ឯកឧត្តម ជា ចំណាន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា ដើម្បីលើកកម្ពស់សុខុមាលភាព និងស្តារនីតិសម្បទាដល់ជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀន ទាមទារឲ្យមានការទទួលបានសេវាព្យាបាលប្រកបដោយសុវត្ថិភាព និងវិជ្ជាជីវៈ។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ដូចនេះនាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការងារស្តារសម្បទាអ្នកញៀនគ្រឿងញៀន ដល់ប្រធានមជ្ឈមណ្ឌល មន្រ្តីនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានយល់ដឹងអំពីការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។
ក្នុងនាមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា ចំណាន បានបន្តថា ភាពញៀនគ្រឿងញៀន គឺជាបញ្ហាស្មុគស្មាញដែលប៉ះពាល់មិនត្រឹមតែបុគ្គលប៉ុណ្ណោះទេ ថែមទាំងគ្រួសារ មិត្តភក្តិ និងសង្គមទាំងមូលផងដែរ, វាជាជំងឺដែលទាមទារការយល់ចិត្ត ការយល់ដឹង ហើយសំខាន់បំផុតគឺការព្យាបាលប្រកបដោយប្រសិទ្ធភាព ហើយឯកឧត្តមដឹងយ៉ាងច្បាស់អំពីការទទួលខុសត្រូវដែលយើងត្រូវធានាថា គោលនយោបាយ និងកម្មវិធីរបស់យើងឆ្លុះបញ្ចាំងពីការអនុវត្តល្អបំផុតក្នុងវិស័យព្យាបាល និងស្តារនីតិសម្បទា។ បញ្ហាគ្រឿងញៀនបច្ចុប្បន្នបានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយ ដែលថ្នាក់ដឹកនាំនានាលើពិភពលោក តែងតែលើកយកមកពិភាក្សាក្នុងជំនួបនានា ពីព្រោះវាបានបង្កជាវិនាសកម្មយ៉ាងធ្ងន់ធ្ងរចំពោះសង្គមជាតិ និងជាឧបសគ្គដ៏ធំរារាំងដល់ការអភិវឌ្ឍជាតិ។
ឯកឧត្តម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក ឆេង ណារិទ្ធ ប្រធាននាយកដ្ឋានគាំពារអ្នកញៀនគ្រឿងញៀន បានរៀបចំសិក្ខាសាលាជូនដល់ប្រធាមជ្ឈមណ្ឌល មណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន យកទៅអនុវត្ត និងក៏ជាលិខិតបទដ្ឋានគតិយុត្ត ដែលរៀបចំឡើងដើម្បីលើកកម្ពស់សុខុមាលភាព និងការស្តារនីតិសម្បទាដល់ជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀន ឱ្យទទួលបានសេវាប្រកបដោយសុវត្ថិភាព និងវិជ្ជាជីវៈ។
ឯកឧត្តម ជា ចំណាន ក៏បានបញ្ជាក់ទៀតថា សភាពការណ៍គ្រឿងញៀន ទាំងនៅក្នុងក្របខ័ណ្ឌអន្តរជាតិ និងក្នុងតំបន់នៅតែបង្ហាញឱ្យឃើញថា តម្រូវការគ្រឿងញៀនសំយោគនៅតែមានកំណើនខ្ពស់ ពិសេសទីផ្សារគ្រឿងញៀនប្រភេទមេតំហ្វេតាមីនក្រាមម្សៅ មានការកើនឡើងខ្លាំង ក្នុងពេលដែលដំណាំអាភៀន ក៏ដូចជាគ្រឿងញៀនប្រភេទហេរ៉ូអ៊ីន មានការថយចុះគួរឱ្យកត់សម្គាល់។
សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចបតី ហ៊ុន ម៉ាណែត បានចាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហាអាទិភាពមួយក្នុងចំណោមបញ្ហាអាទិភាពមួយចំនួនទៀត ដែលត្រូវដោះស្រាយចំពោះមុខ ហើយបានបង្ហាញពីឆន្ទៈដ៏មុតស្រួចបំផុតក្នុងការកាត់បន្ថយ និងឈានទៅលុបបំបាត់ឱ្យអស់ពីកម្ពុជា ដើម្បីឆ្លើយតបទៅនឹងក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបានបញ្ចូលការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិស្ថានគ្របដណ្តប់របស់ស្នួលនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈរបស់ប្រជាជន។
ឯកឧត្តម បានបន្ថែមថាការបន្តដាក់ចេញនូវផែនការយុទ្ធនាការលើកទី១១ ក៏ដូចជាបង្កើតគណៈបញ្ជាការយុទ្ធនាការសម្រាប់ អាណត្តិថ្មីនេះ គឺជាការបង្ហាញឆន្ទៈមោះមុត និងទស្សនវិស័យច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្នុងការកែប្រែកម្ពុជាទៅជាប្រទេសមួយ ដែលគ្រឿងញៀនលែងជាឧបសគ្គ និងបញ្ហារបស់សង្គមជាតិ។ ជាពិសេសការជំរុញលើកទឹកដល់វិស័យឯកជន ក្នុងការបង្កើតមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅតាមបណ្តារាជធានី ខេត្ត បានរួមចំណែកក្នុងការដោះស្រាយបញ្ហាចង្អៀតណែនអ្នកញៀនគ្រឿងញៀន ដែលកំពុងសម្រាកព្យាបាលនៅតាមមណ្ឌលបណ្តោះអាសន្ននានា, អ្នកជំងឺទាំងអស់នោះនឹងត្រូវពិនិត្យ វាយតម្លៃ ស្របតាមលក្ខខណ្ឌនៃការបញ្ជូន ដើម្បីស្នាក់នៅព្យាបាល និងស្តារនីតិសម្បទា បណ្ដុះបណ្ដាលវិជ្ជាជីវៈបំណិនជីវិតរយៈពេលខ្លី និងមធ្យមនៅក្នុងមជ្ឈមណ្ឌល មុននឹងសមាហរណកម្មទៅក្រុមគ្រួសារ និងសហគមន៍វិញ៕






















































































