ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានជំរុញដល់កងកម្លាំងប្រដាប់អាវុធ ទាំងបី និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ត្រូវអនុវត្តឲ្យខាងតែបានក្នុងការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដើមី្បកុំឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍ និងអ្នកវិនិយោគចូលមកខេត្តសៀមរាប។
ការថ្លែងយ៉ាងដូច្នេះរបស់ឯកឧត្តម លី សំរិទ្ធ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ខ្លួន ដោយមានបន្ថែមនូវរបៀបវារៈ ស្តីពីការស្នើសុំច្បាប់ឈប់សម្រាក របស់សមាជិកសមាជិការក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីលោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត និងសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត, នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត ស្នងការខេត្ត មេបញ្ជាអាវុធហត្ថខេត្ត, តំបន់ប្រតិបត្តិការសឹករងសៀមរាប និងរដ្ឋបាលក្រុង ស្រុក។
ឯកឧត្តមបានបន្តថា រដ្ឋបាលក្រុង ស្រុក ត្រូវសហការជាមួយមន្ទីរអប់រំ ដើមី្បរកឲ្យឃើញ ពីករណីនៃអត្រាសិស្សបោះបង់ការសិក្សា ព្រមទាំងត្រូវធ្វើការរៀបចំសណ្តាប់ធ្នាប់សាធារណៈ តាមដងផ្លូវ ទីប្រជុំជនសំខាន់ក្នុងក្រុងសៀមរាប ដែលមានបងប្អូនអាជីវករមួយចំនួន យកផ្លូវសាធារណៈ និងចិញ្ចើមផ្លូវដើរថ្មើរជើង ជាទីកន្លែងដាក់សម្ភារៈលក់ដូររបស់ខ្លួន ដែលធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវធ្វើដំណើរ និងខូចនូវសោភ័ណភាពក្នុងក្រុងទៀតផង។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ក៏បានផ្តល់នូវអនុសាសន៍ល្អៗមួយចំនួន ដល់ក្រុមការងារក្រុមប្រឹក្សាខេត្ត ក្នុងការចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅតាមមូលដ្ឋានក្រុង ស្រុក ដើមី្បដោះស្រាយនូវរាល់បញ្ហាទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ដែលទាក់ទងលើសេវាសាធារណៈ។ ព្រមទាំងបញ្ហាបោះបង់ការសិក្សា របស់សិស្សថ្នាក់បឋមនៅតាមមូលដ្ឋាន ដែលជាចំណោទមួយប៉ះពាល់យ៉ាង ខ្លាំង លើការបណ្តុះបណ្តាលធនធានមនុស្ស។
ឯកឧត្តមក៏បានលើកពីការងារធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋទើបគ្រប់អាយុ និងជិតផុតសុពលភាព ដែលមានភាពយឺតយ៉ាវ ដែលបង្កនូវផលលំបាកដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានមួយចំនួន សម្រាប់ប្រើបាស់ចំពោះមុខផ្ទាល់ខ្លួន និងត្រៀមលក្ខណៈសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងឆ្នាំខាងមុខនេះ។
ឯកឧត្តមបានឯកភាពរាល់លទ្ធផលដែលរដ្ឋបាលខេត្តអនុវត្តបាន ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ព្រមទាំងសូមឲ្យធ្វើការកែតម្រូវនូវរាល់សកម្មភាព លទ្ធផលការងារមួយចំនួន និងពិនិត្យអក្ខរាវិរុទ្ធឲ្យបានត្រឹមត្រូវ។ នៅតាមក្រុមនិមួយៗ របស់ក្រុមប្រឹក្សាខេត្ត រាល់សកម្មភាពរបស់ខ្លួន ត្រូវធ្វើការពិនិត្យ ពិភាក្សាគ្នាឲ្យបានស៊ីជម្រៅ ដើមី្បជាគោលដៅសម្រាប់ក្នុងការអនុវត្តបន្ត។
ឯកឧត្តម លី សំរិទ្ធ បញ្ជាក់ថា ចំពោះបណ្តាក្រុមហ៊ុនធ្វើរ៉ែ អាជ្ញាធរមូលដ្ឋាន ត្រូវចុះធ្វើការត្រួតពិនិត្យពីផលប៉ះពាល់ បរិស្ថាន សុខភាព របស់ប្រជាពលរដ្ឋក្នុងតំបន់នោះ ហើយគ្រប់ក្រុមហ៊ុនយករ៉ែ ទាំងនោះមានច្បាប់ត្រឹមត្រូវឬនៅ។ ម៉្យាងទៀត ចំពោះបញ្ហាសត្វពាហនៈ ដែលបានប្រលែងដើរអាណាធិបតេយ្យ នៅតាមដងផ្លូវដែលតែបង្កគ្រោះថ្នាក់ដល់យានយន្តគ្រប់ប្រភេទ ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាពក្រុងទេសចរណ៍។
លោក ង៉ូវ សេងកាក់ បានលើកឡើងថា រាល់ចំណុចដែលសមាជិកក្រុមប្រឹក្សាខេត្តលើកឡើង គឺជាធាតុចូលនៃសូចនាករដ៏សំខាន់ របស់ខេត្តសៀមរាប។ ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ ភ្ញៀវទេសចរណ៍ចូលមក ខេត្តសៀមរាប មានជាង១លាន ៥សែននាក់ ក្នុងនោះភ្ញៀវបរទេសបានថយចុះ ៣៣% បើធៀបទៅឆ្នាំ២០២៥។ ការថយចុះនៃភ្ញៀវទេសចរអន្តរជាតិនេះ ដោយបញ្ហាសន្តិសុខសុវត្ថិភាព នៅលើសកលលោក ហើយក៏បានធ្វើឲ្យប៉ះពាល់វិស័យឯកជន។
លោកអភិបាលរងខេត្ត បានបន្តថា វិធានការរបស់ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តក្នុងការជម្រុញលើកញ្ចប់តម្លៃជូនដល់ភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវឲ្យមានការកើនឡើង។ នៅថ្ងៃខាងមុខនេះ នឹងមានរៀបចំសិក្ខាសាលា ដើមី្បពង្រឹងនៃការទំនាក់ទំនងវិស័យទេសចរ ពីតំបន់មួយទៅតំបន់ក្នុងព្រះរាជាណាចក្រកម្ពុជា។
ជាមួយនេះ លោកបញ្ជាក់ថា ដោយខេត្តសៀមរាបជាគោលដៅរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាកម្សាន្ត គ្រប់ស្ថាប័នទាំងអស់ ត្រូវរួមគ្នាលើការងារបរិស្ថាន អនាម័យក្នុងក្រុង ស្រុក ដើមី្បលើកនូវសោភ័ណភាពខេត្តប្រវត្តិសាស្ត្រមួយនេះ ឲ្យកាន់ទាក់ទាញភ្ញៀវចូលមកកម្សាន្តផងដែរ៕















