ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានប្រគល់សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ជូនអ្នកសិក្សាក្នុងកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រង និងគ្រូបង្រៀន ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ អគារដំបូលទូកនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ យោងតាមរបាយការណ៍នៅថ្ងៃនេះ អ្នកសិក្សាជ័យលាភីដែលជាគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន បានបំពេញគ្រប់លក្ខខណ្ឌបញ្ចប់ការសិក្សាចំនួន ៦២៥នាក់ ស្រី ២១៨នាក់ ជាគ្រូបង្រៀន ៤១២នាក់ ស្រី១៨២នាក់ និងគណៈគ្រប់គ្រងសាលារៀន ចំនួន ២១៣នាក់ ស្រី៣៦នាក់។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ បានលើកឡើងថា ថ្ងៃនេះ ជាទិវាប្រកបដោយនក្ខត្តឫក្ស ដែលលោកបានចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូនជ័យលាភីនៃកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន ជំនាន់ទី១ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលជាលទ្ធផលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគម្រោង GEIP/GEIP-AF សហការី និងក្រុមការងារនៃមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នារយៈពេលកន្លងមក ក៏ដូចជា ការចូលរួម និងការតស៊ូរៀនសូត្រ ក្នុងគោលដៅអភិវឌ្ឍសមត្ថភាពរបស់លោក លោកស្រី ជាគណៈគ្រប់គ្រងសាលារៀន និងលោកគ្រូអ្នកគ្រូ ជាជ័យលាភី ចំនួន ៦២៥ នាក់ និងមានវត្តមាននាពេលនេះ។
ឯកឧត្តមបន្តថា ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណដល់អស់លោក លោកស្រីអ្នកសិក្សាដែលបាន បន្តសិក្សារហូតទទួលបានជោគជ័យនៅពេលនេះ។
ឯកឧត្តមជឿជាក់ថា ជ័យលាភីទាំងអស់នឹងយកចំណេះដឹង ទៅចូលរួមអភិវឌ្ឍសាលារៀន និងការបង្រៀនសិស្សឱ្យកាន់តែសកម្មថែមទៀត ជាពិសេស ការអនុវត្តស្តង់ដាសាលារៀនគំរូឱ្យទទួលបានជ័យ ឆ្លើយតបតាមអនុសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញវិធានការអាទិភាពចំនួន ៤ សំដៅលើកកម្ពស់គុណភាពបង្រៀន និងលទ្ធផលសិក្សារបស់សិស្ស រួមមាន៖ ទី១ ការពង្រឹងអភិបាលកិច្ច ទី២ ការពិនិត្យកែសម្រួល និងការរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣ ការយកចិត្តទុកដាក់លើសុខភាពសិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងទី៤ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ៕

























