សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo


សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន លោកស្រី Maria Fernanda Lay ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាពរបស់ លោកបណ្ឌិត Francisco Guterres Lú-Olo អតីតប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត (២០១៧-២០២២) ដែលបានទទួលមរណភាព កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦។

នៅក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច្នេះថា «ខ្ញុំមានសេចក្ដីក្ដុកក្ដួលជាពន់ពេក ដោយបានទទួលដំណឹងអំពីមរណភាពរបស់លោកបណ្ឌិត Francisco Guterres Lú-Olo អតីតប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត (២០១៧-២០២២) កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦កន្លងទៅនេះ។ ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំ និងស្មោះសរបំផុតជូនចំពោះប្រជាជាតិ ទីម័រឡេស្តទាំងមូល។

លោកបណ្ឌិត Francisco Guterres Lú-Olo គឺជាអ្នកដឹកនាំប្រកបដោយសេចក្តីថ្លៃថ្នូរឧត្តុង្គឧត្តម និងពោរពេញដោយភាពកក់ក្តៅ ដែលជីវិតរបស់លោកបណ្ឌិត បានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងដំណើរប្រវត្តិសាស្ត្ររបស់ប្រទេសទីម័រឡេស្ត។

លោកបណ្ឌិត បានលះបង់ពេញមួយជីវិត ដើម្បីធានាសន្តិភាពជាតិ អភិវឌ្ឍមាតុភូមិ កសាងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសជិតខាង ព្រមទាំងបានជំរុញទីម័រឡេស្តចូល ជាសមាជិកសហគមន៍អាស៊ាន។ ចំណងមិត្តភាពរវាងកម្ពុជា និងទីម័រឡេស្ត បានរីកសាយយ៉ាងត្រចះត្រចង់ ក្នុងអាណត្តិរបស់លោកបណ្ឌិត ក្លាយជាដៃគូដ៏មានអត្ថន័យដែលផ្សារភ្ជាប់គ្នាដោយប្រវត្តិសាស្ត្ររួម នៃការកសាងប្រទេសឡើងវិញក្រោយជម្លោះ។ ជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ខ្ញុំដែលបានធ្វើការងារជិតស្និទ្ធ ជាមួយឯកឧត្តមបណ្ឌិត និងបានឃើញផ្ទាល់ភ្នែកនូវការមិនប្រកាន់ខ្លួន បញ្ញាញាណ ក៏ដូចជាការប្តេជ្ញាចិត្តដ៏ មុតមាំឥតងាករេចំពោះប្រជាជនរបស់លោកបណ្ឌិត។

ស្មារតីដ៏វិសេសវិសាលរបស់អតីតប្រធានាធិបតី លោកបណ្ឌិត Francisco Guterres Lú-Olo នឹងស្ថិតនៅក្នុងការចងចាំជានិច្ចដោយប្រជាជាតិទីម័រឡេស្ត។ លោកបណ្ឌិត នឹងត្រូវបាននឹករលឹកជានិច្ចដោយក្តីស្រឡាញ់ និងការគោរពដ៏ខ្ពង់ខ្ពស់បំផុតពីគ្រប់គ្នាដែលបានស្គាល់ ឬសហការការងារជាមួយឯកឧត្តម។

ទឹកចិត្ត និងសេចក្តីបួងសួងរបស់យើងខ្ញុំ គឺស្ថិតនៅជាមួយប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តជានិច្ច ជាពិសេសក្រុមគ្រួសាររបស់លោកបណ្ឌិត ក្នុងគ្រាដ៏សែនលំបាកនៃការបាត់បង់ដ៏ធំធេងនេះ។ សូមវិញ្ញាណក្ខន្ធដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តមបណ្ឌិត បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕