សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យចាត់វិធានការឱ្យបានម៉ឺងម៉ាត់ទៅលើជនដែលលួចនាំទំនិញពីថៃ ​ដកហូតទ្រព្យសម្បត្តិ និងយកទៅធ្វើការនៅតាមព្រំដែន


សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី៩ ខែមិថុនានេះ បានណែនាំឱ្យមានការចាត់វិធានការ ទៅលើជនដែលលួចនាំទំនិញពីថៃចូលមកលក់នៅកម្ពុជាឱ្យបានម៉ឺងម៉ាត់ និងដកហូតទ្រព្យសម្បត្តិ ព្រមទាំងយកទៅធ្វើការនៅតាមព្រំដែន។

​សម្តេចណែនាំបែបនេះ ដោយសម្តេចសង្កេតឃើញថា បើទោះបីជាព្រំដែនកម្ពុជា-ថៃបានបិទតាំងពីពាក់កណ្តាលឆ្នាំ២០២៥ក្តី នៅតែមានជនខិលខូចលួចនាំទំនិញពីថៃមកកម្ពុជា។ សម្តេចតេជោបានបានបញ្ជាក់ថា​ រយៈពេលមួយឆ្នាំ​ដែល កម្ពុជានិងថៃកើតមានជម្លោះជាមួយគ្នារហូតឈានដល់ការបិទព្រំដែនគោកទាំងស្រុង ​កម្ពុជាមិនបានជួបវិបត្តិផ្គត់ផ្គង់ទំនិញនោះទេ ហើយបើទោះបីជាថៃបិទព្រំដែន រហូតដល់១០០ឆ្នាំ ឬ៥០០ឆ្នាំទៀត​ ក៏កម្ពុជាមិនបារម្ភនោះដែរ។

ថ្លែងទៅកាន់​ពលរដ្ឋភៀសសឹកប្រមាណ ៣ ៣១៨គ្រួសារ កំពុងស្នាក់នៅ​មជ្ឈមណ្ឌល​ភៀសសឹក​បណ្តោះអាសន្នក្នុងភូមិស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា«​ខ្ញុំក៏សូមប្រដៅ អាអ្នកនាំទំនិញ ខាងនោះគេថា រត់ពន្ធទំនិញពីនោះមក ឯខាងយើងមើលតាមទល់ដែនទាំងឡាយ បិទពួកអាអ្នកនាំចូលទំនិញចូលមកដែលខុសច្បាប់ ដាក់វាមើល រឹបអូសស្អីៗហើយឱ្យវាទៅរែកដី។ ក្រែងរាល់ថ្ងៃនេះ យើងមានទឹកសុទ្ធរបស់យើង យើងមានមីរបស់យើង ហើយមានស្អីរបស់យើងអស់ហើយ ហើយទៅប្រកាច់យស្អី។ ហើយជូនកាលលេងយកមកសុទ្ធតែជង្គង់មាន់ អាគេមិនស៊ីជើងមាន់ ឯងមកយកជើងមាន់មកឱ្យខ្មែរស៊ី»។

​សម្តេចមានប្រសាសន៍ថា ក្នុងពេលដែលថៃ ថាកម្ពុជាខ្វះទំនិញ តែកម្ពុជាមិនបានខ្វះទំនិញប្រើប្រាស់នោះទេ ក្នុងរយៈមួយឆ្នាំនេះ គឺខ្មែរមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការផ្គត់ផ្គង់ទំនិញខ្លួនឯង ដូច្នេះហើយទំនិញដែលថៃធ្លាប់នាំមកកម្ពុជា ក្នុងតម្លៃប្រមាណ១០លានដុល្លារ ឱ្យខាងថៃទុកប្រើខ្លួនឯងចុះ ហើយកម្ពុជាត្រូវប្រើប្រាស់ទំនិញដែលផលិតក្នុងស្រុកជំនួសវិញ។ ហើយក្នុងករណីដែលទំនិញក្នុងស្រុកមានការខ្វះខាត អាចនាំទំនិញពីវៀតណាម ម៉ាឡេស៊ី ចិន សិង្ហបុរី យកមកលក់វិញ។

​ត្រង់ចំណុចនេះ សម្តេចតេជោ បានលើកទឹកចិត្តឱ្យមានការផលិតទំនិញក្នុងស្រុក ឱ្យបានច្រើន​​ ដើម្បីផ្គត់ផ្គង់ឱ្យគ្រប់តម្រូវការ​។ សម្តេចបានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ គឺជាឱកាសមាសឱកាសប្រាក់ សម្រាប់ការផលិតស្រុក ដើម្បីពង្រឹងសេដ្ឋកិច្ចខ្មែរ។
ជាក់ស្តែង​ក្រុមហ៊ុនផលិតសាប៊ូមួយ មុនពេលព្រំដែនត្រូវបានបិទ លក់មួយខែបានតែ៣០ម៉ឺនដុល្លារប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ព្រំដែនបានបិទ ១ខែលក់បាន៣លានដុល្លារ។

សូមជម្រាបថា ចាប់តាំងពីកម្ពុជា ផ្ទុះជម្លោះជាមួយថៃ កាលពីកណ្តាលឆ្នាំ២០២៥មក ចំនួនសហគ្រាសខ្នាតតូច និងមធ្យម(SMEs)នៅកម្ពុជា បានកើនឡើងច្រើនគួរឱ្យកត់សម្គាល់​​ ខណៈចំនួនរោងចក្របានកើនឡើងរហូតដល់ជាង ១០០%។ បើតាម មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ថា ​កំណើនសហគ្រាសធុនតូច និងមធ្យម ចាប់ពីខែមករា ដល់មីនា ឆ្នាំ២០២៦ មានកំណើន ៥០៥ មូលដ្ឋាន។ ដោយឡែកសម្រាប់ឆ្នាំ២០២៥ ចំនួន SMEs មានកំណើន ១ ២៦៨ មូលដ្ឋាន និងរោងចក្រធុនធំមានកំណើន ៧០០ រោងចក្រ​៕