ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន, ប្រធានាធិបតី ស៉ី ជីនពីង កោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងប្រតិបត្តិការបោសសម្អាតឧក្រិដ្ឋកម្មអនឡាញ និងបន្ដសហការជាមួយកម្ពុជាលើការងារនេះ


ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ស៊ី ជីនពីង អគ្គលេខាធិការ នៃគណបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានសម្ដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងប្រតិបត្តិការបោសសម្អាតឧក្រិដ្ឋកម្មអនឡាញ (Online Scams) នៅក្នុងប្រទេសកម្ពុជា។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ ហ៊ុន សែន ប្រាប់អ្នកសារព័ត៌មានអំពីខ្លឹមសារនៃជំនួបនេះថា ក្រៅពីការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា លោក ស៊ី ជីនពីង ក៏បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តខ្ពស់ក្នុងការបន្ដសហការជានិច្ច ជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការងារបោសសម្អាតឧក្រិដ្ឋកម្មអនឡាញនេះ។

បើតាមលោក ជា ធីរិទ្ធ, ជាកិច្ចចាប់ផ្ដើម លោក ស៊ី ជីនពីង បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្ដេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់ ក្នុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសចិន នាឱកាសនេះ។ លោកបានហៅសម្ដេចតេជោ ហ៊ុន សែន គឺជាមិត្តចាស់ដែលបានរួមចំណែក ក្នុងការកសាងទំនាក់ទំនងមិត្តភាពកម្ពុជាចិនឲ្យរឹងមាំ ដល់ពេលបច្ចុប្បន្ននេះ។

លោក ស៊ី ជីនពីង បានលើកឡើងថា ទំនាក់ទំនងកម្ពុជា និងចិន គឺមានភាពរឹងមាំដូចជាផ្ទាំងសិលា។ លោក ស៊ី ជីនពីង ក៏បានរំលឹកអំពីដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជា កាលពីឆ្នាំ២០២៥កន្លងទៅ បានជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ ជាពិសេសគឺការអនុវត្តការកសាងនូវសហគមន៍ជោគវាសនារួមកម្ពុជា ចិន គ្រប់រដូវការក្នុងយុគសម័យថ្មី។

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអរគុណចំពោះបដិសណ្ឋារកិច្ច របស់លោក ស៊ី ជីនពីង ចំពោះសម្ដេច និងគណៈប្រតិភូ។ សម្ដេចតេជោ បានពេញចិត្តចំពោះការលើកឡើង របស់ប្រធាធិបតីចិន ជាមួយទំនាក់ទំនងកម្ពុជា និងចិន។ សម្ដេចបានលើកឡើងថា កម្ពុជា និងចិន គឺជាមិត្តដែកថែប បើទោះបីជាពិភពលោកមានការប្រែប្រួល និងអាកាសធាតុមានការប្រែប្រួលបែបណាក្តី តែមិត្តភាពរវាងកម្ពុជា ចិន មិនមានការប្រែប្រួលឡើយ។

សម្ដេចតេជោ បានលើកឡើងចំពោះមុខលោក ស៊ី ជីនពីង ទៀតថា មិត្តភាពកម្ពុជា ចិន ដែលកម្ពុជាចាត់ទុកចិន គឺជាមិត្តចាស់ មិត្តពិតប្រាកដ និងជាទីទុកចិត្តរបស់ប្រជាជនកម្ពុជា។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានជជែកគ្នាបន្ថែមទៀត ទៅលើការពង្រីកនូវកិច្ចសហប្រតិបត្តិការជាមួយគ្នា ទាំងក្របខណ្ឌសេដ្ឋកិច្ច ក្របខណ្ឌ នៃការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសគឺកម្ពុជា សម្ដេចតេជោស្នើឲ្យចិនបន្តគាំទ្រ ដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាបន្តទៀត។ សម្ដេចបានលើកឡើងថា ការកសាងហេដ្ឋាចនាសម្ព័ន្ធ ក៏ដូចជាសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា មិនអាចខ្វះបានឡើយនូវតួនាទីរបស់ចិន។

ទន្ទឹមទៅនោះភាគីទាំងពីរ ក៏បានជជែកពិភាក្សាគ្នាទាក់ទងទៅនឹងការពង្រឹងកិច្ចការនៅក្នុងក្របខណ្ឌ ពង្រឹងសន្តិសុខរវាងប្រទេសទាំងពីរ ការផ្លាស់ប្ដូរនូវព័ត៌មានគ្នា និងការផ្លាស់ប្ដូរ នៃដំណើរទស្សនកិច្ចរវាងប្រតិភូជាន់ខ្ពស់ រវាងប្រទេសទាំងពីរផងដែរ។

ជាមួយគ្នានេះ ភាគីទាំងពីរក៏ជជែកគ្នាទៅលើកិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌ នៃគណបក្សរវាងប្រទេសទាំងពីរ ដែលក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនេះ បានចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន ដែលជាផ្នែកដ៏សំខាន់ក្នុងការរុញច្រានទំនាក់ទំនង នៃកិច្ចសន្ទនានយោបាយនៅក្នុងក្របខណ្ឌបក្ស ការបណ្ដុះបណ្ដាលយុវជនរបស់បក្សរវាងប្រទេសទាំងពីរ ឲ្យកាន់តែមានភាពសកម្មបន្ថែមទៀត។

បន្ថែមពីលើនេះ ភាគីទាំងពីរក៏បានជជែកគ្នាទៅលើបញ្ហាអន្តរជាតិមួយចំនួន ដែលបានកើតឡើងនាពេលបច្ចុប្បន្ននេះ ដែលស្ថានភាពនៃការប្រែប្រួលយ៉ាងឆាប់រហ័ស តម្រូវឲ្យកម្ពុជា ចិនពួតដៃគ្នាបន្ថែមទៀត ក្នុងការសហការគ្នា និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងឆាកអន្តរជាតិ៕