ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អញ្ជើញទស្សនកិច្ចនៅវិហារឥស្លាម សៀនសៀន ដែលមានអាយុកាល១,៣០០ឆ្នាំ នៅទីក្រុងក្វាងចូវ ប្រទេសចិន


ឆ្លៀតក្នុងឱកាសបំពេញទស្សនកិច្ចសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងប្រតិភូអមដំណើរ បានអញ្ជើញទស្សនកិច្ចនៅវិហារឥស្លាម សៀនសៀន (Xianxian Mosque)​ ដែលមានអាយុកាល​ ១៣០០ឆ្នាំមកហេីយ ស្ថិតនៅទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន​ នៅព្រឹក​ថ្ងៃទី​២៥​ ខែមិថុនា​ ឆ្នាំ​២០២៦។

វិហារនេះត្រូវបានគេស្គាល់ផងដែរថា វិហារឥស្លាម (Huaisheng Mosque) ត្រូវបានគេជឿថា បានកសាងឡើងក្នុងសតវត្សទី៧ នៃគ្រិស្តសករាជ អំឡុងរាជវង្សថាង ដែលធ្វើឱ្យវាក្លាយជាវិហារឥស្លាមចំណាស់ជាងគេមួយនៅប្រទេសចិន និងជាស្ថាបត្យកម្មឥស្លាមដ៏មានតម្លៃផ្នែកប្រវត្តិសាស្ត្រ និងវប្បធម៌មួយ ព្រមទាំងមានសារៈសំខាន់បំផុតមួយនៅប្រទេសចិន។ តាមឯកសារប្រវត្តិសាស្ត្រ វិហារនេះត្រូវបានសាងសង់ឡើងក្នុងសម័យរាជវង្សថាង ជាង១,៣០០ឆ្នាំមុន ហើយត្រូវបានគេជឿថាមានទំនាក់ទំនងជាមួយការមកដល់នៃសាសនាឥស្លាមនៅប្រទេសចិន។

តាមប្រវត្តិសាស្ត្ររបស់សហគមន៍មូស្លីមចិន វិហារនេះមានទំនាក់ទំនងជាមួយសាហាប៉ះដ៏ល្បីឈ្មោះម្នាក់ របស់ព្យាការីមូហាំម៉ាត់​ គឺ Sa’d ibn Abi Waqqas ដែលត្រូវបានគេជឿថា បានធ្វើដំណើរមកប្រទេសចិន ដើម្បីផ្សព្វផ្សាយសាសនាឥស្លាម។ ឈ្មោះ “Huaisheng” មានន័យថា “រំឭកដល់ព្យាការី” ដែលសំដៅដល់ការគោរព និងការចងចាំចំពោះព្យាការីមូហាំម៉ាត់ (ស.អ.វ.)។

វិហារនេះ ល្បីល្បាញដោយសារប៉មខ្ពស់មួយដែលមានឈ្មោះថា «Guangta» ឬ «ប៉មពន្លឺ» ដែលមានកម្ពស់ប្រមាណ៣៦ម៉ែត្រ។ កាលពីអតីតកាល ប៉មនេះត្រូវបានប្រើជាសញ្ញាសម្រាប់នាវាពាណិជ្ជកម្ម ដែលធ្វើដំណើរតាមផ្លូវសមុទ្រមកកាន់កំពង់ផែទីក្រុងក្វាងចូវ។ វិហារឥស្លាម Xianxian មិនត្រឹមតែជាទីកន្លែងគោរពបូជារបស់សហគមន៍មូស្លីមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជានិមិត្តរូបនៃការផ្លាស់ប្តូរវប្បធម៌ និងពាណិជ្ជកម្មរវាងប្រទេសចិន និងពិភពឥស្លាម អស់រយៈពេលជាច្រើនសតវត្សរ៍ផងដែរ៕