សម្តេច ម៉ែន សំអន សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្រុងបាវិត


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារស្នាក់ការថ្មី គណបក្សប្រជាជនកម្ពុជាក្រុងបាវិត ខេត្តស្វាយរៀង សាងសង់អស់ថវិកាជាង ៥២ម៉ឺនដុល្លារ បង្ហាញពីនិមិត្តរូបថ្មីនៃការរីកចម្រើន និងសាមគ្គីភាពរបស់គណបក្សប្រជាជនកម្ពុជានៅមូលដ្ឋាន។

យោងតាមរបាយការណ៍របស់លោក លឹម សៀងហេង បានបញ្ជាក់ឱ្យដឹងថា ស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងបាវិតមានទំហំ ២៦ម៉ែត្រ X ២៤.០៦ម៉ែត្រ កម្ពស់ ២ជាន់ មានបំពាក់នូវអេក្រង់ LED បំពាក់សម្ភារការិយាល័យ​គ្រប់ប្រភេទ និងមានបំពាក់នូវគ្រឿងបំពងសម្លេងនៅសាលប្រជុំ ដែលសាងសង់លើផ្ទៃដី ១.៥០០ម៉ែត្រការ៉េ បំពាក់អំពូលសូឡា ដែលចំណាយថវិកាសាងសង់អស់ចំនួន ៤៨៣.៦៣៥ដុល្លារ និង ១៥.៧០០០.០០០រៀល ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ធុច ប្រធានក្រុមការងារគណបក្សចុះក្រុងបាវិត បានលើកឡើងថា អគារស្នាក់ការបក្សក្រុងបាវិតថ្មីនេះ ត្រូវបានសាងសង់ឡើងយ៉ាងប្រណីតដែលជាការចូលរួមបដិភាគយ៉ាងសស្រាក់សស្រាំពីសំណាក់លោក លោកស្រី ក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង លោកឧកញ៉ា ឧកញ៉ា និងសប្បុរសជននានា ដើម្បីបម្រើដល់សកម្មភាពការងារនយោបាយ និងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ថ្លែងក្នុងឱកាសដ៏វិសេសវិសាលនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងកោតសរសើរចំពោះទឹកចិត្តដ៏សប្បុរសរបស់សប្បុរសជនទាំងអស់ ដែលបានលះបង់ធនធានផ្ទាល់ខ្លួន ក្នុងការចូលរួមចំណែកកសាងសមិទ្ធផលប្រវត្តិសាស្ត្រមួយនេះ។ សម្តេចបានចាត់ទុកថា ទឹកចិត្តនិងការលះបង់ទាំងនេះ គឺជាកម្លាំងចលករដ៏រឹងមាំ ដែលមិនអាចខ្វះបាន ក្នុងការជួយជម្រុញឲ្យរចនាសម្ព័ន្ធបក្សនៅមូលដ្ឋានកាន់តែមានភាពរឹងមាំ និងមានលទ្ធភាពកាន់តែទូលំទូលាយក្នុងការបម្រើប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនោះដែរសម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងយ៉ាងច្បាស់ៗអំពីភាពចាស់ទុំខាងនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេសជាតិ ក្រោមខ្សែបន្ទាត់នយោបាយដ៏ត្រឹមត្រូវ ជាពិសេសគឺ នយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចតេជោតេជោ ហ៊ុន សែន។

សម្តេចបានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានប្រែក្លាយក្រុងបាវិតទាំងស្រុង ពីទឹកដីដែលធ្លាប់រងការបំផ្លិចបំផ្លាញដោយសារភ្លើងសង្គ្រាម និងការបែកបាក់ មកជាតំបន់អភិវឌ្ឍន៍ដ៏មានសក្តានុពល។ បច្ចុប្បន្ន ក្រុងបាវិតបានក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏រស់រវើក ដែលសម្បូរទៅដោយតំបន់សេដ្ឋកិច្ចពិសេស រោងចក្រ សហគ្រាសធំៗ និងមានសមត្ថភាពខ្ពស់ក្នុងការស្រូបទាញកម្លាំងពលកម្មរាប់ម៉ឺនកន្លែង ជូនដល់បងប្អូនប្រជាពលរដ្ឋ និងកូនចៅកសិកររបស់យើង ជួយលើកកម្ពស់ជីវភាពប្រចាំថ្ងៃ និងកាត់បន្ថយការចំណាកស្រុកយ៉ាងច្រើនសន្ធឹកសន្ធាប់»។

សម្តេច បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រែក្លាយក្រុងបាវិតទាំងស្រុង ពីទឹកដីដែលធ្លាប់រងការបំផ្លិចបំផ្លាញដោយសារភ្លើងសង្គ្រាម និងការបែកបាក់ មកជាតំបន់អភិវឌ្ឍន៍ដ៏មានសក្តានុពល។ បច្ចុប្បន្នបាវិតបានក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏រស់រវើក ដែលសម្បូរទៅដោយតំបន់សេដ្ឋកិច្ចពិសេសរោងចក្រ សហគ្រាសធំៗ និងមានសមត្ថភាពខ្ពស់ក្នុងការស្រូបទាញកម្លាំងពលកម្មរាប់ម៉ឺនកន្លែង ជូនដល់ប្រជាពលរដ្ឋ និងកូនចៅកសិករ ជួយលើកកម្ពស់ជីវភាពប្រចាំថ្ងៃ និងកាត់បន្ថយការចំណាកស្រុកយ៉ាងច្រើនសន្ធឹកសន្ធាប់។

សម្តេច ក៏បានពាំនាំនូវមតិផ្តាំផ្ញើយ៉ាងម៉ឺងម៉ាត់ដល់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់នៃក្រុងបាវិត ត្រូវរួមគ្នាបន្តថែរក្សាការពារសមិទ្ធផលអគារស្នាក់ការថ្មីនេះឲ្យបានល្អ និងត្រូវប្រើប្រាស់ទីតាំងនេះជាស្នូលក្នុងការបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់។ បន្ថែមលើនេះត្រូវបន្តខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុង យកចិត្តទុកដាក់ដោះស្រាយរាល់ទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានទាន់ពេលវេលា ព្រមទាំងចូលរួមសហការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងទូទាំងក្រុងបាវិត ឲ្យបានល្អប្រសើរ ជាពិសេស គ្រប់អង្គភាពពាក់ព័ន្ធត្រូវប្តេជ្ញារួមគ្នា បង្ក្រាបការឆបោកតាមបច្ចេកវិទ្យា (ស្គែមអនឡាញ) ដើម្បីបង្កបរិយាកាសកក់ក្តៅ និងផ្តល់ទំនុកចិត្តខ្ពស់ដល់វិនិយោគិនជាតិ និងអន្តរជាតិ ដែលមកបណ្តាក់ទុននៅក្នុងទឹកដីដ៏មានសក្តានុពលមួយនេះ ៕