រដ្ឋបាលខេត្តបាត់ដំបង បានត្រៀមលក្ខណៈរួចជាស្រេចហើយ ដើម្បីរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ ដែលនឹងចាប់ផ្ដើមនៅថ្ងៃចុងសប្ដាហ៍នេះ។ ជាក់ស្ដែង ក្រុមការងារបានរៀបចំរួចរាល់ ហើយនូវខ្លោងទ្វារព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើ ការហាត់សមក្បួនរ៉ឺម៉កដង្ហែផល្លានុផលទាំង១៤ក្រុង ស្រុក និងការត្រៀមសកម្មភាពកម្សាន្តសប្បាយជាច្រើនផ្សេងទៀត ដែលនឹងត្រូវលើកយកមកបង្ហាញជូន នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។
ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗជាច្រើន រួមមាន៖ លើកកម្ពស់វិស័យកសិកម្ម ជំរុញការផ្សព្វផ្សាយផ្លែឈើដែលមានគុណភាពរបស់ខេត្តបាត់ដំបង បង្កើនទីផ្សារសម្រាប់កសិករ និងជំរុញវិស័យទេសចរណ៍ សេដ្ឋកិច្ច និងវប្បធម៌ក្នុងខេត្ត។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅរយៈពេលចំនួន១០ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណខាងក្នុង និងខាងមុខអគារសារមន្ទីរប្រវត្តិសាស្ត្រខេត្តបាត់ដំបង។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានគូសបញ្ជាក់ថា គោលបំណងនៃការរៀបចំព្រឹត្តិការណ៍ផ្លែឈើនេះ គឺដើម្បីចង់បង្ហាញឱ្យប្រជាពលរដ្ឋចាប់អារម្មណ៍មកលើផ្លែឈើបាត់ដំបង បង្កលក្ខណៈឱ្យបងប្អូន ប្រជាកសិករជាអ្នកដាំដំណាំផ្លែឈើនៅក្នុងខេត្ត បាននាំយកផលិតផលរបស់ខ្លួនមកតាំងលក់ជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យបានភ្លក្សរសជាតិដ៏ឆ្ងាញ់នៃផ្លែឈើដែលដាំដុះដោយកសិករក្នុងស្រុក និងទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តបាត់ដំបងឱ្យបានកាន់តែច្រើន។
ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងមានសកម្មភាពសំខាន់ៗជាច្រើន រួមមាន៖ ពិព័រណ៍ និងលក់ផ្លែឈើប្រចាំខេត្តបាត់ដំបង, ក្បួនដង្ហែផ្លែឈើតំណាងក្រុង ស្រុកទាំង១៤, បុហ្វេទុរេន និងការភ្លក់រសជាតិផ្លែឈើបាត់ដំបង, ការតាំងបង្ហាញផលិតផលកសិកម្ម និងផលិតផលក្នុងស្រុក, កម្មវិធីសិល្បៈវប្បធម៌ និងការប្រគំតន្ត្រី, ការប្រកួតប្រជែង និងសកម្មភាពកម្សាន្តផ្សេងៗជាច្រើនទៀត។
ជាពិសេស កម្មវិធីបុហ្វេទុរេននឹងត្រូវធ្វើឡើងត្រឹមតែរយៈពេល៣ថ្ងៃប៉ុណ្ណោះ ពោលគឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋមានឱកាសទទួលទានទុរេនដ៏មានឱជារសផ្អែមឆ្ងាញ់ ដែលជាទុរេនមានប្រភពច្បាស់លាស់មកពីចំការរបស់អ្នកបាត់ដំបងផ្ទាល់១០០% ព្រមទាំងផ្លែឈើជាច្រើនមុខទៀតផងដែរ។ នេះជាឱកាសដ៏កម្រមួយសម្រាប់អ្នកចូលចិត្តទុរេន និងផ្លែឈើស្រស់ៗក្នុងស្រុក។
រដ្ឋបាលខេត្តបាត់ដំបង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ មេត្តាអញ្ជើញចូលរួមទស្សនា និងគាំទ្រព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឱ្យបានច្រើនកុះករ ព្រមទាំងសូមចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថាន ដើម្បីឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយជោគជ័យ និងឆ្លុះបញ្ចាំងពីសក្តានុពលដ៏សម្បូរបែបរបស់ខេត្តបាត់ដំបង៕




















