សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការលើកដី បិទច្រកព្រំដែននៅសំពៅលូន ជាការធ្វើ​សកម្ម​ភាព​បង្កហេតុ, រឿងព្រំដែន មានតែនាយករដ្ឋមន្ត្រីទេ ជាអ្នកសម្រេច


ថ្លែងចេញពីទឹកដី នៃខេត្ដបន្ទាយមានជ័យ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខ​រដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ចាត់ទុកការលើកដី បិទច្រកព្រំដែននៅសំពៅលូន ខេត្ដបាត់ដំបង ជាការធ្វើ​សកម្ម​ភាព​បង្កហេតុ និងចាត់ទុកជាទង្វើខុសឆ្គង។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុង​ឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាល និងចែកអំណោយជូន​ជនភៀសសឹក ៣ ៣១៨នាក់ កំពុងស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «រឿងសំពៅលូន រឿងអីយើងទៅកាយដីដាក់ធ្វើជាទំនប់ ហើយអត់សួរនាំនាយករដ្ឋមន្ដ្រីទៀត អាហ្នឹងជាការបង្កហេតុ ហើយនាយករដ្ឋមន្ដ្រី បានស្ដីបន្ទោសយ៉ាងខ្លាំង»

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រឿងថៃបិទព្រំដែនបិទទៅ កុំទៅរវល់ ថៃចង់បិទព្រំដែន ១០០ឆ្នាំ ឬ៥០០ឆ្នាំទៀត ក៏បិទទៅ មិនចាំបាច់និយាយច្រើនទេ។ សម្តេចតេជោ បានថ្លែងថា រឿងព្រំដែន មានតែនាយករដ្ឋមន្ត្រីទេ ជាអ្នកសម្រេច មន្ត្រីតាមខេត្តមិនអាចធ្វើសកម្មភាព តាមចិត្តខ្លួននោះឡើយ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យចាត់វិធានការ ទៅលើជនលួចនាំទំនិញពីថៃ ដោយចាត់​តាម​វិធាន​ការច្បាប់ ដកហូតទ្រព្យសម្បត្តិ និងយកទៅធ្វើការនៅតាមព្រំដែន។ សម្តេចតេជោ បានបញ្ជាក់ថា រយៈពេលមួយឆ្នាំហើយ កម្ពុជា មិនបានជួបវិបត្តិផ្គត់ផ្គង់ទំនិញនោះទេ៕