនិតផ្តួចផ្តើមនេះ មិនត្រឹមតែជួយកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនពីការប្រតិបត្តិការរបស់រដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញជាក់ស្តែងដល់សាធារណជនអំពីប្រសិទ្ធភាព និងសក្តានុពលនៃការដឹកជញ្ជូនបៃតងផងដែរ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ក្នុងពិធីចុះហត្ថលេខាថា ការលើកកម្ពស់ការប្រើប្រាស់រថយន្តថាមពលថ្មី គឺជាវិធានការដ៏សំខាន់មួយសម្រាប់កម្ពុជាក្នុងការសម្រេចគោលដៅការពារបរិស្ថាន និងការផ្លាស់ប្តូរថាមពលប្រកបដោយចីរភាព។ ការសម្រេចចិត្តសហការជាមួយក្រុមហ៊ុន OneroadGroup និងម៉ាករថយន្ត ZEEKR គឺដោយសារតែបច្ចេកវិទ្យាអគ្គិសនីឆ្លាតវៃឈានមុខគេ និងគុណភាពផលិតផលដែលមានភាពជឿជាក់ខ្ពស់។

រថយន្ត ZEEKR នឹងក្លាយជានិមិត្តរូបនៃ «ការធ្វើដំណើរបៃតង» ដែលជួយផ្សព្វផ្សាយគំនិតអភិវឌ្ឍន៍ប្រកបដោយចីរភាពតាមរយៈការប្រើប្រាស់ក្នុងការងារផ្លូវការ និងសកម្មភាពសាធារណៈនានា។

លោក Luo Canfa អគ្គនាយកក្រុមហ៊ុន Oneroad Group បានថ្លែងថា ក្រុមហ៊ុនមានកិត្តិយសយ៉ាងក្រៃលែងដែលរថយន្តថាមពលថ្មី ZEEKR ទទួលបានការទទួលស្គាល់ពីក្រសួងបរិស្ថានកម្ពុជា។ ក្រុមហ៊ុននឹងយកឱកាសនេះជាចំណុចចាប់ផ្តើម ដើម្បីផ្តល់នូវផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់ ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយផែនការអភិវឌ្ឍន៍បៃតងរបស់កម្ពុជា។

ភាគីទាំងពីរក៏នឹងស្វែងរកឱកាសសហប្រតិបត្តិការបន្ថែមក្នុងវិស័យស្ថានីយសាកអគ្គីសនី រួមទាំងប្រព័ន្ធដឹកជញ្ជូនចែករំលែកដោយប្រើថាមពលថ្មី ដើម្បីរួមចំណែកកសាងប្រព័ន្ធដឹកជញ្ជូនស្អាត ឆ្លាតវៃ និងមានចីរភាពសម្រាប់កម្ពុជា។

ការដែលរថយន្ត ZEEKR ត្រូវបានជ្រើសរើសជារថយន្តផ្លូវការ និងរថយន្តគំរូសម្រាប់ស្ថាប័នរដ្ឋកម្ពុជា លើកនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយទៀតរបស់ក្រុមហ៊ុន Oneroad Group ក្នុងការពង្រីកវត្តមានរបស់ខ្លួននៅទីផ្សារអាស៊ីអាគ្នេយ៍ និងការអនុវត្តទំនួលខុសត្រូវសង្គមរបស់សហគ្រាស។

ជាមួយគ្នានេះ វាក៏បានបង្ហាញពីការទទួលស្គាល់យ៉ាងទូលំទូលាយពីទីផ្សារអន្តរជាតិ ចំពោះបច្ចេកវិទ្យា គុណភាព និងតម្លៃបរិស្ថានរបស់រថយន្តថាមពលថ្មីដែលផលិតដោយបច្ចេកវិទ្យាទំនើបរបស់ប្រទេសចិនផងដែរ។

ក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា និងសភាពាណិជ្ជកម្មហ្វូជៀនកម្ពុជា និងបណ្តាមធ្យោបាយសារព័ត៌មាន ព្រមទាំងតំណាងសមាគមពាណិជ្ជកម្មមួយចំនួន បានចូលរួមជាសាក្សីក្នុងពិធីចុះហត្ថលេខានេះ៕