សម្តេចតេជោ ហ៊ុន សែន ថ្លែងទៅកាន់ក្រុមប្រឆាំង ដែលតែងជំរុញឱ្យរាជរដ្ឋាភិបាល​ ប្រើ​កម្លាំង​វាយយកដីពីថៃ និងប្រាប់ឱ្យមើលព្រៃទាំងមូល កុំមើលឈើមួយដើម


សម្តេចតេជោ ហ៊ុន សែន ប្រមុខ​រដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារទៅកាន់ក្រុមប្រឆាំង ដែលតែងជំរុញឱ្យរាជរដ្ឋាភិបាល​ប្រើ​កម្លាំង​វាយយកដីពីថៃ និងប្រាប់ឱ្យមើលព្រៃទាំងមូល កុំមើលឈើមួយដើម។

សម្រាប់សម្តេចតេជោ ការ​ប្រើ​កម្លាំងវាយយកដីពីថៃ គឺជាការបរាជ័យខាងផ្នែកនយោបាយ និងការទូតចំពោះមុខអន្តរជាតិ មិនថាប្រទេសតូច ឬប្រទេសធំនោះទេ។ សម្តេចតេជោ បានថ្លែងបន្តថា បន្ថែមពីលើនោះ បើមានការផ្ទុះអាវុធ កងទ័ព និងប្រជាជននឹងត្រូវស្លាប់ និងរងរបួស ហើយនឹង​បង្ក​ការលំបាកជាច្រើនដល់ប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅព្រឹកថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញសំណេះសំណាល និងចែកអំណោយជូន​ជនភៀសសឹក ៣ ៣១៨នាក់ កំពុងស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ពួកជ្រុលនិយមខ្មែរមួយចំនួននៅក្រៅប្រទេស ចង់ណាស់ឲ្យយើងប្រើប្រាស់កម្លាំងវាយយកមកវិញ ទីតាំងដែលគេកាន់កាប់។ តែខ្ញុំសូមសួរបងប្អូននៅទីនេះ​ តើចង់មានសង្គ្រាមសាជាថ្មីឬអត់? ខ្ញុំជាអតីតទាហានតាំងពីអាយុ ១៨ឆ្នាំ រហូតមកដល់ពេលនេះ ខ្ញុំនៅតែជាតួអង្គម្នាក់ ក្នុងចំណោមតួអង្គដែលមានឥទ្ធិពលលើកម្លាំងប្រដាប់អាវុធ​ ក៏ប៉ុន្តែរឿងនេះយើងត្រូវឃើញឲ្យច្បាស់ជាមុន។ តើយើងត្រូវយកតាមការញុះញង់តាមពួកក្រៅប្រទេសទេ? ឥលូវខ្ញុំបញ្ជាក់ ហេតុអ្វីបានជាយើងមិនប្រើប្រាស់កម្លាំង ដើម្បីនឹងវាយកាន់កាប់? ខ្ញុំសូមអានសេចក្តីថ្លែងការណ៍បទឈប់បាញ់ កាលពីថ្ងៃទី២៧»

សូមជម្រាបថា ថៃបានឈ្លានពានកម្ពុជាចំនួន ២លើក នៅឆ្នាំ២០២៥ រួមមាន៖ លើកទី១ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយយោធាថៃបានបើកការវាយប្រហារមុនមកលើកងទ័ពកម្ពុជាដែលឈរជើងនៅតំបន់ប្រាសាទតាមាន់ធំ និងលើកទី២ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ដោយសារថៃបានរំលោភលើកិច្ចព្រមព្រៀងសន្តិភាព (ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥) ដោយបានបើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី ដោយចោទថា កម្ពុជាបានបាញ់ចូលដីថៃមុន៕