ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានព្រមានលុបឈ្មោះមន្ត្រីរាជការរូបណា ដែលត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានសារធាតុញៀន នៅក្នុងខ្លួន ចេញពីក្របខណ្ឌដោយគ្មានការយោគយល់នោះឡើយ។
ថ្លែងនៅក្នុងពិធីបើកយុទ្ធនាការធ្វើតេស្តរកសារធាតុញៀន លើថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា ប្រមាណជិត ២០០នាក់ របស់មន្រ្តីសាលាខេត្តតាកែវ នៅព្រឹកថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ២០២៦នេះឯកឧត្តម វ៉ី សំណាង បានឱ្យដឹងថា ការធ្វើតេស្តរកសារធាតុញៀន ដែលអនុវត្តទៅលើកថ្នាក់ដឹកនាំ និងមន្រ្តីរាជការនាពេលនេះ គឺជាការអនុវត្តស្របតាមបទបញ្ជាលេខ០១ប.ប ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ នៅតាមបណ្តាក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយក្នុងនាមរដ្ឋបាលខេត្ត សូមឱ្យប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក បន្តអនុវត្តឱ្យបានម៉ឺងម៉ាត់ ចំពោះមន្រ្តីរាជការក្រោមឱវាទរបស់ខ្លួន ដោយគ្មានការយោគយល់ណាមួយឡើយ ប្រសិនបើរកឃើញថា មានសារធាតុញៀនក្នុងខ្លួន នឹងលុបឈ្មោះចេញពីក្របខណ្ឌមន្រ្តីរាជការស៊ីវិលតែម្តង។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តតាកែវ បានណែនាំមន្ត្រីរាជការទាំងអស់ សូមកុំពាក់ព័ន្ធ និងប្រើប្រាស់គ្រឿងញៀនឱ្យសោះ ព្រោះច្បាប់គ្មានការយោគយល់ ឬលើកលែងឡើយ ហើយកាលណាមានសារធាតុញៀនក្នុងខ្លួន នោះសង្គមក៏ស្អប់ខ្ពើមប្រជាពលរដ្ឋក៏ស្អប់ខ្ពើមហើយគ្រួសារខ្លួនឯងក៏មានការស្អប់ខ្ពើមផងដែរ។
សូមបញ្ជាក់ថា លទ្ធផលនៃការធ្វើតេស្តរកសារធាតុញៀនលើមន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យាសាលាខេត្តជិត២០០នាក់ គឺមិនបានរកឃើញមន្រ្តីណាម្នាក់មានសារធាតុញៀននៅក្នុងខ្លួននោះទេ៕













