ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អញ្ជើញទស្សនកិច្ចនៅសាកលវិទ្យាល័យដ៏ល្បីល្បាញ ស៊ុន យ៉ាតសេន (Sun Yat-sen) នៃសាធារណរដ្ឋប្រជាមានិតចិន


ក្នុងឱកាសស្នាក់នៅសាធារណរដ្ឋប្រមានិតចិន ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញទស្សនកិច្ចនៅសាកលវិទ្យាល័យ ស៊ុន យ៉ាតសេន (Sun Yat-sen) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុតមួយ របស់ប្រទេសចិន ដែលស្ថិតនៅក្នុងទីក្រុងក្វាងចូវ។

សាកលវិទ្យាល័យស៊ុន យ៉ាតសេន ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩១៥ ដោយលោកវេជ្ជបណ្ឌិត ស៊ុន យ៉ាតសេន ដែលជាបិតាស្ថាបនិកដ៏ល្បីល្បាញ។ គិតមកដល់បច្ចុប្បន្ន គ្រឹះស្ថាននេះមានប្រវត្តិសាស្ត្ររឹងមាំ ជាងមួយសតវត្សរ៍ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងការស្រាវជ្រាវវិទ្យាសាស្ត្រកម្រិតខ្ពស់។

បច្ចុប្បន្នគ្រឹះស្ថាននេះ មានរចនាសម្ព័ន្ធគ្រប់គ្រងយ៉ាងទូលំទូលាយ ដោយមានសាលា និងដេប៉ាតឺម៉ង់សរុបចំនួន៦៩។ គ្រឹះស្ថាននេះ កំពុងបណ្តុះបណ្តាលនិស្សិតចំនួនជាង៧២ពាន់នាក់ មានទាំងថ្នាក់បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិត ព្រមទាំងបណ្ឌិតផងដែរ។ ជាមួយគ្នានេះ គ្រឹះស្ថានក៏បាននឹងកំពុងទាក់ទាញនិស្សិតអន្តរជាតិ ចំនួន៥០៧នាក់ មកពី៧៤ប្រទេស ឱ្យមកបន្តការសិក្សា ព្រមទាំងមានបណ្តាញអតីតនិស្សិត (Alumni) ជាង៨០០,០០០នាក់នៅទូទាំងសកលលោក។

ក្នុងឱកាសនេះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានអញ្ជើញទស្សនកិច្ចនៅសារមន្ទីរប្រវត្តិសាស្ត្រ នៃសាកលវិទ្យាល័យ ស៊ុន យ៉ាតសេន (SYSU) ដែលបង្ហាញពីកេរដំណែលអប់រំ ដែលមានអាយុកាលរាប់សតវត្សរ៍របស់សាកលវិទ្យាល័យនេះ។ សារមន្ទីរនេះមានដាក់តាំងបង្ហាញនូវឯកសារសរសេរដោយដៃជាប្រវត្តិសាស្ត្រ វត្ថុបុរាណដ៏មានតម្លៃ និងឯកសារបណ្ណសារនានា ដែលរំលេចឱ្យឃើញពីការបង្កើត ការវិវត្ត និងការរួមចំណែកឈានមុខគេរបស់ស្ថាប័ននេះក្នុងការស្រាវជ្រាវ។

សាកលវិទ្យាល័យនេះ មានជម្រើសការសិក្សាយ៉ាងសម្បូរបែប រួមមាន ១២៩ ជំនាញសម្រាប់ថ្នាក់បរិញ្ញាបត្រ, ៦៩ ជំនាញសម្រាប់ថ្នាក់អនុបណ្ឌិត និង ៦៣ ជំនាញសម្រាប់ថ្នាក់បណ្ឌិត។ មុខជំនាញល្បីៗ និងសំខាន់ៗរបស់សាកលវិទ្យាល័យនេះ មានដូចជា ផ្នែកវិទ្យាសាស្ត្រវេជ្ជសាស្ត្រ , ធុរកិច្ច គ្រប់គ្រង និងសេដ្ឋកិច្ច , ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ផ្នែកវិទ្យាសាស្ត្រសង្គម និងច្បាប់ ព្រមទាំងផ្នែកមនុស្សសាស្ត្រ និងភាសា៕