ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសយុវជន យុវនារី និងសិស្សានុសិស្ស ឱ្យទាញយក និងប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ No Drug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យបានទូលំទូលាយ ដើម្បីចូលរួមចំណែកក្នុងការលុបបំបាត់គ្រឿងញៀនពីសង្គមជាតិ។
ការអំពាវនាវបែបនេះរបស់ឯកឧត្តម សួន សុម៉ាលីន បានធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសលោកបានអញ្ជើញចូលរួមអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលប្រារព្ធឡើងក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត»។
ពិធីនេះ បានប្រព្រឹត្តទៅនៅសួនច្បារសម្តេចក្រឡាហោម ស ខេង ក្នុងខេត្តព្រៃវែង ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធប្រមាណ ១.៦៧៧រូប។ ការចូលរួមយ៉ាងផុសផុលនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្មារតីរួបរួមគ្នាក្នុងការចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួមរបស់សង្គមជាតិ ដែលយើងទាំងអស់គ្នាត្រូវតែចូលរួមលុបបំបាត់ និងប្រយុទ្ធប្រឆាំងស្របតាមទិសស្លោក និងទស្សនវិស័យរបស់រាជរដ្ឋាភិបាល គឺ «ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍ គ្មានគ្រឿងញៀន»។
ជាមួយគ្នានេះដែរ ឯកឧត្តម សួន សុម៉ាលីន បានលើកឡើងថា ទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ និងត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាទិវាដ៏មានសារៈសំខាន់មួយ សម្រាប់រំលឹកដល់ប្រជាពលរដ្ឋ ក៏ដូចជាបង្ហាញនូវការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលកន្លងមក។
ឯកឧត្តមបានបន្តថា សម្រាប់ឆ្នាំ២០២៦ នេះ រាជរដ្ឋាភិបាលបានកំណត់យកប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត» ក្នុងគោលបំណងធ្វើយ៉ាងណាបំផុសជាចលនាជាតិមួយ ដែលមានការចូលរួមពីគ្រប់វិស័យ ក្នុងការលើកកម្ពស់ការអប់រំអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន និងមានវិធានការម៉ឺងម៉ាត់ដាក់ខាតពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីឈានដល់ការកាត់ផ្តាច់ឫសគល់នៃបញ្ហា និងទប់ស្កាត់ការវិលត្រឡប់មកវិញនៃបញ្ហាគ្រឿងញៀន ដែលស្របទៅនឹងពាក្យស្លោក «កាត់ផ្តាច់ការវិវត្តនៃបញ្ហាគ្រឿងញៀន»។
ឯកឧត្តមអភិបាលខេត្តក៏បានគូសបញ្ជាក់ផងដែរថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវបទបញ្ជាលេខ០១ បប ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ និងបទបញ្ជាដាច់ខាតចំពោះមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីជាប់កិច្ចសន្យាតាមបណ្តាក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដែលពាក់ព័ន្ធនឹងការប្រើប្រាស់ និងបទល្មើសគ្រឿងញៀន ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង។ បទបញ្ជានេះបានទទួលការសាទរ និងគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទាំងក្នុងនិងក្រៅប្រទេស។
បន្ថែមលើសពីនេះ ឯកឧត្តម សួន សុម៉ាលីន បានសំណូមពរដល់បងប្អូនគ្រប់ស្រទាប់វ័យ គ្រប់មជ្ឈដ្ឋាន និងគ្រប់វិស័យ សូមបន្តអនុវត្តស្មារតីចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួម ដែលត្រូវចូលរួមដោះស្រាយ និងលុបបំបាត់ទាំងអស់គ្នា។ ស្របតាមខ្លឹមសារប្រធានបទនៃទិវានេះ លោកបានអំពាវនាវដល់ភាគីពាក់ព័ន្ធ និងវិស័យឯកជន សូមចូលរួមបង្ការ និងលើកកម្ពស់ការផ្សព្វផ្សាយអប់រំឱ្យបានទូលំទូលាយ ប្រកបដោយភាពទាក់ទាញ ពេញនិយម និងមានប្រសិទ្ធភាព។
ជាពិសេស យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត, លោកអភិបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជន យុវនារី សិស្សានុសិស្ស សូមទាញយក និងប្រើប្រាស់ឱ្យបានទូលំទូលាយនូវកម្មវិធីទូរស័ព្ទដៃ No Drug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ កម្មវិធីនេះគឺជាឃ្លាំងនៃចំណេះដឹង និងប្រព័ន្ធអប់រំដ៏មានវិសាលភាពមួយ សម្រាប់ទទួលបានការកម្សាន្តបែបអប់រំ ខ្លឹមសារមេរៀនសំខាន់ៗសម្រាប់ប្អូនៗក្មួយៗសិក្សាយល់ដឹង និងជាវិញ្ញាសាត្រៀមប្រឡងនានា ព័ត៌មានទាន់ហេតុការណ៍ទាំងជាតិ និងអន្តរជាតិពាក់ព័ន្ធពីបញ្ហាគ្រឿងញៀន និងដើម្បីស្វែងយល់ពីសេវាបន្សាបព្យាបាល និងស្តារនីតិសម្បទា។ ការទាញយក និងការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ No Drug គឺមានន័យថាបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា គ្រប់អង្គភាព និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបន្តអនុវត្តបទបញ្ជាលេខ០១ បប ដោយត្រូវត្រួតពិនិត្យជាប្រចាំមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ និងត្រូវមានវិធានការទាន់ពេល និងម៉ឺងម៉ាត់បំផុតចំពោះមន្ត្រីទាំងឡាយណាដែលពាក់ព័ន្ធនឹងគ្រឿងញៀន ដើម្បីលើកកម្ពស់ភាពស្អាតស្អំ និងគំរូនៃការអនុវត្តច្បាប់ ស្របតាមគោលការណ៍ «សម្អាតផ្ទះយើង» និង «សម្អាតចកចេញពីបឹង»៕


























