ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ចែករំលែកចំណេះដឹងពី «កំណែទម្រង់វិស័យអប់រំនៅកម្ពុជា» ដល់គណៈគ្រប់គ្រង សិស្សមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាលជិត ១ ០០០អង្គ/នាក់


ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើ្ជញជាអធិបតីធ្វើបាឋកថាចែករំលែកចំណេះដឹងស្តីពី «កំណែទម្រង់វិស័យអប់រំនៅកម្ពុជា»ជូនគណៈគ្រប់គ្រង មន្ត្រីរាជការ សិស្សមន្ត្រី ជាន់ខ្ពស់ជំនាន់ទី១៣ សិស្សមន្ត្រីក្រមការជំនាន់ទី១២ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ និងកម្មសិក្សការីមន្ត្រីមធ្យម ឆ្នាំ២០២៦ នៃសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ៨០០អង្គ/នាក់ ទាំងចូលរួមដោយផ្ទាល់ និងពីចម្ងាយតាមប្រព័ន្ធអនឡាញ (Microsoft Teams)។

ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានបង្ហាញក្តីសោមនស្សយ៉ាងក្រៃលែងចំពោះវត្តមានរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានអញ្ជើញចូលរួមជាអធិបតី និងជាវាគ្មិនក្នុង កម្មវិធីបាឋកថាស្តីពី «កំណែទម្រង់វិស័យអប់រំនៅកម្ពុជា» ជូនគណៈគ្រប់គ្រង មន្ត្រីរាជការ សិស្សមន្ត្រី ជាន់ខ្ពស់ជំនាន់ទី១៣ សិស្សមន្ត្រីក្រមការជំនាន់ទី១២ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ និងកម្មសិក្សការីមន្ត្រីមធ្យម ឆ្នាំ២០២៦ នៃសាលាភូមិន្ទរដ្ឋបាល។

ឯកឧត្តម យក់ ប៊ុនណា ក្នុងនាមតំណាងឱ្យឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានសម្តែងនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ចំពោះការចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកចែករំលែកចំណេះដឹងនិងបទពិសោធន៍នាពេលនេះ និងបានបញ្ជាក់ថា នេះគឺជាសកម្មភាពប្រកបដោយគុណតម្លៃ ក្នុងការជួយពង្រឹងដល់ដំណើរការនៃការបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាល ដើម្បីអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យសាធារណៈស្របតាមចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។⁩

តាមរយៈវេទិកាបាឋកថាស្តីពី «​កំណែទម្រង់វិស័យអប់រំនៅកម្ពុជា» ឯកឧត្តម យក់ ប៊ុនណា បានបញ្ជាក់ដែរថា គណៈគ្រប់គ្រង មន្ត្រីរាជការ សិស្សមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាល នឹងទទួលបាននូវការចែករំលែកចំណេះដឹង និងបទពិសោធពាក់ព័ន្ធនឹងចក្ខុវិស័យ ទស្សនាទាន ឧត្តមានុវត្តលើការដឹកនាំនិងគ្រប់គ្រងលើ វិស័យសាធារណៈ ការលើកកម្ពស់គុណ ធម៌ជាមន្ត្រី ភាពជាគំរូក្នុងការដឹកនាំ និងការបំពេញការងារ ការងារកែទម្រង់និងការអនុវត្តគោលនយោបាយរបស់ក្រសួង ស្ថាប័ន។

ក្នុងន័យនេះឯកឧត្តម យក់ ប៊ុនណា ក៏បានស្នើដល់សិស្សមន្ត្រី និងកម្មសិក្សាការីទាំងអស់ សូមត្រង់ត្រាប់ស្តាប់ដោយយកចិត្តទុកដាក់ និងរៀនសូត្រអំពីការចែករំលែកចំណេះដឹងនិងបទពិសោធរបស់លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដើម្បីបង្កើននូវពុទ្ធិផ្ទាល់ខ្លួន និងប្រើប្រាស់ជាមេរៀន និងប្រយោជន៍សម្រាប់ការបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពនៅតាមអង្គភាពរបស់ខ្លួន នាពេលអនាគតផងដែរ។

សូមបញ្ជាក់ដែរថា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន គឺជាអនុប្រធានប្រចាំការនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (SNEC) ដែលជាស្ថាប័នខួរក្បាលរបស់រាជរដ្ឋាភិបាល និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចាប់ពីនីតិកាលទី៥នៃរដ្ឋសភា រហូតដល់បច្ចុប្បន្ន។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជំនាញសេដ្ឋកិច្ចអន្តរជាតិពីវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ ទីក្រុងម៉ូស្គូ ពីឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៩១ ព្រមទាំងបានទទួលសញ្ញាបត្រផ្នែកធានារ៉ាប់រងពីវិទ្យាស្ថានធានារ៉ាប់រងរបស់ប្រទេសអង់គ្លេស និងវិទ្យាស្ថានធានារ៉ាប់រងរបស់ប្រទេសម៉ាឡេស៊ី នៅឆ្នាំ២០០៨។ នៅឆ្នាំ២០១២ លោកបណ្ឌិតសភាចារ្យ បានទទួលសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកនីតិអន្តរជាតិសាធារណៈ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជាមួយសាកលវិទ្យាល័យ Lumière Lyon 2 ព្រមទាំងវិញ្ញាបនបត្រផ្នែកនីតិសមុទ្រពីបណ្ឌិតសភា Rhodes និងសញ្ញាបត្របណ្ឌិតរដ្ឋបាលអប់រំពីសាកលវិទ្យាល័យជូឡាឡុងកនថែមទៀតផង៕