នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងបើកវេទិកាពិភាក្សាជាមួយសមាជិក សមាជិកាយុវជនគណបក្សខេត្តពោធិ៍សាត់ ប្រមាណ១,៣០០នាក់។
គួររំលឹកផងដែរថា កម្មវិធីវេទិកាសំណេះសំណាល និងពិភាក្សានេះ គឺជាលើកទី៣ ហើយដែលត្រូវបានរៀបចំឡើង ដោយបន្តពីបទពិសោធន៍នៃវេទិកាដែលបានចាប់ផ្ដើមតាំងពីសម័យកាលដែលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត មិនទាន់ទទួលបានការតែងតាំងជានាយករដ្ឋមន្ត្រីនៃកម្ពុជាមកម្ល៉េះ ដែលបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចចំពោះការងារយុវជនជានិច្ច។
ពិធីនេះមានការចូលរួមពី ឯកឧត្តម ខូយ រីដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់, លោកអនុប្រធានគណៈប្រចាំការ, លោកសមាជិកគណៈប្រចាំការ, លោក លោកស្រី យុវជនគណបក្សថ្នាក់កណ្តាល ព្រមទាំងសមាជិក សមាជិកាគណៈអចិន្រ្តៃយ៍គណៈកម្មាធិការខេត្ត និងសមាជិក សមាជិកាយុវជនគណបក្សគ្រប់ជាន់ថ្នាក់ទូទាំងខេត្តពោធិ៍សាត់។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះអង្គពិធីទាំងមូល។ លោកបណ្ឌិត ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានាដែលខេត្តពោធិ៍សាត់សម្រេចបាន ក្រោមការដឹកនាំរបស់ លោក ខូយ រីដា ព្រមទាំងការប្តេជ្ញាចិត្តរបស់យុវជនក្នុងមូលដ្ឋានដែលតែងតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម និងការងារបក្ស។
វេទិកាបានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ផុលផុស ដោយមានការចូលរួមផ្តល់សំណួរ មតិយោបល់ និងសំណូមពរជាច្រើនពីសំណាក់សមាជិកយុវជន។ បញ្ហាដែលត្រូវបានលើកឡើងយ៉ាងយកចិត្តទុកដាក់រួមមាន៖ ការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ, ការងារផ្តល់សេវាសុរិយោដី, ការបង្កើនប្រសិទ្ធភាពប្រតិបត្តិការបង្ក្រាបបទល្មើសបច្ចេកវិទ្យា (Scam Online), ការស្នើសុំរកដំណោះស្រាយតម្លៃស្រូវ, ក៏ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តដូចជា ផ្លូវថ្នល់ ទឹកស្អាត ការបំពាក់បង្គោលភ្លើងបំភ្លឺសាធារណៈ និងការកែលម្អសេវាគ្រប់គ្រងសំរាមនៅតាមមូលដ្ឋាន។
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងលោក ខូយ រីដា បានធ្វើការបកស្រាយ និងបំភ្លឺយ៉ាងក្បោះក្បាយលើគ្រប់សំណួរ ក្នុងការដោះស្រាយរាល់សំណូមពររបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ជាមួយគ្នានោះ ថ្នាក់ដឹកនាំទាំង២ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែង ក្នុងការការពារបូរណភាពទឹកដី ដោយឈរលើគោលការណ៍ ច្បាប់អន្តរជាតិ និងការទូត។
ថ្នាក់ដឹកនាំទាំង២ បានសង្កត់ធ្ងន់លើកិច្ចការយុទ្ធសាស្ត្រមួយចំនួន សម្រាប់យុវជនក្នុងសម័យកាលឌីជីថល ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះឧបាយកលរបស់ពួកប្រឆាំងជ្រុលនិយម ដែលប្រើប្រាស់បណ្តាញសង្គមជាឧបករណ៍វាយប្រហារ អុជអាល ញុះញង់ និងមួលបង្កាច់រាជរដ្ឋាភិបាល និងគណបក្សក្នុងគោលបំណងបង្កភាពវឹកវរ។ ក្នុងយុគសម័យដែលព័ត៌មានពិត និងក្លែងក្លាយលាយឡំគ្នា យុវជនត្រូវតែមានការវិភាគត្រិះរិះពិចារណាឱ្យបានច្បាស់លាស់។ លោកទាំង២ បានបញ្ជាក់ថាការងារអប់រំសតិអារម្មណ៍ គឺជាការងារដែលត្រូវធ្វើជាប់ជាប្រចាំដូច “ភ្លៀងរលឹម”។
ថ្នាក់ដឹកនាំទាំង២ បានជំរុញដល់យុវជនបន្តជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យជាតិ និងសូមកុំធ្វើសកម្មភាពទាំងឡាយណាដែលនាំឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ពជួរមុខ ព្រមទាំងកុំចូលរួមផ្សព្វផ្សាយព័ត៌មានភូតកុហកដែលក្រុមប្រឆាំងបង្កើតឡើងដើម្បីបំបែកបំបាក់សាមគ្គីជាតិ។
សមាជិក សមាជិកាយុវជនដែលបានចូលរួម បានចាត់ទុកថា វេទិកានេះពិតជាមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការផ្តល់ព័ត៌មានពិត ចំណេះដឹង និងបទពិសោធន៍ជាក់ស្តែង។ យុវជនបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងបានសំណូមពរឱ្យយុវជនគណបក្សថ្នាក់កណ្តាល បន្តរៀបចំវេទិកាពិភាក្សាដែលមានតម្លៃបែបនេះ នៅតាមបណ្តាខេត្តផ្សេងៗទៀត ដើម្បីបន្តពង្រឹងស្មារតីយុវជននៅទូទាំងប្រទេស៕



















































