ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ណែនាំផលិតករ ក៏ដូចជាសាធារណជនទូទៅ ឈ្វេងយល់ពីការចុះបញ្ជីកម្មសិទ្ធិបញ្ញា ដើម្បីការពារនូវអ្វីដែលខ្លួនបានស្រាវជ្រាវ និងបង្កើតឡើង ជៀសវាងបាត់បង់សិទ្ធិការពារលើស្នាដៃច្នៃប្រឌិត ដែលនាំឱ្យប៉ះពាល់ដល់ការធ្វើអាជីវកម្មរបស់ខ្លួន ដោយបច្ចុប្បន្ននេះ មានក្រសួងចំនួន៣ ដែលទទួលបន្ទុកលើការចុះបញ្ជីកម្មសិទ្ធិបញ្ញា។
ឯកឧត្តមរដ្ឋមន្រ្តី ហែម វណ្ណឌី លើកឡើងបែបនេះ ដោយកន្លងមកលោកសង្កេតឃើញថា ផលិតករ ម្ចាស់អាជីវកម្មមួយចំនួន មិនបានទៅចុះបញ្ជីកម្មសិទ្ធិបញ្ញា ដើម្បីការពារអ្វីដែលខ្លួនបានបង្កើតឡើង ខណៈបណ្តាក្រុមហ៊ុនខ្លះយល់មិនច្បាស់ពីការចុះបញ្ជីកម្មសិទ្ធិបញ្ញានេះ។
ឯកឧត្តមបានគូសបញ្ជាក់ថា «ការចុះបញ្ជីកម្មសិទ្ធិបញ្ញា គឺមានសារៈសំខាន់ណាស់ ព្រោះបើពុំមានការការពារទេ នោះស្នាដៃច្នៃប្រឌិត ឬការរចនារបស់យើងអាចនឹងត្រូវបានគេលួចចម្លង ឬយកទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត ដែលបណ្តាលឲ្យបាត់បង់ផលប្រយោជន៍ និងកិច្ចខិតខំប្រឹងប្រែង។ យោងតាមច្បាប់ ការចុះបញ្ជីមុន គឺទទួលបានសិទ្ធិមុន។ ក្រសួងដែលពាក់ព័ន្ធទាំងអស់ក៏បានភ្ជាប់ប្រព័ន្ធការពារកម្មសិទ្ធិបញ្ញាជាមួយប្រព័ន្ធអន្តរជាតិផងដែរ ដូច្នេះការចុះបញ្ជីនៅកម្ពុជាក៏មានការទទួលស្គាល់ក្នុងកម្រិតអន្តរជាតិមួយចំនួនផងដែរ»។
ឯកឧត្តមបានពន្យល់ថាកម្មសិទ្ធិបញ្ញា ត្រូវបានបែងចែកជាពីរផ្នែកធំៗ គឺកម្មសិទ្ធិឧស្សាហកម្ម និងកម្មសិទ្ធិអ្នកនិពន្ធ។ ដើម្បីធានាបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាព រាជរដ្ឋាភិបាលកម្ពុជាបានចាត់ចែងឲ្យមានក្រសួងចំនួនបីដែលទទួលបន្ទុកលើការងារនេះ ដោយមានជំនាញរៀងៗខ្លួន រួមមានក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា រួមនិងនវានុវត្តន៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។
ក្រសួងពាណិជ្ជកម្ម ទទួលបន្ទុកលើការងារចុះបញ្ជីម៉ាក ពាណិជ្ជនាម ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ដូចជា ស្ករត្នោតកំពង់ស្ពឺ និងម្រេចកំពតជាដើម រួមទាំងការសម្ងាត់ពាណិជ្ជកម្ម។ ម៉ាកពាណិជ្ជសញ្ញា គឺជាអត្តសញ្ញាណសំខាន់សម្រាប់ផលិតផល ឬសេវាកម្មមួយ ដើម្បីសម្គាល់ពីផលិតផល ឬសេវាកម្មដទៃទៀតនៅលើទីផ្សារ។ ការចុះបញ្ជីម៉ាកពាណិជ្ជសញ្ញា ផ្តល់នូវសិទ្ធិផ្តាច់មុខដល់ម្ចាស់ម៉ាកក្នុងការប្រើប្រាស់ និងការពារម៉ាករបស់ខ្លួនពីការក្លែងបន្លំ។ ចំណែកឯម៉ាកសម្គាល់ភូមិសាស្ត្រទំនិញវិញ គឺការពារឈ្មោះផលិតផលដែលកើតចេញពីតំបន់ភូមិសាស្ត្រជាក់លាក់មួយ និងមានគុណភាព ឬកេរ្តិ៍ឈ្មោះដោយសារប្រភពភូមិសាស្ត្រនោះ។
ដោយឡែក ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ គ្របដណ្ដប់លើកម្មសិទ្ធិបញ្ញាជាច្រើនប្រភេទទៀត ដែលទាក់ទងនឹងការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា និងការរចនា។ ក្នុងនោះរួមមាន៖ ១.ប្រកាសនីយបត្រតក្កកម្មវិញ្ញាបនបត្រ ម៉ូឌែលមានប្រយោជន៍ ,២. គំនូរឧស្សាហកម្ម (ការពាររូបរាង ការរចនា ឬសោភ័ណភាពនៃផលិតផល។ ឧទាហរណ៍ រូបរាងដបវេចខ្ចប់ ម៉ូដរថយន្ត ឬការរចនាផលិតផលផ្សេងៗ),៣. គំនូរបង្ហាញនៃសៀគ្វីបម្រុង (ការពារការរៀបចំ ឬប្លង់នៃសៀគ្វីអេឡិចត្រូនិកដែលប្រើប្រាស់ក្នុងឧបករណ៍បច្ចេកវិទ្យាទំនើប,និង៤.ការការពារពូជថ្មីនៃដំណាំ គឺសម្រាប់អ្នកដែលបានរកឃើញ ឬបង្កើតពូជដំណាំថ្មីៗ ដែលមានលក្ខណៈប្លែក បន្ទាប់ពីឆ្លងកាត់ការវាយតម្លៃពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ម្ចាស់ពូជអាចមកចុះបញ្ជីការពារនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
ចំណែកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលបន្ទុកលើការចុះបញ្ជីកម្មសិទ្ធិបញ្ញា សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល។
ឯកឧត្តមបញ្ជាក់ថា បច្ចុប្បន្ននេះ ការចុះកម្មកម្មសិទ្ធិបញ្ញាកាន់តែងាយស្រួលជាងមុន ដោយសាធារណជន និងផលិតករទាំងអស់ ចុះបញ្ជីតាមអនឡាញ។
ការយល់ដឹង និងការអនុវត្តការចុះបញ្ជីកម្មសិទ្ធិបញ្ញា មិនត្រឹមតែការពារផលប្រយោជន៍បុគ្គលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញការច្នៃប្រឌិត និងនវានុវត្តន៍នៅក្នុងប្រទេស ដែលជាកត្តាគន្លឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព៕





