ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ទៅពិនិត្យគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ ០១ខ្សែ និងការដ្ឋានវាយថ្ម ២កន្លែងស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង


ខេត្តបន្ទាយមានជ័យ-បាត់ដំបង៖ នាព្រឹកថ្ងៃអង្គារ ៩រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំក្រសួង បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ អញ្ជើញទៅពិនិត្យគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ០១ខ្សែ មានប្រវែង ៩, ៩៦៨គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ ចិញ្ចើមផ្លូវក្រាលដីល្បាយថ្មភ្នំសងខាង ម្ខាងៗ ១ម៉ែត្រ ព្រមទាំងមានសំណង់សិល្បការ្យមួយចំនួនទៀត។ ផ្លូវមួយខែ្សនេះ តភ្ជាប់ពីផ្លូវជាតិលេខ៥៩ ត្រង់ចំណុចគ.ម.១២ នៃភូមិអូរអំពិល ទៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលបង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយបាននិងកំពុងបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ចំនួន ៣ភូមិ ដែលមានប្រជាពលរដ្ឋសរុបចំនួន ១ ៦២៧គ្រួសារ ស្មើនឹង ៥ ៧២២នាក់។ គួរបញ្ជាក់ជូនដែរថា ខ្សែផ្លូវនេះ ជាគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដែលពិតជាមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ នៅក្នុងភូមិ ឃុំខាងលើ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងភូមិ ឃុំក្បែរខាង ដោយសារផ្លូវនេះ បាននិងកំពុងចូលរួមដោយផ្ទាល់ក្នុងការលើកកម្ពស់ជីវភាពប្រចាំថ្ងៃ តាមរយៈ ការបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើររបស់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូទៅសាលារៀន ការដឹកជញ្ជូនកសិផល និងការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅទទួលសេវាសាធារណៈផ្សេងៗ ដោយចំណេញពេលវេលា និងថវិកាបានយ៉ាងច្រើន និងមានសុវត្ថិភាពផងដែរ។

បន្ទាប់ពីអញ្ជើញចុះពិនិត្យខ្សែផ្លូវរួចមក ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងប្រតិភូអមដំណើបានអញ្ជើញទៅពិនិត្យការដ្ឋានកិនថ្មចំនួន ២ទីតាំងទៀតដែលស្ថិតនៅភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។ ការអញ្ជើញចុះពិនិត្យដោយផ្ទាល់នាពេលនេះក្នុងគោលបំណងដើម្បីស្វែងយល់ពីចង្វាក់នៃការផលិត និងគុណភាពនៃវត្ថុធាតុដើមសម្រាប់យកមកស្ថាបនា និងលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឱ្យកាន់តែមានភាពរឹកមាំប្រើប្រាស់បានយូរអង្វែង៕